en     km
en     km

កញ្ញា សី វិច្ឆិកា ចូលប្រឡូកកីឡាប្រដាល់គុនខ្មែរប្រាថ្នាលើកស្ទួយមរតដូនតាឱ្យកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ

Share

ភ្នំពេញ៖ មាននិស្ស័យនិងក្តីស្រលាញ់តាំងពីកុមារភាពលើកីឡាប្រដាល់គុនខ្មែរផង ប្រការនេះបានជំរុញទឹកចិត្តយុវតីម្នាក់មានដើមកំណើតក្នុងខេត្តកំពង់ធំឱ្យចាប់យកកីឡាប្រដាល់គុនខ្មែរនឹងធ្លាប់បានឡើងវាយប្រកួតលើសៃវៀនអន្តរជាតិផងដែរ នោះគឺ កញ្ញា សី វិច្ឆិកា កីឡាការិនីពីក្លឹប ស សី ។

ក្នុងវ័យទើបតែអាយុ ១៥ឆ្នាំ តែ វិច្ឆិកា ហាក់បានបង្ហាញភាពស្វាហាប់ពេលហ្វឹកហាត់ពេលសិក្ខាកាមវិទ្យុស្រ្តីបានចុះសម្ភាសន៍ក្នុងក្លឹប  ស សី គុនខ្មែរ របស់ឪពុកខ្លួនក្នុងខេត្តកណ្តាល។ សី វិច្ឆិកា រៀបរាប់ថា មូលហេតុដែលចូលប្រឡូកក្នុងវិស័យកីឡាប្រដាល់គុនខ្មែរនេះ ព្រោះនាងស្រលាញ់ការប្រដាល់នេះខ្លាំងណាស់ និងមានមហិច្ឆិតាចង់ក្លាយខ្លួនជាកីឡាការិនីគុនខ្មែរមួយរូបដែលខ្លាំងនិងល្បី។

កញ្ញា សី វិច្ឆិកា ហ្វឹកហាត់ជាមួយសមាជិកក្រុមក្នុងក្លឹប ស សី នៅខេត្តកណ្តាល។រូបភាពពីសំណេរ។

អ្វីដែលដុតចិត្តយុវតីសម្បុរស្រអែមលាបសក់ពណ៌ទង់ដែងរូបនេះកាន់តែខ្លាំងនោះ​ គឺរូបនាងចង់ចូលរួមចំណែកលើកស្ទួយវិស័យកីឡាគុនខ្មែរដែលជាមរតរបស់បុព្វបុរសខ្មែរឱ្យកាន់តែល្អរន្ទឺលើឆាកអន្តរជាបន្ថែមទៀត ពិសេសចង់បង្ហាញប្រាប់សាធារណជនថា ភេទជាស្រ្តីក៏អាចធ្វើបានដូចបុរសដែលពេលណាមានការតាំងចិត្ត និងយកចិត្តទុកដាក់ដោយក្តីព្យាយាម។

តាមរយៈការឆ្លងកាត់ការហ្វឹកហាត់ប្រចាំថ្ងៃនិងគិតមកទល់ពេលបច្ចុប្បន្ននេះគឺមានរយៈពេលជាងមួយឆ្នាំហើយ ​កញ្ញា សី វិច្ឆិកា បានលើកឡើងពីឧបសគ្គនិងការប្រឈមមួយចំនួនផងដែរដោយក្នុងនោះមានបញ្ហាឆាប់ហត់ និងពុំអាចទ្រាំបានយូរដូចកីឡាករជាបុរសដោយហេតុថា កាយសម្បាទាននិងកម្លាំងរវាងស្រ្តីនិងបុរសមានលក្ខណៈខុសគ្នា។ ប៉ុន្តែបញ្ហានេះ ពុំមែនជាឧបសគ្គក្នុងការរារាំងកញ្ញាយុវតីរូបនេះឡើយ ដោយនាងបង្ហាញការប្ដេជ្ញាជម្នះថា ខ្លួននឹងព្យាយាមដើម្បីឆ្ពោះទៅចំណុចជោគជ័យ ដូចជាកីឡាករប្រដាល់ផ្សេងៗទៀតដែរ។

