ភ្នំពេញ៖ ការរៀនពូកែមិនមែនជារឿងចៃដន្យឡើយ ហើយពុំមែនកើតមកសុទ្ធរៀនពូកែនោះទេ។ មានគន្លឹះនិងរបៀបហ្វឹកហាត់មួយចំនួនដែលអាចនាំកូនៗរបស់លោកអ្នកចាប់រៀនពូកែ។ ខាងក្រោមនេះជាការលើកឡើងរបស់អ្នកជំនាញនិងសិស្សដែលបានទទួលជោគជ័យក្នុងការសិក្សារបស់ពួកគេ។
ផ្អែកតាមលោកវេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាអ្នកជំនាញផ្នែកអប់រំនិងសុខភាពបានលើកឡើងនូវកត្តាចំនួន ៦ ចំណុចដែលធ្វើឱ្យកូនៗរៀនពូកែ។ក្នុងនោះរួមមានកត្តា«តំណពូជ»។
ជាការសង្កេតដាច់ដោយឡែករបស់លោកវេជ្ជបណ្ឌិត គួច ម៉េងលី លោកឃើញថា មានក្មេងៗខ្លះហាក់ពុំសូវខិតខំរៀនសូត្រប៉ុន្មានទេ ប៉ុន្តែបែរជារៀនពូកែជាងអ្នកដទៃដែលខំរៀនសូត្រទៅវិញ។ បើក្រឡេកទៅមើលគ្រួសារពួកគេវិញ ឃើញថាក្នុងចំណោមសមាជិកគ្រួសាររបស់ក្មេងនោះសុទ្ធតែជាអ្នករៀនពូកែ។ ដូច្នេះលោកបញ្ជាក់ថា បើសិនជាកូននោះមានពូជពង្សជាអ្នករៀនពូកែ អាចធ្វើឱ្យគេរៀនឆាប់ចាប់បាន។ តែទោះបីមានកត្តាអំណោយផលពីពូជពង្សគ្រួសារក្តី ប៉ុន្តែសម្រាប់លោកវេជ្ជបណ្ឌិតហ៊ានអះអាងថា ក្មេងៗដែលស្ថិតក្នុងក្រុមគ្រួសារឬអ្នកមានដំណពូជរៀនខ្សោយក៏អាចមានលទ្ធភាពរៀនបានពូកែផងដែរ ដោយពួកគេខិតខំរៀនទាំងយប់ទាំងថ្ងៃ ហើយចេះបែងចែកពេលវេលារៀនសូត្រយ៉ាងត្រឹមត្រូវនិងមានការតាំងចិត្តខ្ពស់លើការសិក្សា។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី តែងតែចែករំលែកចំណេះដឹងនិងបទពិសោធន៍ជាច្រើនដល់សាធារណជនជុំវិញបញ្ហាសុខភាពនិងការអប់រំ។រូបភាពទទួលបានពី សាត ឌិច សិក្ខាកាមWMC។
កត្តាទី២គឺ«គ្រូបង្រៀន»។ កត្តានេះបើតាមលោកវេជ្ជបណ្ឌិត គួច ម៉េងលី និយាយថា កាលណាគ្រូមានសិល្បៈ ឬវិធីសាស្រ្តល្អក្នុងការបង្រៀនសិស្សភាគច្រើនសិស្សពូកែៗ។ ប៉ុន្តែមិនមែនគ្រូមានវិធីសាស្រ្តបង្រៀនល្អ សិស្សសុទ្ធតែពូកែទេ វាអាស្រ័យលើការខិតខំប្រឹងប្រែងរបស់សិស្សផងដែរ។
ចំណែកកត្តាទី៣ គឺ«ខ្លួនឯង»។ ត្រង់ចំណុចនេះលោកវេជ្ជបណ្ឌិត គួច ម៉េងលី លើកឡើងថា ដើម្បីរៀនឱ្យពូកែ ក្មេងៗត្រូវយកចិត្តទុកដាក់ខ្ពស់លើការសិក្សា មានការតស៊ូ ព្យាយាម ចេះចំណាយពេលវេលាលើការសិក្សា ចេះជម្នះរាល់ឧបសគ្គ ចេះកំណត់គោលបំណង និងមានការប្ដេជ្ញាចិត្តខ្ពស់លើការសិក្សា។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី បន្ថែមថា ការយល់ពីតម្លៃនៃការសិក្សាអាចជួយដឹកនាំជីវិតយើងឱ្យមានភាពល្អប្រសើរនិងមានអនាគតភ្លឺស្វាងទៅថ្ងៃអនាគត