នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានត្រៀមចាត់វិធានការរក្សាស្ថិរភាពអត្រាប្ដូរប្រាក់នៅក្នុងប្រទេសកម្ពុជា ខណៈទីផ្សារលុយដុល្លាសហរដ្ឋអាមេរិកបានកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
ធនាគារជាតិបញ្ជាក់ថា មូលហេតុដែលនាំឱ្យអត្រាប្ដូរប្រាក់ជារៀលធៀបនិងដុល្លាបានកើនឡើងដោយសារកត្តាពីរធំៗ គឺ កត្តារដូវកាល និងកត្តាសម្ពាធនៃការរឡើងថ្លៃនៃប្រាក់ដុល្លានៅទីផ្សារអន្ដរជាតិ។
ចំពោះកត្តារដូវកាល ធនាគារជាតិអះអាងថា កំណើនប្រាក់រៀលបានថយល្បឿននៅក្នុងដំណាក់កាលនៃការបង្កបង្កើនផលកសិកម្ម និងរដូវកាលដែលសកម្មភាពវិស័យទេសចរណ៍មិនមានភាពមមាញឹក។ ចំណែកកត្តាសម្ពាធនៃការកើនឡើងថ្លៃនៃប្រាក់ដុល្លា ធនាគារជាតិថា ដុល្លាជារួមបន្ដឡើងថ្លៃធៀបនិងរូបិយបណ្ណផ្សេងៗទៀតលើពិភពលោក ក្រោយធនាគារកណ្ដាលអាមេរិកបន្ដតំឡើងអត្រាការប្រាក់គោល ដែលទាក់ទាញមូធនឱ្យហូរចូលទៅសហរដ្ឋអាមេរិក និងបង្កើនតម្រូវការប្រាក់ដុល្លាលើទីផ្សារអន្ដរជាតិ។
ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជាថា នឹងបន្ដប្រកាន់យករបបអត្រាប្ដូរប្រាក់អណ្ដែតមានការគ្រប់គ្រង ដែលងនុញ្ញាតឱ្យអត្រាប្ដូរប្រាក់រៀលប្រែប្រួលក្នុងកម្រិតសមស្រប។យ៉ាងណា ធនាគារជាតិបានត្រៀមខ្លួនចាត់វិធានការតាមការចំបាច់ ប្រសិនបើអត្រាប្ដួរប្រាក់ដុល្លាបន្ដលើកឡើងទៀត។
តាមធនាគារជាតិដដែលថា វិធានការទាំងនោះរួមមាន ការធ្វើអន្ដរាគមន៍លើទីផ្សារប្ដូរប្រាក់ និងការប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុដទៃទៀត ដើម្បីរក្សាតម្លៃប្រាក់រៀល សំដៅរក្សាអំណាចទិញនៃចំណូលប្រជាជកម្ពុជាឱ្យមានស្ថិរភាព។
ផ្អែកតាមអត្រាប្ដូរប្រាក់ពីធនាគារជាតិនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ ប្រាក់ ១ដុល្លាសហរដ្ឋអាមេរិក ស្មើ ៤១៥៦ រៀល៕អត្រាប្ដូរប្រាក់