en     km
en     km

អ្នកជំនាញផ្នែកកសិកម្មគាំទ្រយុទ្ធសាស្រ្តពង្រាយមន្រ្តីកសិកម្មទៅជនបទជួយបំពេញតម្រូវការរបស់កសិករ

Share

ភ្នំពេញ៖ អ្នកធ្វើការលើផ្នែកកសិកម្មបានសាទរនិងគាំទ្រចំពោះការដាក់ចេញនូវយុទ្ធសាស្រ្តពីនាយករដ្ឋមន្រ្តីទើបកាន់តំណែងថ្មីដែលបញ្ជាឱ្យដាក់ពង្រាយមន្រ្តីកសិកម្មទៅជនបទ ដើម្បីជួយបំពេញនូវតម្រូវការជាក់ស្តែងរបស់កសិករ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ដឹកនាំដោយលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីចាត់តាំងក្រោយការបោះឆ្នោត ក្នុងវិស័យកសិកម្ម នឹងពង្រាយមន្ដ្រីកសិកម្មនៅគ្រប់ឃុំទូទាំងប្រទេសតាមទីជនបទ ដើម្បីបំពេញតម្រូវការប្រជាជនដែលមានអាទិភាពលើវិស័យកសិកម្ម។

ខណៈជួបជាមួយកម្មកររោងចក្រនៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៩ ខែសីហា លោកនាយករដ្ឋមន្ដ្រីចង្អុលបង្ហាញទៅកាន់លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថាត្រូវផ្ដល់អាទិភាពទៅលើមន្ដ្រីដែលមានមូលដ្ឋានកសិកម្ម ពិសេសនិសិ្សតកសិកម្មដែលមានជំនាញសម្រាប់បញ្ជូនទៅកៀកកសិករ។

ទាក់ទងរឿងនេះ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាដែលធ្លាប់មានរឿងក្តីទាក់ទងធ្វើបដិវត្តន៍កសិករកាលពីពេលថ្មីៗនេះយល់ឃើញថា គោលនយោបាយពង្រាយមន្ដ្រីកសិកម្មនៅតាមភូមិឃុំទូទាំងប្រទេសនេះ គឺអាចអាចដោះស្រាយបញ្ហាប្រឈមរបស់កសិករបានមួយចំនួន។ តែយ៉ាងណាលោកយល់ថា យុទ្ធសាស្រ្តនៃការដាក់អ្នកជំនាញទៅមូលដ្ឋាននេះ ត្រូវទាមទារឱ្យមន្ដ្រីសម្របសម្រួលនោះមានគុណវឌ្ឍន៍គ្រប់គ្រាន់ និងផ្តល់ធនធានគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហានៅហ្នឹងកន្លែង ជាពិសេសផ្នែកសម្រេចចិត្តក្នុងការធ្វើលើការងារណាមួយដោយមិនចាំបាច់ឆ្លងកាត់ការសម្រេចចិត្តពីថ្នាក់លើ។

បន្ថែមពីការពង្រាយមន្ដ្រីកសិកម្មនេះ លោក ថេង សាវឿន បន្ថែមថា រដ្ឋគួរតែមានយន្ដការ ៤ យ៉ាងទៀត ដែលត្រូវគិតគូរជួយដល់ប្រជាកសិករ។ ក្នុងនោះមានដូចជា ការវេចខ្ចប់កសិផល គ្រាប់ពូជកសិកម្ម យន្ដការដាំដុះតាមបែបធម្មជាតិ និងការរៀបចំខ្សែសង្វាក់ទីផ្សារនាំចេញកសិផល។

លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្មតែងតែបង្ហោះពីសកម្មភាពរបស់មន្ដ្រីសម្របសម្រួលកសិកម្មឃុំ ក្នុងការជួយដល់កសិករពេលប្រមូលកសិផលផងដែរ។ លោករំលេចថា សកម្មភាពនោះ គឺធ្វើតាមកិច្ចសន្យាកសិកម្ម ដើម្បីឲ្យកសិករសប្បាយចិត្ត និងអ្នកទទួលទិញក៏សប្បាយចិត្តទាំងអស់គ្នា។

គួរជម្រាបថា ក្រៅពីការបញ្ជូនមន្ដ្រីទៅកាន់ទៅជួយកសិករ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ រដ្ឋាភិបាលក៏បានត្រៀមថវិកាប្រមាណ១០០លានដុល្លារ សម្រាប់ជួយកសិករដែលមានបញ្ហាផងដែរ។ លោកនាយករដ្ឋមន្ដ្រីបញ្ជាក់ថា ថវិកា១០០លានដុល្លារនេះដែរ នឹងអន្តរាគមន៍កសិផល ផលិតផលកសិកម្មដូចជាស្រូវ អង្ករ និងបន្លែផ្សេងៗ។ ជាពិសេស តម្លៃកសិផលត្រូវឡើងចុះតាមទីផ្សារពិភពលោក តែយ៉ាងណាថវិកានោះ នឹងជួយកសិករពេលកសិផលធ្លាក់ថ្លៃ និងអន្តរាគមន៍លើប្រព័ន្ធធារាសាស្ត្រជាដើម៕

Share

Image
Image
Image