en     km
en     km

ជំនួបរវាងអ្នកកាសែតនិងក្រសួងបរិស្ថានលើកយកគន្លឹះដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុមកជជែក

Share

ភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រសួងបរិស្ថានបានរៀបចំសិក្ខាសាលាស្តីពីការបង្កើតបណ្តាញអ្នកជំនាញផ្សព្វផ្សាយព័ត៌មានព័ត៌មានស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងរវាងអ្នកសារព័ត៌មាននិងមន្រ្តីបរិស្ថានមកជជែកពីបញ្ហាការប្រែប្រួលអាកាសធាតុឈានទៅរកដំណោះស្រាយសមរម្យ។

សិក្ខាសាលាដែលរៀបចំនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញនេះ ក៏មានកម្មវិធីបង្កើនការយល់ដឹងដល់អ្នកសារព័ត៌មានដើម្បីរាយការណ៍ព័ត៌មានកាន់តែច្បាស់លាស់និងស៊ីជម្រៅផ្សព្វផ្សាយទៅដល់សាធារណជននិងវិស័យព័ត៌មានកាន់តែល្អប្រសើរ។  ជាងនេះទៀត ការធ្វើសេចក្តីរាយការណ៍កាន់តែទូលាយនិងត្រឹមត្រូវច្បាស់លាស់នឹងជួយជំរុញការឆ្លើយតបពីរាជរដ្ឋាភិបាលជុំវិញបញ្ហាការប្រែប្រួលអាកាសធាតុឈានទៅរកដំណោះស្រាយទាន់ពេលដល់ធារណជន។

លោក ភាវ សុវទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា ប្រទេសកម្ពុជាស្ថិតក្នុងប្រទេសមួយដែលងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុក្នុងនោះមានគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់ព្យុះ។ ដូច្នេះតាមរយៈអង្គសិក្ខាសាលាស្តីពីការប្រែប្រួលអាកាសធាតុនេះ លោក ភាវ​ សុវទ្ធី រំពឹងថា នឹងក្លាយជាវេទិកាជំរុញទៅកាន់អ្នកសារព័ត៌មានអាចកសាងបណ្តាញអ្នកសារព័ត៌មានស្តីពីការប្រែប្រួលអាកាសធាតុដើម្បីចែករំលែកព័ត៌មានទៅកាន់សហគមន៍បានយល់ដឹងកាន់តែល្អប្រសើរ។

លោក ភាវ សុវទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។

ជុំវិញបញ្ហានេះលោក សុទ្ធ គឹមកុលមុនី ប្រធាននាយកដ្ឋានផែនការការស្រាវជ្រាវនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា បញ្ហាគ្រោះមហន្តរាយដែលកើតចេញពីការប្រែប្រួលអាកាសធាតុគឺបានបង្កផលប៉ះពាល់ដល់អាយុជីវិតមនុស្ស ខូចខាតហេដ្ឋារចនាសម្ព័ន្ធ ពិសេសបង្កផលប៉ះពាល់ដល់ខឿនសេដ្ឋកិច្ចជាតិដែលធ្វើឱ្យរំខានដល់កិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ។ ដូច្នេះដើម្បីចូលរួមកាត់បន្ថយបញ្ហាគ្រោះមហន្តរាយដែលកើតចេញពីបញ្ហាប្រែប្រួលអាកាសធាតុនេះលោក គឹមកុលមុនី ជំរុញដល់ស្ថាប័នព័ត៌មានត្រូវចូលរួមឱ្យសកម្មនូវការផ្សព្វផ្សាយព័ត៌មានពីបញ្ហាការប្រែប្រួលអាកាសធាតុកាន់តែស៊ីជម្រៅ ដើម្បីឱ្យ សាធារណជនអាចមានលទ្ធភាពបន្សុំាំខ្លួន បង្កើនភាពធន់ជាមួយការបំរែបម្រួលអាកាសធាតុនាពេលអនាគត។

