en     km
en     km

ស្រ្តីក្នុងបច្ចប្បន្នភាព៖ កីឡារិនីរត់ម៉ារ៉ាតុងជនជាតិកេនយ៉ាដណ្តើមជ័យជម្នះបង្ហាញការចាប់អារម្មណ៍ដល់ក្មេងស្រីដទៃទៀតផ្តោតលើវិស័យកីឡា

Share

ALJAZEERA ៖ កីឡាការិនីរត់ម៉ារ៉ាតុងក្នុងប្រទេសកេនយ៉ាម្នាក់ កំពុងតែមានប្រជាប្រិយភាព និងការកោតសសើរពីមហាជនបន្ទាប់ពីរូបនាងបានបំបែកឯកត្តកម្មដណ្តើមមេដាយមាស លើវិញ្ញាសារត់ចម្ងាយ ១៥០០ ម៉ែត្រ និង៥០០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាអត្តពលកម្មពិភពលោកនៅទីក្រុង Budapest ប្រទេហុងគ្រី។ កីឡាការិនីរូបនេះលើកឡើងថា កត្តាដែលជំរុញឱ្យនាងទទួលបានជោគជ័យជាបន្តបន្ទាប់នេះ ដោយសារខ្លួនចង់បង្ហាញទៅកាន់ក្មេងស្រីទាំងអស់ជាពិសេសគឺក្មេងស្រីនៅប្រទេសកេនយ៉ា ឱ្យមានភាពក្លាហាន និងហ៊ានជម្នះនូវរាល់ផ្នត់គំនិតដែលលើកឡើងថា ស្រ្តីមិនមានកម្លាំងគ្រប់គ្រាន់អាចប្រឡូកក្នុងវិស័យកីឡាបាន។ ស្រ្តីមានសមត្ថភាព និងមហិច្ឆិតារូបនេះមានឈ្មោះថា Faith Kipyegon។

ចង់ដឹងថា Faith Kipyegon មានប្រវត្តិសាវតាយ៉ាងណាខ្លះ? ក្រៅពីមហិច្ឆតាចង់ក្លាយជាកីឡាការិនីគំរូ ឱ្យក្មេងស្រីៗដទៃចាប់អារម្មណ៍លើវិស័យកីឡា តើមានមូលហេតុអ្វីបន្ថែមទៀតជំរុញឱ្យនាងជ្រើសយកកីឡាម៉ារ៉ាតុងនេះ? តទៅនេះសូម នាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់ការអត្ថាធិប្បាយរបស់កញ្ញា គុជ ស៊ីកុល ដូចតទៅ៖

មូលហេតុនៃការមិនសូវយកចិត្តទុកដាក់ទៅលើស្រ្តី និងក្មេងស្រីនៅតំបន់មួយចំនួននៅប្រទេសកេនយ៉ា បានជំរុញឱ្យFaith Kipyegon ជាស្រ្តីវ័យក្មេងម្នាក់ ចាប់យកអាជីពជាកីឡាប្រភេទរត់ម៉ារ៉ាតុង ហើយនាងប្តេជ្ញាធ្វើជាគំរូភាពក្នុងគោលបំណងបំផុសឱ្យមានវត្តមានក្មេងស្រីងាកមកស្រលាញ់ ហើយក្លាហានប្រឡូកក្នុងវិស័យកីឡា។ យ៉ាងណាមិញថ្មីៗនេះ ក្នុងព្រឹត្តិការណ៍ កីឡាអត្តពលកម្មពិភពលោកនៅទីក្រុង Budapest ប្រទេហុងគ្រី Kipyegon បំបែកកំណត់ត្រា ដោយដណ្តើមបានមេដាយមាសពិភពលោកលើវិញ្ញាសា រត់ចម្ងាយ ១៥០០គីឡូម៉ែត្រ។

ឥឡូវយើងមកស្គាល់ថា តើនរណាជា Faith Kipyegon?

