ភ្នំពេញ៖ មានទស្សនៈយល់ឃើញខុសៗគ្នាពីអ្នកជំនាញមួយចំនួន ជុំវិញការលើកឡើងរបស់លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលដែលទើបឡើងកាន់តំណែង ដោយប្ដេជ្ញាកែលម្អវិជ្ជាជីវៈ និងក្រមសីលធម៌គ្រូពេទ្យនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរ។ ម្ខាងយល់ថាមន្ត្រីថ្មីៗជំនាន់ក្រោយសុទ្ធតែមានសមត្ថភាព ឯម្ខាងទៀតយល់ថាបញ្ហាវីជ្ជាជីវៈគ្រូពេទ្យជារឿងរ៉ាវចាក់ស្រេះដែលពិការនឹងកែលម្អ។
កញ្ញា គុជ ស៊ីកុល ជូននូវសេចក្តីរាយការណ៍
ថ្មីៗនេះអំឡុងពេលចុះ ពិនិត្យស្ថានភាពមូលដ្ឋានសុខាភិបាល នៅតាមបណ្ដាខេត្ដជុំវិញបឹងទន្លេសាប លោក ឈាង រ៉ា រដ្ឋមន្ត្រីថ្មីនៃក្រសួងសុខាភិបាលត្រូវបានសារព័ត៌មានជាច្រើនបានផ្សព្វផ្សាយពីការប្តេជ្ញារបស់លោកក្នុងការពង្រឹងចំណុចមួយចំនួនក្នុងវិស័យសុខាភិបាល។ ក្នុងនោះរដ្ឋមន្ត្រីក្រសួងសុខាភិបាលថ្មីរូបនេះ មើលឃើញថាវិស័យសុខាភិបាលហាក់មានការរីកចម្រើនហើយ។ ក៏ប៉ុន្តែទាក់ទងទៅនឹងក្រមសីលធម៌វិជ្ជាជីវៈ គឺលោកនៅតែចង់ពង្រឹងបន្ថែមដោយធ្វើយ៉ាងណាជំរុញ ឱ្យគ្រូពេទ្យមានសីលធម៌កាន់តែល្អ ទាំងអកប្បកិរិយា និងការនិយាយស្ដីជាមួយអ្នកជំងឺត្រូវ មានវិជ្ជាជីវៈក្នុងនាមជាគ្រូពេទ្យ និងប្រកបដោយចិត្តសាស្ត្រ ។ គោលបំណងនៃការប្តេជ្ញាចិត្តរបស់លោកគឺធ្វើយ៉ាងណាឱ្យពលរដ្ឋ មានទំនុកចិត្ត ទៅលើសេវាសុខាភិបាលសាធារណៈ រួមទាំងឯកជន។
លោក ឈាង រ៉ា រដ្ឋមន្ត្រីថ្មីនៃក្រសួងសុខាភិបាល ចុះ ពិនិត្យស្ថានភាពមូលដ្ឋានសុខាភិបាល។រូបភាព៖ ក្រសួងសុខាភិបាល
ជុំវិញការលើកឡើងនេះ អ្នកជំនាញមួយចំនួនមានការយល់ឃើញប្លែកពីគ្នា ដោយអ្នកជំនាញខ្លះយល់ថាផែនការមួយនេះសម្រេចបានជោគជ័យ និងមួយចំនួនទៀតហាក់មិនមានក្តីរំពឹងទុកថានឹងសម្រេចបានទេ ដោយអ្នកជំនាញទាំអនោះ សំអាងលើហេតុផលនិងការមើលឃើញពីស្ថានភាពសង្គម។
ក្នុងនោះ លោក គួច ម៉េងលី ស្ថាបនិកនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាអ្នកចែករំលែកទាក់ទងទៅនឹងការថែទាំសុខភាព និងតែងនិយាយលើបញ្ហាក្រមសីលធម៌វិទ្យាជីវៈគ្រូពេទ្យផងនោះ បានបង្ហាញទំនុកចិត្តទាំងស្រុងទៅលើការដឹកនាំរបស់រដ្ឋមន្រ្តីថ្មីរូបនេះ។ ហេតុដែលធ្វើឱ្យ លោក មានជំនឿចិត្តនេះព្រោះលោកអះអាងថា អ្នកមានតួនាទីនៅក្នុងជួររដ្ឋាភិបាលនៅអណត្តិទី៧នេះ សុទ្ធសឹងតែជាបុគ្គលមានសមត្ថភាព និងមានផ្នត់គំនិតចង់អភិវឌ្ឍសង្គម ដោយបំពេញនូវរាល់ចំណុចអវិជ្ជមាន។
