លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃថ្មី បានឱ្យអ្នកពាក់ព័ន្ធពិចារណាសិក្សាបញ្ចុះតម្លៃនៃការធ្វើលិខិតឆ្លងដែន ខណៈនៅកម្ពុជា មានតម្លៃហាក់ខ្ពស់ជាងបណ្ដាប្រទេសជិតខាង និងក្នុងតំបន់។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
លោករដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ស សុខា បានបញ្ជាក់ថា ប្រទេសក្នុងតំបន់អាស៊ាន ដូចជា ភូមា វៀតណាម មានតម្លៃលិខិតឆ្លងដែនទាប ប្រទេសថៃ និងសិង្ហបុរីជាដើម មានតម្លៃមធ្យម ប៉ុន្ដែកម្ពុជាតម្លៃហាក់ខ្ពស់ខ្លាំង និងស្នើឲ្យអង្គភាពពាក់ព័ន្ធមេត្តាពិនិត្យពិចារណាលើករណីនេះ។ លោកលើកឡើងករណីនេះ ក្នុងពេលចូលរួមកិច្ចប្រជុំជាមួយមន្ដ្រីក្រោមឱវាទ និងចំណុះស្ថាប័នក្រសួងមហាផ្ទៃ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣នេះ។
តម្លៃលិខិតឆ្លងដែនដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់តម្លៃ១០០ដុល្លា សម្រាប់រយៈពេល១៥ថ្ងៃទើបអាចទទួលបាន។ ប្រសិនបើប្រជាពលរដ្ឋត្រូវការលឿន សេវាកម្មរហ័សមធ្យមមានតម្លៃ១៥០ដុល្លា រយៈពេល៧ថ្ងៃ និងសេវាកម្មរហ័សតម្លៃ២០០ដុល្លា រយៈពេល១ថ្ងៃអាចទទួលយកបាន។
ចំណែកអាយុក្រោម៦ឆ្នាំ មានសុពលភាព៥ឆ្នាំ សេវាធម្មតា តម្លៃ ៨០$ រយៈពេល ១៥ថ្ងៃនៃថ្ងៃធ្វើការ សេវាឆាប់រហ័សកម្រិតមធ្យម តម្លៃ ១២០$ រយៈពេល៧ថ្ងៃ ចំណែកសេវាឆាប់រហ័ស តម្លៃ ១៦០$ រយៈពេល១ថ្ងៃនៃថ្ងៃធ្វើការ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមធ្លាប់បានលើកឡើងថា ដោយសារតម្លៃធ្វើលិខិតឆ្លងដែនមានតម្លៃថ្លៃពេក ធ្វើឱ្យប្រជាពលរដ្ឋសម្រេចចិត្តធ្វើចំណាកស្រុកទៅធ្វើការប្រទេសជិតខាង ដោយខុសច្បាប់។ គួរបញ្ជាក់ថាប្រទេសជិតខាងកម្ពុជា មានប្រទេសថៃ តម្លៃធ្វើលិខិតឆ្លងដែនតម្លៃ ៣០ដុល្លា ប្រទេសឡាវ មានតម្លៃ៣៥ដុល្លា ខណៈប្រទេសវៀតណាមមានតម្លៃតែ១២ដុល្លាប៉ុណ្ណោះ ។
ទោះយ៉ាងណាតម្លៃលិខិតឆ្លងដែនកម្ពុជា នៅមានសេវាបន្ថែមផងដែរ បើប្រជាពលរដ្ឋចង់បានការត់ការឯកសារលឿន ឬមានអ្នកជួយបំបេញព័ត៌មានឱ្យនោះ។ អ្នកស្រាវជ្រាវការអភិវឌ្ឍតែងតែលើកឡើងបញ្ហានេះ ដោយជម្រុញឱ្យរាជរដ្ឋាភិបាលគិតគូរ និងលុបបំបាត់ត្រង់ចំណុចនេះផងដែរ៕