កញ្ញា សី វិច្ឆិកា ៖«ការចាប់អាជីពមួយនេះ ខ្ញុំមិនធ្លាប់គិតថានឹងបោះបង់ចោលនោះទេ ព្រោះដើម្បីជីវភាពក្រលំបាក ហើយការមកហ្វឹកហាត់គ្មានអ្នកលើកទឹកចិត្តនោះទេ បើខ្ញុំឈប់ទៅស្រុកវិញខ្មាសគេទើបមិនហ៊ានបោះបង់ចោល»។

តែយ៉ាងណាអ្នកប្រដាល់ដែលមានដើមកំណើតមកពីខេត្តកំពង់ធំរូបនេះបន្ថែមថា បើទោះបីមិនទាន់ជោគជ័យខ្លាំងក្នុងអាជីពនេះក្តី ប៉ុន្តែនាងបានសម្រេចមួយជោគជ័យជាជំហានៗ ដោយដណ្តើមបានមេដាយសំរឹទ្ធជូនជាតិកាលពីស៊ីហ្គេមនៅកម្ពុជា។ យុវតីរូបនេះ បន្ថែមថាប្រសិនបើមានឱកាសប្រកួតនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមទៀត ប្អូននឹងប្តេជ្ញាធ្វើឱ្យបានល្អជាងនេះទៀត ដើម្បីជួយលើកស្ទួយគុនខ្មែរ ឱ្យបរទេសបានស្គាល់គុនខ្មែរកាន់តែច្បាស់។

សី វិច្ឆិកា អង្កុយផ្តល់បទសម្ភាសន៍ជូនសិក្ខាកាមវិទ្យុស្រ្តី។

ដោយឡែកលោក ស សី ដែលជាគ្រូបង្ហាត់និងរបស់ កញ្ញា សី វិច្ឆិកា បានឱ្យដឹងដែរថា កូនសិស្សរបស់លោកម្នាក់នេះ ព្យាយាមហ្វឹកហាត់បានល្អណាស់។ លោកថា  វិច្ឆិកា ប្រឹងប្រែងណាស់ ប៉ុន្តែអ្វីដែលពិបាកនោះគឺការចាប់គូប្រកួត។ លោកថា យុវតីរូបនេះជួបបញ្ហាជីវភាពទើបសម្រេចចិត្តចូលហ្វឹកហាត់ដែលចង់បានទាំងស្នាដៃនិងថវិកាផ្គត់ផ្គង់គ្រួសារ ខណៈដែល វិច្ឆិកា បានបោះបង់ការសិក្សាត្រឹមថ្នាក់ទី៦។

ក្នុងឱកាសនេះលោក ចង់ឱ្យស្ថាប័នកីឡាប្រដាល់និងតាមសៃវៀនប្រដាល់គួរបង្កើនគូកីឡាការិនីគុនខ្មែរឱ្យបានច្រើន ដើម្បីឱ្យពួកគេទទួលបានថវិកាចាយវាយនឹងជាកម្លាំងលើកទឹកចិត្តស្រ្តីៗជាកីឡាករផងដែរ។

លោក ស សី អតីតកីឡាករប្រដាល់គុនខ្មែរល្អមួយរូប និងបច្ចុប្បន្នជាគ្រូបង្វឹកនៅក្លឹប ស សី ។

លោក ស សី ៖«ការចាប់គូអត់សូវបាន បើ១ខែបានមួយប្រកួតអី ចេះតែមានកម្លាំងហ្វឹកហាត់ ប៉ុន្តែបើចាប់មិនបានទេពិបាកហើយ គាត់ក៏អស់កម្លាំងហាត់ទៀតដែរ»។

កីឡាការិនី សី វិច្ឆិកា មានស្រុកំណើតនៅស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ យុវតីរូបនេះកំពុងហ្វឹកហាត់នៅក្លឹប ស សី គុនខ្មែរ ដែលមានលោក ស សី ជាគ្រូបង្វឹក។ ក្រោយចាប់អាជីព រយៈពេលជាមួយឆ្នាំសី វិច្ឆិកា ប្រកួតបាន១៩លើក ក្នុងនោះឈ្នះ១៣ ចាញ់៥លើក ស្មើ១លើក៕

អត្ថបទខ្លីសរសេរដោយ សំណេរ សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)៕

Share

Image
Image
Image