យើងនឹងមានកម្លាំងចិត្តសិក្សា។ ការមានកម្លាំងចិត្តសិក្សា សម្រាប់លោកវេជ្ជបណ្ឌិត នឹងនាំឱ្យការសិក្សារបស់សិស្សកម្រនឹងបរាជ័យខ្លាំងណាស់។ ក្រៅពីចំណុចទាំងនេះ លោកវេជ្ជបណ្ឌិត គួច ម៉េងលី ជំរុញឱ្យសិស្សគប្បីចេះគោរពវិន័យសាលា គោរពលោកគ្រូអ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ និងបដិបត្តិខ្លួនជាអ្នកសិក្សារៀនសូត្រ ជាជាងធ្វើខ្លួនជាអ្នកចេះដឹងគ្រប់បែបយ៉ាង ឬតាំងខ្លួនជាអ្នកវិភាគ។ បន្ថែមពីនេះទៀត ត្រូវតែបែងចែកពេលវេលាសិក្សានិងការកម្សាន្តឱ្យបានច្បាស់លាស់ ចៀសវាងលេងច្រើនជាងរៀន។លោកថា ការញៀននឹងរៀន វាខុសពីញៀននឹងលេង។ ញៀននឹងលេងធ្វើឱ្យជីវិតអន្តរាយ តែបើញៀននឹងរៀនធ្វើឱ្យមានចំណេះដឹងជ្រាលជ្រៅ មានផ្នត់គំនិតទូលំទូលាយ និងមានសុភនិច្ឆយខ្ពស់។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី តែងតែចែករំលែកចំណេះដឹងនិងបទពិសោធន៍ជាច្រើនដល់សាធារណជនជុំវិញបញ្ហាសុខភាពនិងការអប់រំ។រូបភាពទទួលបានពី សាត ឌិច សិក្ខាកាមWMC។
រីឯកត្តាទី៤ គឺ«មិត្តភក្តិ»។លោកវេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ថា ការសេពគប់មិត្តភក្តិ ត្រូវសេពគប់មិត្តភក្តិដែលរៀនពូកែជាងខ្លួន ឬមិត្តភក្តិដែលចូលចិត្តសិក្សារៀនសូត្រ។ នោះមានន័យថា ការសេពគប់ជាមួយពួកគេ អាចយកគេធ្វើជាគំរូ ហើយបើមានចម្ងល់ ឬមានមេរៀនណាមិនយល់ គឺមានឱកាសអាចសុំឱ្យមិត្តភក្តិជួយពន្យល់បន្ថែមបាន។ អ្វីកាន់តែពិសេសទៀតនោះ សិស្សៗអាចបង្កើតក្លិបសិក្សាជាមួយមិត្តភក្តិ ដើម្បីផ្លាស់ប្ដូរក៏ដូចជាចែករំលែកចំណេះដឹងគ្នាទៅវិញទៅមក ដែលធ្វើឱ្យកាន់តែរីកចម្រើនផ្នែកចំណេះដឹង។ បែបនេះ ក៏មិនមែនមានន័យថា ត្រូវបំភ្លេចមិត្តភក្តិមិនពូកែនោះឡើយ តែក្នុងកាលៈទេសៈខ្លះ ត្រូវតែយកនរណាម្នាក់មកធ្វើជាដៃគូប្រជែងដោយស្ងៀមស្ងាត់ ពោលគឺរាប់អានគេ ហើយលួចមើលរបៀបរៀនរបស់គេដោយយកចិត្តទុកដាក់បំផុត។ ត្រង់ចំណុចនេះដែរ លោកវេជ្ជបណ្ឌិត ណែនាំឱ្យពិនិត្យដោយប្រុងប្រយ័ត្ន ការប្រជែងរៀនពុំមែនឈ្នានីសរៀននោះទេ។
ដោយឡែកកត្តាទី៥ គឺ«គ្រួសារ»។ចំណុចនេះ លោកវេជ្ជបណ្ឌិត គួច ម៉េងលី ពន្យល់ថា ឪពុកម្តាយអាចចូលរួមចំណែកជួយឱ្យកូនៗរបស់ខ្លួនរៀនពូកែតាមរយៈការយកចិត្តទុកដាក់លើការសិក្សារៀនសូត្ររបស់កូន តាមដានការសិក្សារៀនសូត្រកូន។ មួយទៀត គឺការផ្ដល់ភាពកក់ក្ដៅដល់កូន ពិសេសតាមរយៈការចូលរួមជំរុញនិងលើកទឹកចិត្តកូនៗរបស់ខ្លួនឱ្យខំប្រឹងប្រែងរៀនសូត្រ ព្រមទាំងតាមរយៈការសហការជាមួយសាលានិងលោកគ្រូ អ្នកគ្រូ ក្នុងការរកវិធីសាស្រ្តល្អៗពន្យល់ណែនាំកូនរបស់ខ្លួនឱ្យយល់ពីសារៈសំខាន់នៃការសិក្សារៀនសូត្រជាដើម។
