en     km
en     km

លោក កែវ សុវណ្ណឫទ្ធិ ៖ ជំនួបខ្ញុំ​ជាមួយ​វិទ្យាស្ថានជាតិ​អប់រំកាយជា​ជំនួបគំរាម​កំហែង​បំបាក់ស្មារតី

Share

លោក កែវ សុវណ្ណឬទ្ធិ អតីតគរុនិស្សិត១២+៤ ឯកទេសអប់រំកាយ និងកីឡា ដែលក្រសួងអប់រំ យុវជន និងកីឡា បានលុបឈ្មោះចេញពីបញ្ជីនិស្សិតក្របខណ្ឌ បានទៅជួបជាមួយនាយិកាវិទ្យាស្ថានជាតិ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ក្រោយការជួបនេះ លោកបានប្រាប់វិទ្យុស្ដ្រីថា លោកស្រីនាយិកាបានឲ្យលោកទទួលយកអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យរយ:ពេល៤ឆ្នាំ ដោយឥតគិតថ្លៃ ជាថ្នូរនិងការលុបឈ្មោះលោកចេញពីបញ្ជីគរុនិស្សិត និងបឈ្ឈប់សកម្មភាពឈរតវ៉ាផងដែរ។

ក៏ប៉ុន្តែលោកឆ្លើយតបថា លោកមិនទទួលយកសំណើររបស់លោកស្រីនាយិកានោះទេ ដោយលោកលើកហេតុផលជាជំហររបស់លោកថា លោកបានប្រឡងចូលក្របខណ្ឌទៅហើយនោះ។ ជាថ្មីម្ដងទៀត លោកនឹងបន្ដការតវ៉ាដោយសន្ដិវិធីដដែលនៅមុខក្រសួងអប់រំ នៅព្រឹកថ្ងៃចន្ទ។ លោក កែវ សុវណ្ណឬទ្ធិ បានហៅជំនួបរវាងលោក និងថ្នាក់ដឹកនាំវិទ្យាស្ថានជាតិអប់រំកាយថា ជាចំណាត់ការគំរាមកំហែង ដោយឲ្យលោកព្រមទទួលយកតាមសំណើររបស់វិទ្យាស្ថាន និងបន្ដគំរាមដល់ឪពុករបស់លោក ដែលជាគ្រូបង្រៀននៅឯស្រុកផងដែរ។

អតីតគរុនិស្សិតឯកទេស អប់រំកាយ និងកីឡា ជំនាន់ទី៣ លោក កែវ សុវណ្ណឫទ្ធិ និងមិត្តភក្តិ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា លុបឈ្មោះចេញពីបញ្ជីនិស្សិត ក្រោយរកឃើញថា មានកម្ពស់មិនត្រូវតាមស្ដង់ដារដែលក្រសួងកំណត់។ បើតាមលោក កែវ សុវណ្ណឫទ្ធិ ជារៀងរាល់ថ្ងៃចន្ទ អតីតគរុនិស្សិតរូបនេះ តែងតែទៅឈរតវ៉ាដោយសន្ដិវិធីនៅមុខក្រសួងអប់រំ ដោយមានការលើកបដា និងបិទជាប់ខ្លួននូវសារទារទារចូលក្របខណ្ឌវិញ ។ លោក កែវ សុវណ្ណឫទ្ធិ បានចេញលើកបដាតវ៉ាចំនួន ៣ លើកមកហើយ តែ២លើកចុងក្រោយនេះ លោកត្រូវបានអាជ្ញាធរហាមឃាត់ និងយកទៅធ្វើកិច្ចសន្យាដើម្បីបញ្ឈប់សកម្មភាពបែបនេះតទៅទៀត។ យ៉ាងណាលោកបញ្ជាក់ថា ខ្លួននិងសមាជិកដទៃទៀតមិនបានយល់ព្រមលើកិច្ចសន្យានោះទេ។

ក្រសួងអប់រំកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ បានចេញការបកស្រាយចំពោះករណីលោក កែវ សុវណ្ណឬទ្ធិនេះហើយថាយុវជនរូបនេះ ខុសលក្ខខណ្ឌនៃការជ្រើសរើស។  តែកត្តាដែលបណ្ដាលឱ្យយុវជនរូបនេះ នៅបន្ដសកម្មភាពតវ៉ា ដោយសារមានគរុនិស្សិតដទៃទៀត ដែលខុសលក្ខខណ្ឌនៃការជ្រើសរើសដូចរូបលោកដែរ តែពួកគេត្រូវបានក្រសួងអប់រំឱ្យបន្ដការសិក្សា។ លោក កែវ សុវណ្ណឫទ្ធិ ដាក់ជាសំនួរថា មានគរុនិស្សផ្សេងទៀត មានអាយុលើសពីលក្ខខណ្ឌ ហេតុអ្វីបានជាគេអាចនៅបន្ដការសិក្សាបាន?

ព័ត៌មានទាក់ទងក្នុងរឿងនេះ មានការចាប់អារម្មណ៍ពីប្រជាជាពលរដ្ឋទូទៅជាខ្លាំង ហើយទិដ្ឋភាពនៃការតវ៉ាត្រូវបានអ្នកលេងបណ្ដាសង្គមចែកចាយនិងសរសេរសាររិះគន់មួយចំនួនផងដែរ។ លោកស្រី អ៊ុក ឆាយាវី ប្រធានសមាគមគ្រូបង្រៀនឯករាជ្យធ្លាប់បានប្រាប់វិទ្យុស្ដ្រីថា ក្រសួងអប់រំមិនគួរបំបាក់ទឹកចិត្តយុវជនបែបនេះនោះទេ អាចធ្វើឱ្យយុវជនជំនាន់ក្រោយអស់ជំនឿលើស្ថានប័នរដ្ឋមួយនេះ។ លោកស្រីប្រធានសមាគមចាត់ទុកថា ការលុបឈ្មោះនិស្សិតចេញដូច្នេះ ខណៈឱ្យចូលរៀនបានមួយរយៈ គឺជាភាពអយុត្តិធម៌យ៉ាងខ្លាំង៕

Share

Image
Image
Image