en     km
en     km

ខេត្តត្បូងឃ្មុំ៖ស្រុកមេមត់លេចវត្តមានដំណាំកាហ្វេជាថ្មីក្រោយអាក់ខានដាំតាំងពីទសវត្សរ៍៦០

Share

ភ្នំពេញ៖ ដំណាំកាហ្វេ គឺជាប្រភេទដំណាំ ដែលកំពុងមានតម្រូវការនៅក្នុងទីផ្សារមិនថានៅក្នុងប្រទេសកម្ពុជា ឬក៏ក្រៅប្រទេសនោះទេ ជាពិសេសកាហ្វេគឺមានអត្ថប្រយោជន៍សម្រាប់រាងកាយមនុស្ស។  ឆ្លើយតបតាមតម្រូវការនេះ នាពេលបច្ចុប្បន្នមន្ទីរកសិកម្មខេត្តត្បូងឃ្មុំបានដាក់គោលដៅជំរុញការដាំកាហ្វេបន្ថែម និងជួយរកទីផ្សារជូនប្រជាកសិករ ដើម្បីបញ្ចូលដំណាំប្រភេទនេះក្នុងផលិតផលឈានមុខរបស់ខេត្តផងដែរ ។

ផ្លែកាហ្វេក្នុងស្រុកមេមត់កំពុងហុចទិដ្ឋផលដល់កសិករ។រូបភាពពី ធារ៉ូ។

លោក ដុក សាវឿន ប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ ប្រាប់សិក្ខាកាមវិទ្យុស្រ្តីថា ស្រុកមេមត់ មានប្រវត្តិដាំកាហ្វេតាំងពីជំនាន់អាណានិគមនិយមបារាំងមកម្ល៉េះ ប៉ុន្តែដោយសារគ្មានទីផ្សារ ទើបប្រជាកសិករឈប់ដំាដំណាំកាហ្វេ ហើយងាកមកដាំម្រេចវិញ ព្រោះមានទីផ្សារល្អនឹងមានតម្លៃសមរម្យ។ ក៏ប៉ុន្តែបច្ចុប្បន្ននេះលោកប្រទះឃើញមាន កសិករមួយចំនួនចាប់ផ្តើមដាំដុះកាហ្វេឡើងវិញ។ ដោយមើលឃើញពីសក្តានុពលនៃដំណាំកាហ្វេនេះ និងការចាប់អារម្មណ៍ដាំឡើងវិញពីសំណាក់ប្រជាកសិករ ទើបខាងមន្ទីរកសិកម្មខេត្តកំពុងផ្តល់ការជួយគាំទ្រទាក់ទងនឹងការផ្តល់បច្ចេកទេស ក៏ដូចជាជំរុញការផ្សព្វផ្សាយ និងអាចធ្វើជាម៉ាកសញ្ញាមួយល្បីដែលជាកាហ្វេត្រូវបានគេទទួលស្គាល់ ។

លោកប្រធានការិយាល័យក្សេត្រសាស្រ្តនិងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំដើរពិនិត្យមើលសង្វាក់ផលិតកម្មរបស់ប្រជាកសិករដែលដាំដំណាំកាហ្វេ ។រូបភាពពី ធារ៉ូ។

បើតាមការគូសបញ្ជាក់បន្ថែមពីលោក ដុក សាវឿន ​ទឹកដីមេមត់ មិនត្រឹមតែផ្តល់ប្រភេទដំណាំប្លែកៗដូចជាទុរេន មង្ឃុត សាវម៉ាវ ដែលនៅតំបន់ផ្សេងទៀតលំបាកដាំនោះទេ តែពេលនេះកសិករមួយចំនួនបានដាំ កាហ្វេដែលកំពុងផ្តល់ផ្លែយ៉ាងច្រើនគួរឲ្យកត់សម្គាល់ផងដែរ។ 

គ្រប់កាហ្វេទំត្រូវបេះមកហាសថ្ងៃដើម្បីលក់ដល់អតិថជន។រូបភាពពី ធារ៉ូ។

ទាក់ទងការដាំដំណាំកាហ្វេឡើងវិញនេះ លោក ឡឹក សុខុម មានវ័យ៦៩ឆ្នាំ រស់នៅភូមិគគី ឃុំគគី ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រសាសន៍ថា ដំណាំកាហ្វេនេះលោកធ្លាប់ដាំតាំងពីឆ្នាំ១៩៧៩មកម្លេះ ប៉ុន្តែដោយសារតម្លៃនៅទីផ្សារបានធ្លាក់ចុះ លោកក៏ងាកមកដាំដំណាំម្រេចវិញ ។ លោកបន្តថា  រយៈពេលជាង៤ឆ្នាំនេះចុងក្រោយនេះ លោកចាប់ផ្តើមណាំកាហ្វេសារជាថ្មី លើផ្ទៃដី ២ ហិកតា  ដោយ១ហិកតាទទួលបានផលប្រហែលជិត ២ តោន ហើយការប្រមូលផលនោះទៀតសោត គឺរៀងរាល់ខែវិច្ឆិកា ខណៈឆ្នាំ២០២៣នេះម្ចាស់ចំការកាហ្វេរំពឹងថា និងទទួលបានផលប្រហែល ៤ តោន និងឆ្នាំបន្ទាប់ប្រហែល ៥ តោន។

លោក ឡឹក សុខុម ជាកសិករធ្លាប់ដាំកាហ្វេពីមុនក្នុងសុ្រកមេមត់នេះ។រូបភាពពី ធារ៉ូ។

កសិកររូបនេះបញ្ជាក់បន្ថែមថា បច្ចុប្បន្នកាហ្វេរបស់លោកកំពុងមានទីផ្សារល្អ គឺមានផ្សារទំនើបមួយកន្លែងចាំទទួលទិញ ដោយក្នុង ១គីឡូមានតម្លៃ១ម៉ឺនរៀល។ លោកសំណូមពរដល់មន្រ្តីជំនាញកសិកម្មជួយបណ្តាក់ទន់បន្ថែមលើដំណាំនេះ ដើម្បីឱ្យលោកអាចបង្រីកផ្ទៃដីដាំដុះបានកាន់តែច្រើនបន្ថែមទៀត៕

អត្ថបទខ្លីសរសេរដោយ ធារ៉ូ សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)៕

 

Share

ព័ត៌មានទាក់ទង

Image