លោក គួច ម៉េងលី ស្ថាបនិកនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន
សម្លេង លោក គួច ម៉េងលី៖ «អីចឹងការប្តេជ្ញាចិត្តទៅលើការកែទម្រង់ នៃសេវាកម្មប្រទេសខ្មែរទាំងវិស័យសុខាភិបាល ទាំងវិស័យអប់រំ ឬខាងអីទេ គឺក្នុងគោលបំណងមួយគឺពន្លឿនការលូតលាស់សេដ្ឋកិច្ច និងការលូតលាស់នៅប្រទេសខ្មែរយើង ដូច្នេះហើយខាងវិស័យសុខាភិបាលក៏ដូចគ្នាដែរ ដូច្នេះហើយខ្ញុំជឿជាក់ថានឹងអាចទៅរួចពីព្រោះអីសព្វថ្ងៃនេះវិស័យសុខាភិបាលគឺកំពុងអភិវឌ្ឍទៅស្រាប់ហើយទាំងជំនាញ វិជ្ជាជីវៈគឺខ្ពស់ល្អប៉ុន្តែយើងខ្វះតែក្រមសីលធម៌បន្តិចបន្តួច»
ដោយឡែកចំពោះ លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាជន ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ហាក់មិនអាចធ្វើសេចក្តីសនិ្នដ្ឋានណាមួយបានទេ ដោយលោកអះអាងថា កន្លងមកមានការលើកឡើងពីក្រសួងសុខាភិបាលដោយពង្រឹងលើក្រមសីលធម៌គ្រូពេទ្យជាច្រើនដងមកហើយដែរ ប៉ុន្តែលោកហាក់មិនមានការកត់សម្គាល់ឃើញថាមានភាពល្អប្រសើរគ្រប់គ្រាន់នៅឡើយ។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាជន ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព
សម្លេង លោក យ៉ង់ គីមអេង៖«ខ្ញុំតែងតែឃើញរដ្ឋមន្ត្រីគាត់ឡើងថ្មីមកគាត់ប្ដេជ្ញាគ្រប់តែគ្នាចឹងដែរបាទ ប៉ុន្តែផ្ទុយទៅវិញការប្ដេជ្ញាគ្រាន់តែការប្ដេជ្ញាអត់ឃើញប្រែប្រួលអីធំដំហើយ ទេប្រែប្រួលៗតែអគារៗព្យាបាលអីណាណី មានអគារអីធំ មានអគារអីចឹងទៅបាទ ប៉ុន្តែប្រសិទ្ធិភាពនៃការព្យាបាលយើងឃើញនៅតែមានបញ្ហាដដែល។ អញ្ចឹងហើយដែលខ្ញុំគ្រាន់តែចង់នៅតាមដានមើលថាតើដំណើរការនៃការប្ដេជ្ញាចិត្តហ្នឹងអាចកើតមានទៅបានទេបាទ។ ហើយរឿងសំខាន់ដែលខ្ញុំមើលទៅថា ឥលូវយើងពិចារណាមើលទៅថា បើសិនជាយើងមើលថាអ្នកដែលធំៗ មន្ត្រីជាន់ខ្ពស់ មន្ត្រីដែលក្រសួងសុខាភិបាលដែលជាថ្នាក់ដឹកនាំហ្នឹងនៅតែចេញទៅព្យាបាលជម្ងឺនៅក្រៅប្រទេសដដែល បានន័យថាបញ្ហារឿងសេវាសុខាភិបាលរបស់យើងនេះនៅតែមានបញ្ហាចឹងបាទ។ ចឹងខ្ញុំថាជុំវិញការប្ដេជ្ញាចិត្ត ខ្ញុំចង់ឃើញសកម្មភាពជាក់លាក់ ដែលត្រូវបានចាត់វិធានការ»
ចំណុចនេះផងដែរ លោក គួច ម៉េងលី បែរជាមើលឃើញខុសពីលោក យ៉ង គីមអេង ដោយលោកគួច ម៉េងលី គូសបញ្ជាក់ថា បច្ចប្បន្ន វិស័យសុខាភិបាលមានការផ្លាស់ប្តូរច្រើន បើធៀបនឹងឆ្នាំកន្លងមក។ ក្នុងនោះលោកសង្កត់ធ្ងន់ទៅលើក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យគឺមានភាពល្អប្រសើរ ដែលនេះជាចំណុចមួយបង្ហាញថាមានការយកចិត្តទុកដាក់ខ្ពស់ពីក្រសួងសុខាភិបាលទៅលើសុខទុក្ខប្រជាពលរដ្ឋ។