Faith Kipyegon កើតនៅឆ្នាំ ១៩៩៤ បច្ចប្បន្ននាងមានអាយុ ២៩ឆ្នាំ នាងមានបងប្អូនប្រាំបួននាក់ ហើយនាងគឺជាកូនទីប្រាំបីក្នុងគ្រួសារ។ Faith មានស្រុកកំណើតនៅតំបន់ដាច់ស្រយាលមួយដែលមានទីតាំងនៅតាមជ្រលងភ្នំ Rift នៃប្រទេសកេនយ៉ា។ សមាជិកគ្រួសារ Kipyegon សុទ្ធសឹងតែជាអ្នកមានចំណេះជំនាញក្នុងវិស័យកីឡា ដោយឳពុកនាងធ្លាប់ជាអត្តពលលិកអ្នករត់ចម្ងាយ៤០០ម៉ែត្រ និង៨០០ម៉ែត្រ ហើយបច្ចប្បន្នលោកជាគ្រូបង្វឹកមួយរូបផងដែរ។

Faith Kipyegon បំបែកឯកត្តកម្មដណ្តើមមេដាយមាស លើវិញ្ញាសារត់ចម្ងាយ ១៥០០ ម៉ែត្រ និង៥០០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាអត្តពលកម្មពិភពលោកនៅទីក្រុង Budapest ប្រទេហុងគ្រី។ រូបភាព៖ALJAZEERA

នៅវ័យ ១៦ឆ្នាំ Kipyegon បង្ហាញខ្លួនជាលើកដំបូងក្នុងព្រឹត្តិការណ៍ World Cross Country Championships ដែលធ្វើឡើងនៅប្រទេសប៉ូឡូញ ហើយនាងជាកីឡាការនីក្មេងជាងគេដែលជាប់ចំណាត់ថ្នាក់លេខ ៤ លើវិញ្ញាសាររត់ប្រណាំងផ្នែកនារី។ នៅវ័យដដែលនោះ Faith ក៏ទទួលបានចំណាត់ថ្នាក់លេខ ៣ លើវិញ្ញាសារត់ចម្ងាយ ១៥០០ ម៉ែត្រក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោក Kenya World Junior Championship Trials។
ក្រោយមកពីមួយឆ្នាំទៅមួយឆ្នាំនាងបានទៅប្រកួតក្នុងព្រឹត្តិការណ៍ជាច្រើនទាំងក្នុងនិងក្រៅប្រទេស ដោយវត្តមានរបស់នាងក្នុងការប្រកួតតែងតែនាំយកជ័យជម្នះជូនប្រទេសនាងស្ទើរតែគ្រប់ព្រឹត្តិការណ៍។

ជាលទ្ធផលដែល Kipyegon ទទួលបានភាពជោគជ័យកន្លងមក នាងបាននិយាយនៅចំពោះមុខគ្រូបង្វិក និងអត្តពលលិកផ្សេងទៀតថា គោលដៅរបស់នាងនៅថ្ងៃមុខគឺនាងចង់ក្លាយជាកីឡាការនីរត់ម៉ារ៉ាតុង។ មិនយូរប៉ុន្មាន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ Kipyego ដណ្តើមបានមេដាយមាសពិភពលោក លើវិញ្ញាសារត់ចម្ងាយ ១៥០០ម៉ែត្រ ហើយក៏ជាម្ចាស់មេដាយរត់ម៉ារ៉ាតុងចម្ងាយ៥០០០ម៉ែត្រ។

ថ្មីៗនេះ Kipyego ត្រូវបានពលរដ្ឋប្រទេសកេនយ៉ា ចាត់ទុកនាងថាជានារីទី២ហើយដែលបំបែកឯកត្តកម្មជូនប្រទេសកេនយ៉ា ដែលអាចបង្ហាញពិភពលោកថាស្រ្តីកេនយ៉ាមានសមត្ថភាព និងសក្តានុភាព។ ជាពិសេសគឺផ្លាស់ប្តូរផ្នាត់គំនិតរបស់ប្រជាជនកេនយ៉ានៅតំបន់មួយចំនួនដែលគិតថាស្រ្តីមិនត្រូវបានលើកទឹកចិត្តឱ្យប្រឡូកក្នុងវិស័យកីឡា។

Kipyego ខ្លួនឯងផ្ទាល់ក៏បានលើកឡើងក្នុងកិច្ចចម្ភាសន៍ជាមួយភ្នាក់ងារសារព័ត៌មានអន្តរជាតិ ALJAZEERA ផងដែរថា មូលហេតុចម្បងដែលជម្រុញទឹកចិត្តនាងឱ្យទទួលបានជោគជ័យកន្លងមកនេះ គឺនាងចង់លុបបំបាត់ការគិតអវិជ្ជមានមកលើស្រ្តី និងក្មេងស្រី។ លើសពីនេះគឺនាងចង់ឃើញវត្តមានក្មេងស្រីដទៃទៀតដែលស្រឡាញ់កីឡា មានភាពក្លាហានចាប់យកអាជីពក្នុងវិស័យកីឡា៕

Share

Image
Image
Image