ស្របពេលនឹងការណែនាំរបស់ស្នងការនគរបាលជាតិដើម្បីជម្រុញសេវាឱ្យបានល្អប្រសើរ មន្ត្រីសង្គមស៊ីវិលយល់ថា ស្នងការនគរបាលត្រូវអនុវត្តយ៉ាងតឹងរ៉ឹងចំពោះមន្ត្រីនគរបាលដែលមិនគោរពក្រមសីលធម៌ ទើបអាចពង្រឹងសេចក្ដីទុកចិត្ត និងការគាំទ្របន្ថែមពីពលរដ្ឋ។ លើបញ្ហាភូមិ-ឃុំមានសុវត្ថិភាព លោកអះអាងថា ត្រូវតែធ្វើសកម្មភាពបង្ក្រាបករណីគ្រឿងញៀនឱ្យខាងតែបានទើបអនុវត្តគោលនយោបាយនេះបានជោគជ័យ។ លោក គីម ចាន់ចាវ រាយការណ៍
ក្នុងឱកាសតែងតាំង លោក ស រដ្ឋា ជាអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី៣១ ខែសីហា លោក ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំមន្រ្តីចរាចរណ៍ និងមន្ត្រីតាម ប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវពង្រឹងក្រមសីលធម៌ ពាក្យសម្ដី និងកាយវិការឱ្យស័ក្ដិសមជាកងកម្លាំងនគរ បាលជាតិ។
លោកអគ្គស្នងការនគរបាលជាតិ បានជំរុញឱ្យប្រធានអង្គភាពត្រូវខិតខំពង្រឹងបន្ថែមរបៀបរបបធ្វើការងារប្រចាំថ្ងៃឱ្យបានល្អ, ត្រូវមានការរៀបចំកិច្ចប្រជុំជាប្រចាំ ដើម្បីទទួលយកព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយយកមកវិភាគ និងរៀបចំផែនការដាក់ចេញឱ្យអនុវត្ត។ ផែនការងារសន្តិសុខដើរតួសំខាន់ឈាន ដល់ការគ្រប់គ្រងមុខសញ្ញា ដើម្បីងាយស្រួលក្នុងការបង្ក្រាបបទល្មើស។
លោក ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព បានគាំទ្រចំពោះការណែនាំរបស់លោកស្នងការនេះ ដោយលោកយល់ថាប្រសិនបើមានការអនុវត្តតឹងរ៉ឹងចំពោះមន្ត្រីនគរបាលដែលមិនគោរពក្រមសីលធម៌ នឹងអាចពង្រឹងសេចក្ដីទុកចិត្ត និងការគាំទ្របន្ថែមពីពលរដ្ឋ។
«ការណែនាំជារឿងមួយល្អបាទ ប៉ុន្តែធ្វើម៉េចឱ្យការណែនាំ ក្ដីប្រាថ្នាក្ដីរំពឹងទុកហ្នឹងវាក្លាយទៅជាការពិតបាន លុះត្រាតែអគ្គស្នងការហ្នឹងលោកមានធ្វើការតាមដានត្រួតពិនិត្យឱ្យបានដិតដល់បាទ។ ហើយបើមានករណីក្រមសីលធម៌ការប្រើប្រាស់ពាក្យសម្ដី ការធ្វើសកម្មភាពដែលផ្ទុយពីច្បាប់ព្រោះតែបញ្ហាផលប្រយោជន៍ផ្ទាល់ខ្លួនរបស់មន្ត្រីប៉ូលីស ខ្ញុំថាគួរតែមានការដាក់ទោសទណ្ឌឱ្យបានខ្លាំង។ ហើយក៏កុំមានការការពារពួកគាត់ព្រោះតែខ្លាចខូចមុខមាត់ស្ថាប័ន។ រឿងហ្នឹងបើការពារពួកគាត់ នឹងធ្វើឱ្យពលរដ្ឋមានការរីះគន់កាន់តែខ្លាំង ដែលធ្វើឱ្យប៉ះពាល់មុខមាត់កាន់តែខ្លាំង»។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព
ដើម្បីបម្រើសេវាជូនពលរដ្ឋតាមមូលដ្ឋានលោកអគ្គស្នងការ បានណែនាំឱ្យបន្ដអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពឱ្យកាន់តែ មានប្រសិទ្ធភាពខ្ពស់។ សម្រាប់ករណីគ្រឿងញៀន៣កុំ (កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំដោះលេង) ១រាយ ការណ៍គ្រប់ករណី។ លោកសង្កត់ធ្ងន់ថា ក្នុងករណីកម្លាំងដែលពាក់ព័ន្ធក្នុងការប្រីប្រាស់ ជួញដូរ ចែក ចាយគ្រឿងញៀន ត្រូវតែអនុវត្តតាមច្បាប់ និងដេញចេញពីក្របខ័ណ្ឌ ដូចកាណែនាំរបស់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លើបញ្ហានេះលោក យ៉ង់ គឹមអេង បានជម្រុញឱ្យអាជ្ញាធរជាពិសេសស្នងការនគរបាលត្រូវតែធ្វើសកម្មភាពឱ្យសកម្មដើម្បីបង្ក្រាបករណីគ្រឿងញៀន ពិសេសអ្នកជួញដូរ អ្នកផលិត និងអ្នកចែកចាយ ឱ្យបានទើបគោលនយោបាយខាងលើអនុវត្តមានប្រសិទ្ធិភាព។
«គោលនយោបាយភូមិ-មានសុវត្ថិភាពការអនុវត្តតាំងពីគ្រឿងញៀនតិចរហូតដល់គ្រឿងញៀនច្រើន ប៉ុន្តែដោយសារហេតុអី? ទី១ដោយសារយើងប្រើវិធានការអប់រំច្រើនជាងវិធានការច្បាប់ ចឹងខ្ញុំថាវិធានការអប់រំយើងធ្វើបានច្រើនហើយ ចឹងទេត្រូវប្រើវិធានការច្បាប់ឱ្យបានច្រើន។ ..ត្រូវពង្រឹងតាមព្រំដែនដែលគ្រឿងញៀនឆ្លងកាត់ចូលក្នុងប្រទេសកម្ពុជា ឬក៏អ្នកដែលលួចលាក់ផលិតនៅក្នុងប្រទេសកម្ពុជាត្រូវតែកំណត់មុខសញ្ញា ហើយត្រូវតែហ៊ានដាក់ទោសទណ្ឌ ហើយកុំឱ្យមានមន្ត្រីណាម្នាក់ទៅ ឃុបឃិតរកស៊ីជាមួយអ្នកដែលជួញដូរគ្រឿងញៀនហ្នឹងបាទ»។
ជុំវិញបញ្ហាសុវត្ថិភាពភូមិ-ឃុំនេះដែរ លោកអគ្គស្នងការនគរបាល ស ថេត ក៏ណែនាំមន្ត្រីក្រោមឱវាទថា ការគ្រប់គ្រងអាវុធជាតិផ្ទុះ ការកាន់កាប់អាវុធខុសច្បាប់ ត្រូវអនុវត្តជាប្រចាំដោយមានការ ចូលរួមពីគណៈបញ្ជាការឯកកាព ហើយមានការដឹកនាំបញ្ជាដោយតំណាងអយ្យការ។ លោកប្រាប់ឱ្យពង្រឹងអង្គភាពអធិការដ្ឋាននគរបាលខណ្ឌ-ក្រុង-ស្រុក ប៉ុស្តិ៍ និងត្រួតពិនិត្យកម្លាំងឱ្យបានច្បាស់ លាស់ ត្រូវមានកម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ និងទទួលពាក្យបណ្តឹង៕