en     km
en     km

ថៃរំពឹងថានឹងមានភ្ញៀវអន្តរជាតិកើនដល់ ៣០ លាននាក់ក្នុងឆ្នាំ២០២៣ ក្រោយលើកលែងទិដ្ឋាការ

Share

ក្រោយនាយករដ្ឋមន្រ្តីថ្មីរបស់ថៃ ដែលទើបឡើងកាន់តំណែង លោក Srettha Thavisin បានរៀបចំរចនាសម្ព័ន្ធ និងកែប្រែមុខមាត់ប្រទេសជាតិសារជាថ្មី ដោយលោករំពឹងថា ប្រទេសថៃនឹងបើកទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៣០ លាននាក់នៅក្នុងឆ្នាំ២០២៣នេះ។

(កញ្ញា កែវ សុជាតា រាយការណ៍)

តាមសារព័ត៌មាន Channel News Asia បានឱ្យដឹងថា នាយករដ្ឋមន្រ្តីថៃទើបឡើងកាន់តំណែង លោក Srettha Thavisin បានដាក់ផែនការបង្កើនកំណើនភ្ញៀវទេសចរអន្តរជាតិ ដែលនឹងមកដើរលេងកម្សាន្តនៅក្នុងប្រទេសថៃនាឆ្នាំ២០២៣នេះ។ ទន្ទឹមគ្នានោះ លោក Srettha រំពឹងថា នៅឆ្នាំ២០២៣នេះ ប្រទេសថៃនឹងទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ៣០ លាននាក់ ដែលក្នុងនោះភ្ញៀវទេសចរគោលដៅមានមកពីប្រទេសចិន និងឥណ្ឌាជាដើម។

ជាការកត់សម្គាល់ នាយករដ្ឋមន្រ្តីថៃរូបនេះ បានរៀបចំកំណែទម្រង់ទិដ្ឋាការសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលមកពីប្រទេសចិន និងឥណ្ឌាជាពិសេស ក្នុងគោលបំណងស្តារស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសថៃ។ នៅក្នុងកំណែទម្រង់នេះ ភ្ញៀវទេសចរចិន និងឥណ្ឌា មិនចាំបាច់មានទិដ្ឋាការ ដើម្បីមកកម្សាន្តនៅក្នុងប្រទេសថៃនោះទេ ពោលគឺប្រទេសថៃបានអនុញ្ញាតលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលមកពីប្រទេសចិន​ និងឥណ្ឌា។

គួរបញ្ជាក់ដែរថា កត្តាធ្វើទិដ្ឋាការ គឺជាបញ្ហាមួយ ដែលរាំងស្ទះការធ្វើដំណើររបស់ភ្ញៀវទេសចរទៅកាន់ប្រទេសគោលដៅ ព្រោះថាវាត្រូវការចំណាយពេលវេលា និងថវិកាជាច្រើន។ ក្នុងនោះ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣នេះ ជាមធ្យមភ្ញៀវទេសចរចិនដែលមកកម្សាន្តប្រទេសថៃ ត្រូវការរងចាំសុំទិដ្ឋាការទេសចរចំនួន ១៥ ថ្ងៃ ឬតិចជាងនេះ។

លើករណីនេះ ប្រធានក្រុមប្រឹក្សាទេសចរណ៍នៃប្រទេសថៃ លោក Chamnan Srisawat បានប្រាប់សារព័ត៌មាន CNA ថា តាមរយៈការសម្របសម្រួលទិដ្ឋាការនេះ ប្រទេសថៃមិនចាំបាច់វិនិយោគអ្វីនោះទេ ជាពិសេស ​ចំនួន​ភ្ញៀវ​ទេសចរនឹងកើនឡើង​​យ៉ាង​ឆាប់​រហ័ស។

សូមជម្រាបថា ប្រទេសថៃគឺជាគោលដៅទេសចរណ៍បរទេសដ៏ពេញនិយមមួយសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដែលមកពីប្រទែសចិននៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣។ នេះបើយោងតាមបណ្ឌិតសភាទេសចរណ៍ចិនបានចេញផ្សាយ។

នៅចន្លោះខែមករាដល់ខែកក្កដាឆ្នាំ២០២៣នេះ ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ១៥,៤ លាននាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិប្រហែល ១,៩ លាននាក់មកពីប្រទេសចិន។ បច្ចុប្បន្ន ភ្ញៀវទេសចរមកពី ៥៧ ប្រទេសនៅទូទាំងសកលលោក អាចមកដើរកម្សាន្ត និងស្នាក់អាស្រ័យនៅក្នុងប្រទេសថៃបានរហូតដល់ទៅ ៣០ ថ្ងៃដោយមិនមានទិដ្ឋាការ៕

ប្រភព៖ CNA ចុះថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣

 

Share

Image
Image
Image