លោក សុទ្ធ គឹមកុលមុនី ប្រធាននាយកដ្ឋានផែនការការស្រាវជ្រាវនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ទាក់ទងរឿងនេះដែរ អ្នកស្រី ឡុង គីមម៉ារីតា អ្នករាយការណ៍ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍លើកឡើងថាសិក្ខាសាលាផ្សាភ្ជាប់រវាងអ្នកកាសែតនិងក្រសួងបរិស្ថាន គឺជារឿងសំខាន់ ដែលអាចឱ្យអ្នកសារព័ត៌មាន ទទួលបានចំណេះដឹងកាន់តែទូលាយ និងច្បាស់លាស់ជុំវិញការប្រែប្រួលអាកាសអាធាតុ ស្របពេលបញ្ហាការប្រែប្រួលអាកាសធាតុ កំពុងតែជាបញ្ហាប្រឈមសម្រាប់មនុស្សគ្រប់គ្នា។ ស្រ្តីអ្នកសារព័ត៌មានភ្នំពេញប៉ុស្តិ៍យល់ថា នៅពេលអ្នកសារព័ត៌មានមានចំណេះដឹងកាន់តែច្បាស់ នោះការធ្វើសេចក្តីរាយការណ៍ទៅកាន់សាធារណជននឹងកាន់តែច្បាស់លាស់ជាទន់ឱ្យប្រជាពលរដ្ឋអាចមានលទ្ធភាពទប់ទល់នឹងការបំរែបម្រួលអាកាសធាតុ ដែលអាចកាត់បន្ថយផលប៉ះពាល់ធ្ងន់ធ្ងរពេលមានគ្រោះមហន្តរាយកើតឡើង។ ជាងនេះ អ្នកសារព័ត៌មានក៏អាចចែករំលែកបានទូលាយចំពោះផែនការ និងគោលនយោបាយនានារបស់រដ្ឋាភិបាលទៅកាន់សាធារណជន ជាពិសេសវិធានការណាមួយដែលអាចជួយបានទាន់ពេលវេលាដល់ជនរងគ្រោះ។

អ្នកស្រី ឡុង គីមម៉ារីតា អ្នករាយការណ៍ព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍។

អ្នកស្រី ឡុង គីមម៉ារីតា ៖«ជារួម ដោយសារតែខ្ញុំ ជាអ្នកសារព័ត៌មាន កន្លងខ្ញុំ តែងតែធ្វើសេចក្តីរាយការណ៍ពីបញ្ហាការប្រែប្រួលអាកាសរនៅក្នុងប្រទេស ហើយបន្ថែមពីការទទួលបានចំណេះដឹងបន្ថែម និងថ្មីៗនេះ ខ្ញុំ នឹងបន្តរាយការណ៍ជុំវិញចំណេះដឹង វិធានការ និងការទប់ស្កាត់ពីការប្រែប្រួលអាកាសធាតុ។ បន្ថែមពីនេះ ខ្ញុំ ក៏នឹងរាយការណ៍ពីបញ្ហាប្រឈមរបស់ពលរដ្ឋដែលកំពុងប្រឈមនឹងការប្រែប្រួលអាកាសធាតុ ដើម្បីឱ្យថ្នាក់ដឹកនាំ បានដាក់បញ្ចូលក្នុងគោលនយោបាលជាតិ ដើម្បីរួមគ្នាដោះស្រាយ។ ខ្ញុំ ក៏នឹងបន្តផ្សព្វផ្សាយពីគោលនយោបាយ និងការអនុវត្តតាមគោលនយោបាយទាំងនោះ ឱ្យមានប្រសិទ្ធភាពផងដែរ។»

សិក្ខាសាលាស្តីពីការបង្កើតបណ្តាញអ្នកជំនាញផ្សព្វផ្សាយព័ត៌មានព័ត៌មានស្តីពីការប្រែប្រួលអាកាសធាតុ។

បើតាមអនុរដ្ឋលេខាធិការ ការប្រែប្រួលអាកាសធាតុនឹងអាចកាត់បន្ថយផលិតផលក្នុងស្រុកសរុបចំនួន២,៥%នៅឆ្នាំ២០៣០ និងកើនរហូតដល់៩,៨%ក្នុងឆ្នាំ២០៥០។ចំពោះមុខបញ្ហានេះ ក្រសួងបរិស្ថានកំពុងផ្តល់អាទិភាពលើការកសាងភាពធន់ក្នុងវិស័យសេដ្ឋកិច្ចនិងសង្គម ដើម្បីកាត់បន្ថយនូវផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលអាកាសធាតុលើសុខភាព ហេដ្ឋារចនាសម្ព័ន្ធនិងផលិតផលកសិកម្មជាដើម៕

 

Share

Image
Image
Image