និងចុងក្រោយ គឺកត្តា«សង្គមជុំវិញ»។ សម្រាប់ចំណុចនេះ បើតាមលោកវេជ្ជបណ្ឌិត គួច ម៉េងលី ទោះបីជីវភាពគ្រួសារធូរធារក៏ដោយ តែបើរស់នៅក្នុងសង្គមអាប់អួ ឬតំបន់មនុស្សក្រីក្រ តំបន់ដែលអត់មានអ្នករៀន ឬអ្នករៀនក្នុងកម្រិតខ្សោយ ក៏សិស្សរៀនមិនពូកែដែរ។ ផ្ទុយទៅវិញ បើរស់នៅក្នុងតំបន់អ្នកមាន តំបន់ដែលមានសុវត្ថិភាព ឬតំបន់ដែលពោរពេញទៅដោយអ្នករៀនសូត្រ នោះសិស្សនឹងរៀនពូកែ។
ជាមួយគ្នានេះដែរ យុវសិស្ស សួន ហមុនៀ ដែលជាអតីតសិស្សនិទេស A ឆ្នាំ២០២២ ប្រចាំខេត្តកែប បានប្រាប់សិក្ខាកាមWMCថា ដើម្បីរៀនពូកែរូបគេបានអនុវត្តទម្លាប់៤ចំណុចធំៗ។ ទី១ គឺការរៀបចំកាលវិភាគសិក្សា។ ទាក់ទងវិធីនេះ សួន ហមុនៀ និយាយថា «បើថ្ងៃចន្ទ ខ្ញុំរៀន២មុខវិជ្ជា ខ្ញុំត្រូវរៀបចំពេលវេលារំឭកមេរៀនថ្ងៃចន្ទនិងថ្ងៃបន្ទាប់ផង។»។ទី២.ការស្រាវជ្រាវ។ នៅពេលឆ្ងល់សំណួរណាមួយគឺតែងតែស្រាវជ្រាវឱ្យអស់លទ្ធភាពសិន ទើបប្អូនសួរទៅកាន់លោកគ្រូ អ្នកគ្រូ តាមក្រោយ។ ចំណែកវិធីសាស្រ្តទី៣គឺការអនុវត្តន៍។ ប្អូននិយាយថា បើចេះមេរៀនតែមិនអនុវត្តន៍លំហាត់នោះទេ នោះមិនទទួលបានចំណេះដឹង១០០%ទេ។ចំណុចទី ៤ គឺការបង្រៀននិងពន្យល់។ ក្នុងន័យនេះ គឺបើចេះមេរៀនច្បាស់ហើយ អាចពន្យល់ឬបង្រៀនមិត្តភក្តិដែលមិនសូវចេះ នោះយើងកាន់តែច្បាស់និងមានទំនុកចិត្តថែមទៀត។
យុវសិស្ស សួន ហមុនៀ ជាប់និទ្ទេស A។រូបភាពទទួលបានពី សាត ឌិច សិក្ខាកាមWMC។
យុវសិស្ស សួន ហមុនៀ ក៏បានរៀបរាប់បន្ថែមថា មុននឹងទទួលបាននិទ្ទេស A ប្អូនក៏ទទួលបានការជំរុញទឹកចិត្តច្រើនពីឪពុកម្តាយ ជីដូនជីតា លោកគ្រូ អ្នកគ្រូផងដែរ។ ជាចុងក្រោយ យុវសិស្សរូបនេះ ក៏បានផ្តាំផ្ញើថា បើចង់រៀនពូកែ ត្រូវតាំងចិត្តខ្ពស់ ព្រោះការរៀនសូត្រមិនមែនរៀនតែមួយពេលចេះនោះទេ ត្រូវចំណាយពេលវេលាច្រើន។ បើយើងមិនមានឆន្ទៈក្នុងការតស៊ូរៀនសូត្រ យើងក៏មិនជោគជ័យដែរ។ គេអាចធ្វើបាន យើងក៏អាចធ្វើ យើងត្រូវរៀនលើកទឹកចិត្តខ្លួនឯងឱ្យបានច្រើននិងស្គាល់ពីខ្លួនឱ្យបានច្រើន៕
អត្ថបទខ្លីសរសេរដោយ សាត ឌិច សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)៕