សម្លេង គួច ម៉េងលី៖«ជាក់ស្ដែងគឺឃើញថាមានការកែប្រែច្រើន ជាពិសេសក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះយើងឃើញថា គ្រូពេទ្យមានការកែប្រែឥរិយាបថ ពាក្យសម្ដី វិជ្ជាជីវៈ ក្រមសីលធម៌របស់គាត់ហ្នឹង បានច្រើនជាងមុខច្រើន ដែលកត់សម្គាល់ ហើយប្រជាពលរដ្ឋទទួលបានភាពកក់ក្ដៅ ហើយគ្រូពេទ្យក៏គាត់មិនហ៊ានធ្វើអីខុសធ្ងន់ធ្ងរ គំរោះគំរើយដែរពីព្រោះអាហ្នឹងវាជាការខាតបង់របស់ពួកគាត់ទៅវិញទេ ព្រោះប្រជាពលរដ្ឋក៏គាត់យល់ដឹង ហើយក្រុមគ្រូពេទ្យក៏គាត់យល់ដឹង»។
ដោយឃើញពីការប្តេជ្ញាយ៉ាងមោះមុតបែបនេះរបស់រដ្ឋមន្ត្រីថ្មី លោកយ៉ង់ គឹមអេង រំពឹងថា ការកែលម្អដ៏ចាំបាច់លើវិស័យសុខាភិបាលនេះ នឹងទទួលបានការចូលរួមពីមន្ត្រីគ្រប់ជាន់ថ្នាក់ បើទោះបីជាកន្លងមកលោកសង្កេតឃើញមានភាពអសកម្មជាច្រើនក្ដី។
សម្លេង លោក យ៉ង់ គីមអេង៖«យើងនៅតែឃើញមាន..ប្រជាជនអីមកព្យាបាលអីជួនកាលមិនទទួលគ្នា ជួនកាលក៏ទារលុយមុនព្យាបាលអីចឹងដែរបាទ។ ហើយក៏ការត្អូញត្អែរពីសីលធម៌គ្រូពេទ្យអីជាដើម។ ចំពោះខ្ញុំៗមិនទាន់មានការធ្វើការសន្និដ្ឋានយ៉ាងណាទេចំពោះការប្ដេជ្ញាចិត្តរបស់ឯកឧត្តមរដ្ឋមន្ត្រី ខ្ញុំសូម ខ្ញុំនឹងតាមដានមើលការប្ដេជ្ញារបស់លោកដែរថាអាចនឹងក្លាយជាការពិតទេបាទ។ ខ្ញុំគ្រាន់តែមានការសង្ឃឹមថាលោកនឹងប្រឹងប្រែងធ្វើឱ្យវាក្លាយជាការពិតតាមការសន្យាទៅចុះ»។
បន្ទាប់ពីក្លាយជារដ្ឋមន្រ្តីសុខាភិបាលថ្មីក្នុងអាណត្តិទី៧នេះ លោក ឈាង រ៉ា ឱ្យដឹងថាក្រសួងនឹងអនុវត្តវិធានការសកម្មភាពចំនួន៣ ដើម្បីសម្រេចបាននូវលទ្ធផលជោគជ័យនៃការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ។ ក្នុងនោះរួមមាន ពង្រឹងមណ្ឌលសុខភាព បំពាក់សម្ភារៈបរិក្ខារបន្ថែម រួមទាំងការផ្គត់ផ្គង់ឱសថ ពង្រឹងសមត្ថភាព បុគ្គលិក ដើម្បីធានាការផ្តល់សេវា២៤ម៉ោង និង ពង្រឹងគុណភាព សុវត្ថិភាព និងសមធម៌ នៃសេវាទាំងនៅមន្ទីរពេទ្យបង្អែកស្រុក ខេត្ត និងមន្ទីរពេទ្យជាតិ ព្រមទាំងនិយ័តកម្មសេវាឯកជនឱ្យកាន់តែប្រសើរឡើង និងត្រូវយកសេវាឯកជនជាដៃគូនឹងសេវាសាធារណៈ។ មួយទឿតនោះគឺពង្រឹងស្ថាប័នតាមរយៈការបណ្តុះបណ្តាលជាបន្តបន្ទាប់លើភាពជាអ្នកដឹកនាំ ជំនាញដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់៕