en     km
en     km

គរុនិស្សិត កែវ សុវណ្ណឬទ្ធិ ត្រូវទៅជួបវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាស្អែកនេះ ក្រោយឈរតវ៉ា៣លើក

Share

អតីតគរុនិស្សិតឯកទេសអប់រំកាយ លោក កែវ សុវណ្ណឬទ្ធិ នឹងត្រូវទៅជួបជាមួយវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា នៅថ្ងៃទី០២ខែកញ្ញា ស្អែកនេះ ក្រោយលោកតវ៉ារឿងលុបឈ្មោះចេញបញ្ជីនិស្សិតចំនួន ៣ លើក។ តែសាម៉ីខ្លួនមិនទាន់អាចបញ្ជាក់ថា វិទ្យាស្ថានហៅជួបក្នុងគោលបំណងអ្វីដែរ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

អតីតគរុនិស្សិតឯកទេស អប់រំកាយ និងកីឡា ជំនាន់ទី៣ លោក កែវ សុវណ្ណឬទ្ធិ ដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡា លុបឈ្មោះចេញពីបញ្ជីនិស្សិត ក្រោយរកឃើញថា មានកម្ពស់មិនត្រូវតាមស្ដង់ដារដែលក្រសួងកំណត់ ប្រាប់វិទ្យុស្រ្តីថានៅថ្ងៃសៅរ៍ ទី២ ខែកញ្ញា ឆ្នាំ២០២៣ស្អែកនេះ  លោកនឹងទៅជួបជាមួយនាយកវិទ្យាស្ថានជាតិអប់រំកាយ។ តែលោកមិនទាន់ដឹងថា នាយកដ្ឋានហៅលោកទៅក្នុងគោលបំណងអ្វីនោះទេ។

លោកថា ជារៀងរាល់ថ្ងៃចន្ទ អតីតគរុនិស្សិតរូបនេះ តែងតែទៅឈរតវ៉ាដោយសន្ដិវិធីនៅមុខក្រសួងអប់រំ ។ លោក កែវ សុវណ្ណឬទ្ធិ បានចេញលើកបដាតវ៉ាចំនួន ៣ លើកមកហើយ តែ២លើកចុងក្រោយនេះ លោកត្រូវបានអាជ្ញាធរហាមឃាត់ និងយកទៅធ្វើកិច្ចសន្យាដើម្បីបញ្ឈប់សកម្មភាពបែបនេះតទៅទៀត។ យ៉ាងណាលោកបញ្ជាក់ថា ខ្លួននិងសមាជិកដទៃទៀតមិនបានយល់ព្រមលើកិច្ចសន្យានោះទេ។

ក្រសួងអប់រំកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ បានចេញការបកស្រាយចំពោះករណីលោក កែវ សុវណ្ណឬទ្ធិនេះហើយថាយុវជនរូបនេះ ខុសលក្ខខណ្ឌនៃការជ្រើសរើស។  តែកត្តាដែលបណ្ដាលឱ្យយុវជនរូបនេះ នៅបន្ដសកម្មភាពតវ៉ា ដោយសារមានគរុនិស្សិតដទៃទៀត ដែលខុសលក្ខខណ្ឌនៃការជ្រើសរើសដូចរូបលោកដែរ តែពួកគេត្រូវបានក្រសួងអប់រំឱ្យបន្ដការសិក្សា។ លោក កែវ សុវណ្ណឬទ្ធិ ដាក់ជាសំនួរថា មានគរុនិស្សផ្សេងទៀត មានអាយុលើសពីលក្ខខណ្ឌ ហេតុអ្វីបានជាគេអាចនៅបន្ដការសិក្សាបាន?

លោកបញ្ជាក់ថា គោលបំណងដែលលោកនៅបន្ដសកម្មភាពតវ៉ាទៀត ទោះក្រសួងអប់រំចេញការបំភ្លឺក៏ដោយ ព្រោះលោកចង់មានភាពស្មើគ្នា បើគេខុសលក្ខខណ្ឌហើយបានរៀនបន្ដ ក្រុមរបស់លោកក៏ចង់បន្ដការសិក្សាដូចគ្នា។

ទាក់ទងក្នុងរឿងនេះលោកស្រី អ៊ុក ឆាយាវី ប្រធានសមាគមគ្រូបង្រៀនឯករាជ្យធ្លាប់បានប្រាប់វិទ្យុស្ដ្រីថា ក្រសួងអប់រំមិនគួរបំបាក់ទឹកចិត្តយុវជនបែបនេះនោះទេ អាចធ្វើឱ្យយុវជនជំនាន់ក្រោយអស់ជំនឿលើស្ថានប័នរដ្ឋមួយនេះ។ លោកស្រីប្រធានសមាគមបានហៅការលុបឈ្មោះនិស្សិតចេញដូច្នេះ ខណៈឱ្យចូលរៀនបានមួយរយៈ គឺជាភាពអយុត្តិធម៌យ៉ាងខ្លាំង៕

Share

Image
Image
Image