en     km
en     km

ក្រសួងអប់រំចាត់វិធានការថ្មីដល់គរុនិស្សិតកែវ សុវណ្ណឫទ្ធិ តែបញ្ហានៅមិនទាន់ដោះស្រាយបានដដែល

Share

បន្ទាប់ពីជួបវិទ្យាស្ថានជាតិអប់រំកាយតែមិនទទួលបានយុត្តិធម៌សម្រាប់ខ្លួន គរុនិស្សិតកែវ សុវណ្ណឬទ្ធិ បានចេញតវ៉ាសារជាថ្មីនៅព្រឹកថ្ងៃចន្ទនេះ។ ទន្ទឹមគ្នា តំណាងក្រសួងអប់រំបានហៅលោកចូលជួបនៅក្នុងក្រសួងតែម្ដង តែយ៉ាងណាដំណោះស្រាយនៅតែមិនទាន់រកផ្លូវដើរចេញនោះទេ ខណៈគរុនិស្សិតរូបនេះមិនអាចទទួលយកបាននូវវិធានថ្មីការរបស់ក្រសួងអប់រំ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

លោក កែវ សុវណ្ណឫទ្ធិ នៅព្រឹកថ្ងៃ ចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានមកបន្ដសកម្មភាពឈរតវ៉ាដោយសន្ដិវិធីរបស់ខ្លួននៅមុខក្រសួងអប់រំ យុវជន និងកីឡាដដែល។ ក្រោយឈរតវ៉ា ដោយមានការសង្កេតមើលពីមហាជនធ្វើដំណើរតាមដងវិថី នរោត្តម បានមួយសន្ទុះ អាជ្ញាធរបានមកនិយាយជាមួយក្រុមលោក។ ដោយមានសម្ដីធ្ងន់ចុះឡើង តំណាងមកពីក្រសួងអប់រំ យុវជន និងកីឡា បានចេញមក និងហៅលោក កែវ សុវណ្ណឫទ្ធិ ចូលជួបដើម្បីជជែកគ្នា។

រយៈពេលប្រមាណជាង20នាទី ក្រោយពីលោកបានចូលតទល់ជាមួយតំណាងក្រសួងអប់រំ រួមទាំងមានសមត្ថកិច្ចម្នាក់ចូលរួមផង លោកក៏បានចេញមកវិញ តែសមត្ថកិច្ចបានកញ្ឆក់បដាតវ៉ារបស់លោកលែងឱ្យកាន់បន្ដទៀត។ ផ្អែកតាមសម្ដីជនរងគ្រោះក្នុងការសិក្សារូបនេះ ក្រសួងអប់រំបានចរចារជាមួយលោក ដោយផ្ដល់លក្ខខណ្ឌ២ ជាថ្នូរក្នុងរឿងនេះ។  ទី១ ផ្ដល់អាហារូបករណ៍ឱ្យលោកសិក្សានៅសាកលវិទ្យាល័យដោយឥតគិតថ្លៃដដែលដូចគ្នានិងនាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងទី២ ឱ្យលោកធ្វើជាមន្ដ្រីកិច្ចសន្យានៅតាមស្ថាប័នរដ្ឋណាមួយ។

លោក កែវ សុវណ្ណរា ត្រូវជាបងប្រុសបង្កើតលោក កែវ សុវណ្ណឫទ្ធិ ដែលជូនប្អូនមកធ្វើការតវ៉ាដែរនោះបាននិយាយថា លោកមកនេះ ដើម្បីតវ៉ារឿងគរុនិស្សិត៣នាក់ផ្សេងទៀត ដែលខុសលក្ខខណ្ឌអាយុ តែក្រសួងឱ្យបន្ដការសិក្សាជាគរុនិស្សិតឯកទេសអប់រំកាយដដែល។ លោកបញ្ជាក់ថា ក្រសួងអប់រំតែងតែគេចវេសពេលឮសំណួរទាក់ទងករណីនេះ។

គិតទាំងជំនួបនៅព្រឹកនេះ ស្ថាប័នពាក់ព័ន្ធវិស័យអប់រំបានអន្ដរាគមន៍ ករណីអតីតគរុនិស្សិត កែវ សុវណ្ណឫទ្ធិ ៣លើកមកហើយ។ ខណៈលើកដំបូង កាលពីខែកក្កដា ឆ្នាំ២០២៣ ក្រសួងអប់រំបានបកស្រាយផ្ទាល់ថា ការបញ្ឈប់អតីតគរុនិស្សិតរូបនេះ គឺដោយសាររកឃើញលោកខុសនឹងលក្ខខណ្ឌនៃការជ្រើសរើស និងបន្លំឯកសារ។ ចំណែកលើកទី២ គឺនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ លោក កែវ សុវណ្ណឫទ្ធិ បានទៅជួបជាមួយនាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដើម្បីការជជែកគ្នាដែរ។ តែលោកបាននិយាយថា ជំនួបនោះគឺជាការគំរាមកំហែង ដោយឲ្យលោកទទួលយកតាមការចង់បានរបស់វិទ្យាស្ថាន និងគំរាមដល់ឱពុករបស់លោក ដែលជាគ្រូបង្រៀនផងដែរ។

លោកស្រី អ៊ុក ឆាយាវី ប្រធានសមាគមន៍គ្រូបង្រៀនឯករាជ្យ ធ្លាប់បានស្នើឱ្យក្រសួងអប់រំទទួលយកគរុនិស្សិតរូបនេះ និងអ្នកត្រូវបានលុបឈ្មោះចេញ១១នាក់ផ្សេងទៀតបន្ដការសិក្សាវិញ  ព្រោះពួកគេមិនបានធ្វើអ្វីឱ្យប៉ះពាល់សង្គមនោះទេ។

តាមរយៈការផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុស្ដ្រីព្រឹកមិញ លោក កែវ សុវណ្ណឫទ្ធិថានឹងបន្ដសកម្មភាពតវ៉ាតទៅទៀត ព្រោះដំណោះស្រាយដែលក្រសួងចាត់វិធានការមិនទាន់អាចទទួលយកបាននោះទេ ខណៈលោកបានចំណាយពេលវេលារៀនសូត្រអស់រយៈពេល១២ឆ្នាំមកហើយ និងព្យាយាមប្រឡងរហូតបានចូលក្របខណ្ឌមន្ដ្រីរាជការបែបនេះ៕

Share

ព័ត៌មានទាក់ទង

Image