លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានលើកឡើងថា ការមិនបន្ដកិច្ចសន្យាការងាររបស់ក្រុមហ៊ុន Shun Xin Luggage Industry លើសមាជិកមេដឹកនាំសហជីពមូលដ្ឋានចំនួន ៨រូបដែលបង្កើតសហជីពក្នុងស្រុក គឺជាការរំលោភលើច្បាប់ការងារ និងច្បាប់សហជីព។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
ការលើកឡើងរបស់លោក ប៉ាវ ស៊ីណា ធ្វើឡើងក្រោយពេលក្រុមហ៊ុន Shun Xin បានបដិសេធមិនបន្តកិច្ចសន្យាការងារដល់សមាជិកចំនួន៨រូប នៃសម្ព័ន្ធសហជីពចលនាកម្មករ ខណៈដែលពួកគេបានបង្កើតសហជីពក្នុងស្រុក។ លោក ប៉ាវ ស៊ីណា បន្ដថា សហជីពទាំង៨រូប គួរតែត្រូវបានជួលឡើងវិញ ជាមួយនឹងប្រាក់សំណង និងអត្ថប្រយោជន៍ផងដែរ។
ក្រុមហ៊ុន Shun Xin បានបញ្ឈប់មេដឹកនាំសហជីពមូលដ្ឋានចំនួន៤រូប មាន លោក ឡី ភារិន លោក បូ វិសាល លោក សៅ ផល និងលោក យុន សុខា នៅក្នុងខែកក្កដា និងខែសីហា។ ចំណែកកិច្ចសន្យារបស់សហជីពបួនរូបទៀតគឺ ថាន់ ដារិន លោក ណៃ លីហួរ លោក ច្រេស វិចិត្រ និងយ៉ាង ធី នឹងត្រូវបញ្ឈប់នៅចុងខែសីហានេះដែរ។
នៅពេលដែលកិច្ចសន្យារបស់ពួកគេបានបញ្ចប់ ក្រុមហ៊ុននេះបានបដិសេធមិនបន្តកិច្ចសន្យារបស់ពួកគេទៀតទេ ហើយអះអាងថា ការបញ្ឈប់នេះ មិនមានការរំលោភលើសិទ្ធិរបស់កម្មករដែរ។
ផ្អែកតាម IndustriALL Global Union ដែលជាក្រុមសហជីបអន្តរជាតិពិភពលោកដ៏ធំមួយ បញ្ជាក់ថាក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា បានប្រើប្រាស់កិច្ចសន្យារយៈពេលកំណត់ ដើម្បីរំលោភបំពានលើសេរីភាពនៃការបង្កើតសមាគម និងកម្ចាត់មេដឹកនាំសហជីពក្នុងស្រុក។ ក៏ប៉ុន្តែច្បាប់ការងារកម្ពុជា បានអនុញ្ញាតឱ្យម្ចាស់ក្រុមហ៊ុនជួលកម្មករនៅក្រោមកិច្ចសន្យារយៈពេលកំណត់ ក្នុងរយៈពេលពីរឆ្នាំ តែអាចបន្តរយៈពេលពីរឆ្នាំទៀតបាន។
ក្នុងរឿងបញ្ឈប់មេដឹកនាំសហជីព៨រូបនេះដែរ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ អគ្គលេខាធិការនៃ IndustriALL Global Union បានជំរុញឱ្យក្រុមហ៊ុន Shun Xin បញ្ឈប់រាល់សកម្មភាពនៃការរើសអើងប្រឆាំងនឹងសហជីព និងជួលកម្មករដែលត្រូវបានបញ្ឈប់ទាំងអស់ឡើងវិញ។
នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ លោក Atle Høie ជាអគ្កលេខាធិការ IndustriALL Global Union បានលើកឡើងថា ការជ្រៀតជ្រែកក្នុងការបង្កើតសហជីព គឺបានរំលោភលើអនុសញ្ញា ៨៧ នៃអង្គការពលកម្មអន្ដរជាតិ ស្តីពីសេរីភាពក្នុងការបង្កើតសមាគម និងការការពារសិទ្ធិរៀបចំដែលផ្តល់សច្ចាប័នដោយរាជរដ្ឋាភិបាលកម្ពុជា។ លោកបញ្ជាក់ថា រាជរដ្ឋាភិបាលត្រូវតែបំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន និងការពារសិទ្ធិរបស់សហជីពទាំង៨រូប។
ជាមួយគ្នា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ប៉ាវ ស៊ីណា ថាការបង្ក្រាបលើសហជីព នៅក្រុមហ៊ុន Shun Xin គឺមិនអាចទទួលយកបានទេ ហើយក៏រំលោភលើច្បាប់ដូចគ្នា៕