en     km
en     km

ក្រសួងកសិកម្មនឹងប្រើដ្រូនឈ្លបយកការណ៍បទល្មើសនេសាទប៉ះពាល់ផ្សោតនៅក្រចេះនិងស្ទឹងត្រែង

Share

លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្រសួងកសិកម្ម នឹងប្រើដ្រូហោះហើរបានឆ្ងាយសម្រាប់ឈ្លបយកការណ៍ ពិនិត្យមើលបទល្មើសនេសាទ និងព្រៃឈើនៅតំបន់សត្វផ្សោតរស់នៅ នៅភូមិសាស្រ្តខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដើម្បីអភិរក្សធនធានទាំងនេះ។

ការលើកឡើងរបស់លោករដ្ឋមន្ដ្រី ខណៈជួបជាមួយអគ្គនាយកក្រុមហ៊ុន មិត្តហ្វូន នៅទីស្តីការក្រសួង នaថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ និងត្រូវការឱ្យក្រុមហ៊ុនសេវាទូរសព្ទមួយនេះ សហការជាមួយក្រសួងក្នុងការធ្វើរឿងនេះផងដែរ ដោយផ្ដល់ជាតម្រូវការផ្នែកទន់ និងផ្នែករឹង។ ផ្នែកទន់ គឺសំដៅដល់ការបណ្តុះបណ្តាលធនធានមនុស្ស ដែលក្នុងនោះរួមមានជំនាញកសិកម្ម បច្ចេកវិទ្យាថ្មីៗ ព្រមទាំងភាសាអង់គ្លេស ដើម្បីពង្រឹងគុណភាព និងបង្កើនប្រសិទ្ធភាពការងារ។ ចំណែកផ្នែករឹង គឺក្រសួងត្រូវការប្រភេទដ្រូន សម្រាប់ឈ្លបយកការណ៍ ដោយមានសមត្ថភាពហោះបានឆ្ងាយ ដើម្បីបម្រើក្នុងការបង្ក្រាបបទល្មើសនេសាទ និងបទល្មើសព្រៃឈើ ព្រមទាំងការងារអភិរក្សសត្វផ្សោតនៅខេត្តក្រចេះ និងស្ទឹងត្រែង។

លោក ឌិត ទីណា អះអាងថា នេះជាការបន្តធ្វើទំនើបកម្មបែបឌីជីថល ដើម្បីបង្កភាពងាយស្រួល រហ័ស ម្ចាស់ការ និងប្រសិទ្ធភាព ក្នុងការផ្ដល់សេវាដល់ប្រជាកសិករ។

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្មបន្ថែមថា កន្លងមកក្រសួងកសិកម្មធ្លាប់បានប្រើប្រាស់ដ្រូននេះដើម្បីបំរើដល់ការងារបង្រ្កាបបទល្មើសព្រៃឈើ និងជលផល និងការអភិរក្សធនធានសត្វផ្សោត ក៏ប៉ុន្តែដ្រូនដែលមានស្រាប់មានសមត្ថភាពហោះបានតែរយៈចំណាយខ្លីតែប៉ុណ្ណោះ។ កញ្ញាបន្ថែមថា ក្រសួងកសិកម្មពិតជាមានតម្រូវការបន្ថែមដើម្បីបង្កើនសមត្ថភាពដ្រូនដែលអាចហោះបានចំណាយឆ្ងាយ ដូច្នេះការសហការជាក្រុមហ៊ុន មិត្តហ្វូន ជាធាតុចូលសំខាន់មួយដែលអាចធ្វើឱ្យការងារអភិរក្សធនធានធម្មជាតិកាន់តែមានប្រសិទ្ធភាពល្អប្រសើរ។

គួរជម្រាបថា នៅតំបន់សត្វផ្សោតរស់នៅកាលពីពេលកន្លងទៅមានបទល្មើសនេសាទកើតឡើង បណ្ដាលឱ្យសត្វផ្សោតជាច្រើនក្បាលបាត់បង់ជីវិត។ រាជរដ្ឋាភិបាលបានចាត់វិធានការភ្លាមៗក្នុងការបង្កើតស្នូលតំបន់ការពារសត្វទាំងនេះ តែមិនមានប្រសិទ្ធភាព និងងាកទៅប្រើអនុក្រឹត្យការពារសត្វផ្សោតចាស់វិញ ក្រោយវិធានការថ្មីរងផលប៉ះពាល់ដល់ប្រជានេសាទក្នុងតំបន់។

រយៈពេលចុងក្រោយនេះ គេឃើញមានរបាយការណ៍សត្វផ្សោតមួយក្បាលបានស្លាប់នៅខេត្តកណ្ដាលដោយសារជាប់មងនេសាទ តែជាមួយគ្នាក៏មានរបាយការណ៍កូនផ្សោតកើតថ្មីផងដែរ។ ផ្អែកតាមក្រសួងកសិកម្ម ថាត្រឹមខែសីហា មានកូនផ្សោត៦ក្បាលហើយដែលបានកើតថ្មីក្នុងឆ្នាំ២០២៣នេះ៕

Share

Image
Image
Image