en     km
en     km

អ្នកបរិស្ថាននិយមជំរុញឱ្យរដ្ឋមន្ដ្រីបរិស្ថានថ្មីគិតគូរតំបន់កោះកុងក្រៅពីកណ្ដាប់ដៃក្រុមឧកញ៉ា

Share

ការទាមទារឱ្យរដ្ឋមន្ដ្រីបរិស្ថានគិតគូរពីតំបន់កោះកុងក្រៅ នៅតែបន្ដរហូតដល់រដ្ឋមន្ដ្រីក្រសួងបរិស្ថានថ្មី ក្រោមការដឹកនាំលោក អ៊ាង សុផល្លែត ក្នុងអាណត្តិទី៧នេះ។ អ្នកបរិស្ថាននិយមនៅតែទទូចឱ្យស្ថាប័នរដ្ឋមួយនេះ បញ្ជាក់ពីតំបន់កោះកុងក្រៅ ថាមានសុវត្ថិភាពពីក្រុមឧកញ៉ាមានអំណាច។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ក្រុមចលនាមាតាធម្មជាតិបានបង្ហោះសារលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ដោយរៀបរាប់ថា ក្រសួងបរិស្ថានប្តូររដ្ឋមន្ត្រីរួចហើយ នៅឡើយកោះកុងក្រៅមិនទាន់មានអ្វីប្រែប្រួល។ ក្រុមយុវជនមាតាធម្មជាតិនេះបញ្ជាក់ថា អស់រយៈពេល៨ឆ្នាំមកហើយ ដែលក្រសួងបរិស្ថានមិនទាន់ចេញសេចក្ដីសម្រេចណាមួយដែលបញ្ជាក់ថា កោះកុងក្រៅមានសុវត្តិភាពពីក្រុមឧកញ៉ា ឬអ្នកមានអំណាចនៅឡើយ។

ក្រុមចលនាមាតាធម្មជាតិតែងតែងស្នើឱ្យរដ្ឋមន្ដ្រីក្រសួងបរិស្ថានគិតគូរឱ្យដិតដល់ពីរឿងនេះ ខណៈរដ្ឋមន្ដ្រីចាស់បានប្ដេជ្ញាចិត្តម្ដងហើយក្នុងការដាក់តំបន់កោះកុងក្រៅជាឧទ្យានជាតិ។

ទាក់ទងរឿងនេះដែរ លោក ហេង គឹមហុង ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា បាននិយាយថា ការលើកឡើងរបស់សកម្មជនបរិស្ថានសារជាថ្មីនេះ ជាការរម្លឹកដល់ក្រសួងបរិស្ថានជំរុញឱ្យស្ថាប័នរបស់ខ្លួនឆាប់សម្រេចដល់ការប្ដេជ្ញាចិត្ត ក្នុងការដាក់តំបន់កោះកុងក្រៅជាឧទ្យានសមុទ្រជាតិ។

នៅតាមបណ្ដាញសង្គមមានប្រជាពលរដ្ឋជាច្រើនបានបង្ហោះវីដេអូ ទៅលេងកម្សាន្ដនៅតំបន់កោះកុងក្រៅ ព្រមទាំងបង្ហាញពីសក្ដានុពលធនធានសមុទ្រដ៏សម្បូរបែបផងដែរ។ យ៉ាងណាលោក ហេង គឹមហុង ថារដ្ឋមន្ដ្រីថ្មី គួរមានយន្ដការជាក់លាក់គ្រប់គ្រងតំបន់នេះឱ្យប្រសើរឡើង ដើម្បីទាក់ទាញទេសចរបន្ថែមទៀត។

យ៉ាងណាវិទ្យុស្ដ្រីមិនទាន់អាចសុំការបំភ្លឺបន្ថែមពីលោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថានបានទេ ដោយលោកបានចុចបិទទូរសព្ទ។

គួរជម្រាបថា តំបន់កោះកុងក្រៅត្រូវទាំងមូលត្រូវបានប្រគល់ឱ្យលោក លី យ៉ុងផាត់ ដែលជាឧញ៉ាមួយរូប ធ្វើការអភិវឌ្ឍ តាមរយៈលិខិតលេខ៨៤៧ សជណ.ផអ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ ក្រោយការប្រគល់ឱ្យលោកឧញ៉ារូបនេះ ប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្ភជាខ្លាំងពីតំបន់ធម្មជាតិមួយនេះ ខណៈលោក លី យ៉ុងផាត់ ជាបុគ្គលមួយរូបដែលមានប្រវត្តិបញ្ហាដីធ្លីជាមួយប្រជាពលរដ្ឋនៅខេត្តកោះកុង និងខេត្តកំពង់ស្ពឺ។

តំបន់កោះកុងក្រៅកាលពីខែឧសភា ឆ្នាំ២០២៣ ត្រូវបានចលនារបស់លោក អេឡិចរាយការណ៍ថាមានកាបំផ្លាញព្រៃឈើ និងធនធានធម្មជាតិនានា។ តែយ៉ាងណា សង្គមស៊ីវិលគាំទ្ររាជរដ្ឋាភិបាល និងមន្ដ្រីក្រសួងបរិស្ថានបានតបតថា ជាការបំផ្លើស និងមានលក្ខណៈរូបភាពជានយោបាយ ដោយយកកោះកុងក្រៅ ជាអាជីពរិះគន់រាជរដ្ឋាភិបាល ដើម្បីទទួលបានជំនួយផ្សេងៗ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង