en     km
en     km

ទំនាក់ទំនងខ្លួនជប៉ុននិងចិនកំពុងជួបភាពរកាំរកូស

Share

 

ដ្បិតថាប្រទេសជប៉ុន និងប្រទេសចិនធ្លាប់មានប្រវត្តិសាស្រ្តដ៏ខ្មៅងងឹតជាមួយគ្នាក្តី ក៏ប៉ុន្តែប្រទេសទាំងពីរតែងរកវិធីសាស្រ្តដោះស្រាយវិវាទទាំងនេះម្តងហើយម្តងទៀត។ កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ ប្រទេសទាំងពីរបានប្រារព្ធពិធីរំលឹកខួបលើកទី៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព និងមិត្តភាពរវាងជប៉ុននិងចិន។ ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះ ពោលគឺថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣ ប្រទេសជប៉ុនបានបើកដំណើរការការបង្ហូរទឹកវិទ្យុសកម្មចូលទៅក្នុងមហាសមុទ្រ។ ខណៈចិនបានប្រតិកម្មយ៉ាងខ្លាំងចំពោះករណីនេះ ដោយសារខ្លួនយល់ថាទឹកនេះអាចប៉ះពាល់ដល់ដំណាំកសិកម្ម មច្ឆាជាតិ សត្វពាហនៈ និងសុខភាពរបស់អ្នកប្រើប្រាស់ផងដែរ។ តើចិនប្រតិកម្មយ៉ាងដូចម្តេចចំពោះទង្វើរបស់ជប៉ុន? ហើយថាតើជប៉ុនមានយន្តការយ៉ាងដូចម្តេចខ្លះ ដើម្បីការពារខ្លួនក្រោយចិនព្យាយាមដាក់សម្ពាធ? ចង់ដឹងច្បាស់សូមនាង កញ្ញា លោកលោកស្រី​ អញ្ជើញស្តាប់ការអត្ថាធិប្បាយរបស់នាងខ្ញុំដូចតទៅ៖

តាមសារព័ត៌មាន BBC បានឱ្យដឹងថា ប្រទេសជប៉ុនបានសម្រេចបង្ហូរទឹកមានជាតិវិទ្យុសកម្មចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក​ ចាប់ពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣។ ការសម្រេចនេះធ្វើឡើង  ​បន្ទាប់ពីអង្គការ​ឃ្លាំ​មើល​នុយក្លេអ៊ែរ​របស់​អង្គការ​សហ​ប្រជាជាតិ​ បាន​អនុម័តឱ្យអនុវត្តគម្រោង​នេះ ក្នុងហេតុផលដែលអាងស្តុកទឹកពេញ និងមិនអាចស្តុកទឹកបន្ថែមទៀតបាន។

ជាការកត់សម្គាល់ អ្នកជំនាញបានអះអាងថា ទឹកនៅក្នុងអាងស្តុករបស់រោងចក្រនុយក្លេអ៊ែរនេះមិនអាចមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សជាតិឡើយ ប្រសិនបើមនុស្សមិនទទួលទានក្នុងបរិមាណច្រើនលើសលប់។ តួយ៉ាង អ្នកជំនាញថា កម្រិតវិទ្យុសកម្មនៅក្នុងទឹកនេះមានកម្រិតទាបបំផុត ដែលមិនអាចមានលទ្ធភាពប៉ះពាល់ដល់សរីរាង្គកាយរបស់មនុស្សបាននោះទេ។

ស្របគ្នានេះដែរ តាមសាស្ត្រាចារ្យជំនាញវិទ្យាសាស្ត្របរិស្ថាននៅសាកលវិទ្យាល័យ Portsmouth លោក Jim Smith បានបញ្ជាក់ថា ដរាបណាការបង្ហូរទឹកប្រព្រឹត្តតាមគ្រោងការដែលរៀបចំទុកនោះ កម្រិតវិទ្យុសកម្មនៃទឹកនឹងមិនជះឥទ្ធិពលដល់សុខភាពរបស់មនុស្សជាតិនោះឡើយ។ លោកបានបន្តថា វិទ្យុកម្មមានតិចជាងមួយពាន់ដង បើធៀបនឹងវិទ្យុសកម្មដែលចេញពីធម្មជាតិ។

គួរបញ្ជាក់ដែរថា ការបង្ហូរទឹកនេះ ក្លាយជាក្តីកង្វល់របស់ប្រជាពលរដ្ឋជប៉ុន ក៏ដូចជាបណ្តាប្រទេសជិតខាងដទៃទៀតដែលមានដូចជាប្រទេសចិនជាដើម។  តាមសារព័ត៌មាន CNN បានរាយការណ៍ថា​ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣ ប្រទេសចិនបានប្រកាសជាសាធារណៈភ្លាមៗពីការផ្អាកការនាំចូលនូវគ្រឿងសមុទ្រគ្រប់ប្រភេទពីប្រទេសជប៉ុន ពោលគឺហាមឃាត់ការចរាចរទំនិញគឿងសមុទ្រផ្សេងៗរបស់ជប៉ុននៅក្នុងប្រទេស លើកលែងតែអំបិលសមុទ្រ និងសារ៉ាយសមុទ្រប៉ុណ្ណោះ។ ការប្រកាសនេះធ្វើឡើង ក្រោយប្រទេសជប៉ុនបានបើកបង្ហូរទឹកវិទ្យុសកម្មពីក្នុងរោងចក្រនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

យ៉ាងណាមិញ នាយកដ្ឋានគយចិនបានបញ្ជាក់ទៀតថា ការចាត់វិធានការនេះគឺមានគោលបំណងការពារហានិភ័យនៅក្នុងចំណីអាហារ ដ្បិតជលផលទាំងនោះអាចមានផ្ទុកសារធាតុពុលពីជាតិវិទ្យុសកម្មនៅក្នុងទឹកកខ្វក់នុយក្លេអ៊ែរ Fukushima របស់ជប៉ុន និងដើម្បីការពារសុខភាពរបស់ប្រជាជនចិនផងដែរ។

ទន្ទឹមគ្នានោះ របាយការណ៍ជាច្រើនបានចេញផ្សាយថា ប្រជាពលរដ្ឋចិនជាច្រើនបានហៅទូរស័ព្ទទៅជេរប្រទេចអាជីវករជប៉ុន ទូរស័ព្ទទៅរំខាននៅតាមគ្រឹះស្ថានសិក្សានានា និងនៅតាមបណ្តាកន្លែងធ្វើការរបស់រដ្ឋាភិបាលជប៉ុនទាំងអស់នៅទូទាំងប្រទេស។

ដោយឡែក តាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia​ នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហានេះបានឱ្យដឹងថា ក្រសួងការពារជាតិរបស់ប្រទេសជប៉ុន បានស្នើសុំការចំណាយចំនួន ៥.២៦៧ លានដុល្លារសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសារពើពន្ធ២០២៤។ ក្រសួងការពារជាតិជប៉ុនបានគូសបង្ហាញថា យន្តការនេះជាផែនការរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក្នុងការបង្កើនការចំណាយរបស់យោធាជាង ៥ ឆ្នាំ។

ក្រសួងការពារជាតិជប៉ុនគ្រោងនឹងត្រៀមថវិកាសម្រាប់ទិញគ្រាប់រំសេវ និងសព្វាវុធផ្សេងៗ ដែលមានរួមទាំងកាំជ្រួចការពារដែនអាកាស ដែលមានមូលដ្ឋាននៅលើកប៉ាល់ថ្មីរបស់ជប៉ុន។ នេះបើយោងតាមសំណើថវិកាដែលបានចេញផ្សាយ។

សូមជម្រាបថា ផែនការនេះបានប្រកាសកាលពីឆ្នាំមុន ដើម្បីស្វែងរកការចំណាយលើវិស័យការពារជាតិទ្វេដងដល់ទៅ ២ ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២0២៧។ នៅក្នុងនោះ នាយករដ្ឋមន្រ្តីជប៉ុនបានកើតក្តីកខ្វល់ជាខ្លាំង ចំពោះភាពវឹកវរដែលអាចកើតមានឡើងមកលើប្រទេសជប៉ុន ដ្បិតប្រទេសចិន និងកូរ៉េខាងជើងកំពុងព្យាយាមដាក់សម្ពាធមកលើប្រទេសជប៉ុន។ ប្រទេសជប៉ុនបានបង្ហាញពីក្តីបារម្ភរបស់ខ្លួនថា យោធាចិន និងកូរ៉េខាងជើងមានឥទ្ធិពលជាខ្លាំងនៅលើដែនសមុទ្រ ជាពិសេសតែងផ្តល់សម្ពាធទៅកាន់កោះតៃវ៉ាន់ ចំណែកឯយោធាទាំងពីរប្រទេសនេះក៏មាននូវអាវុធទំនើបៗ  និងយុទ្ធសាស្រ្តទ័ពឈានមុខផងដែរ៕

ប្រភព៖ CNA ចុះថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣

Share

Image
Image
Image