en     km
en     km

ប្រធានអង្គការមូនិធិរបួសចរាចរណ៍អាស៊ីគាំទ្រការធ្វើបណ្ណបើកបរម៉ូតូដែលមានកម្លាំងលើសពី៦០CC

Share

ក្រសួងមហាផ្ទៃថា ការធ្វើបណ្ណបើកបរដល់ទោចក្រយានយន្ដដែលមានកម្លាំងលើសពី៦០cc គ្រាន់តែជាគម្រោងដែលនឹងធ្វើនៅពេលអនាគត ខណៈអ្នកជំនាញលើរឿងចរាចរណ៍យល់ស្របចំពោះគម្រោងនេះដោយលើកឡើងថា រដ្ឋអាចធ្វើរឿងនេះបាន ដោយយកធនធានពីប្រភពមួយចំនួន ដើម្បីជំរុញរឿងនេះ និងជាបដិភាគបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា នៅថ្ងៃខាងមុខ លោកមានបំណងចង់ធ្វើបណ្ណបើកបរម៉ូតូដែលមានកម្លាំងលើសពី៦០cc ឡើង ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍។

លោកបាននិយាយក្នុងសម្ដីដើមថា បច្ចុប្បន្ននេះម៉ូតូកម្លាំង១២០សេសេ មិនចាំបាច់មានប័ណ្ណបើកបរទេ ប៉ុន្ដែអនាគតខ្ញុំគិតថាគួរតែមាន។ ព្រោះម៉ូតូកម្លាំង១២០សេសេមែន ប៉ុន្ដែកុងទ័រខ្លះ១២០-១៣០ បើយើងបើកត្រឹម៨០-៩០ បុកគោ បុកក្របី ក៏អាចមានគ្រោះថ្នាក់ដែរ អញ្ចឹងហើយនេះជាការគិតគូរបន្ថែមទៀត ជាវិធានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នាពេលអនាគត អាចត្រឹមក្រោម៦០សេសេមិនចាំបាច់មានទេ ប៉ុន្ដែ៦០សេសេឡើង ត្រូវមានប័ណ្ណបើកបរ

នៅថ្ងៃនេះដែរ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រកាសព័ត៌មានដោយអះអាងថា ការលើកឡើងរបស់ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ គឺជាផែនការសម្រាប់អនាគត ប្រសិនបើការសិក្សារកឃើញថា គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយម៉ូតូមានអត្រាច្រើនគួរកត់សម្គាល់។ ជាមួយគ្នានេះ អ្នកនាំពាក្យបញ្ជាក់ថា មិនមែនម៉ូតូដែលមានកម្លាំងលើសពី៦០cc សុទ្ធតែត្រូវមានបណ្ណបើកបរនោះទេ គឺត្រូវពិនិត្យតាមប្រភេទនៃយានជំនិះផងដែរ ដូចជាប្រភេទ ក, ខ ជាដើម និងត្រូវគិតគូរអនុវត្តជាជំហានៗតាមស្ថានភាពសង្គមជាក់ស្ដែង។

យ៉ាងណាលោកឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ស សុខា បានឱ្យរដ្ឋលេខាធិការក្រសួងមហាផ្ទៃសិក្សាទិដ្ឋភាពច្បាប់ និងរកអំណះអំណាង ដើម្បីជជែកពិភាក្សាជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងការធ្វើរឿងនេះបន្ថែម។ កាលពីក្នុងអាណត្តិលោក ស៊ុន ចាន់ថុល ជារដ្ឋមន្ដ្រីក្រសួងសាធារណការ ធ្លាប់បានគិតគូរធ្វើរឿងនេះដែរ តែត្រូវបានអតីតនាយករដ្ឋមន្រ្តីសម្ដេច ហ៊ុន សែន បដិសេធ ដោយសារមានការរំខានច្រើនដល់ពលរដ្ឋ។

ទាក់ទងក្នុងរឿងនេះ លោក គីម បញ្ញា ប្រធានអង្គការមូនិធិរបួសចរាចរណ៍អាស៊ី បានយល់ស្របជាមួយការលើកឡើងរបស់លោក ស សុខា ក្នុងការធ្វើបណ្ណបើកបរដល់ម៉ូតូដែលមានកម្លាំងលើសពី៦០ccនេះ ព្រោះអាចបង្ហាញពីសមត្ថភាពរបស់ម្ចាស់យានជំនិះក្នុងការបញ្ជាយានយន្ដ និងអាចបង្ការ និងឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាន។

អ្នកជំនាញក្នុងរឿងចរាចរណ៍ បានរកឃើញផលចំណេញជាច្រើនពីការធ្វើបណ្ណបើកបរនេះ ជាងការខាតបង់ ព្រោះអាចជួយឱ្យប្រទេសជាតិមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរលើដងផ្លូវ និងជួយកាត់បន្ថយការចំណាយក្នុងគ្រួសារដែលរងគ្រោះពីគ្រោះថ្នាក់ចរាចរណ៍បានផងដែរ។

ក្ដីកង្វល់របស់ប្រជាជនក្នុងការធ្វើបណ្ណបើកបរ គឺត្រូវចំណាយលុយ និងត្រូវប្រើពេលវេលាច្រើន។ លោក គឺម បញ្ញា បន្ដថារដ្ឋគួរតែធ្វើរឿងនេះជាជំហានៗ ដោយផ្ដើមចេញពីរាជធានី ឬខេត្តណាមួយដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ ជាពិសេសផ្ដោតលើក្រុមគោលដៅ ដែលមានធនធានដូចជា អ្នកបម្រើការក្នុងក្របខណ្ឌរដ្ឋ មន្ដ្រីរាជការ បុគ្គលិកក្រុមហ៊ុន និងសង្គមស៊ីវិលជាដើម ដែលត្រូវមានបណ្ណបើកបរម៉ូតូមុនប្រជាពលរដ្ឋធម្មតា។

ក្នុងនោះ លោក បញ្ញាថា រដ្ឋគួរតែរំលែកប្រភពធនធានមួយចំនួនយកទៅអនុវត្តរឿងនេះ ដូចជាធនធានពីការផាកពិន័យបទល្មើសចរាចរណ៍ ពីការលក់ផ្លាកលេខពិសេស ពីការតម្លើងពន្ធលើគ្រឿងស្រវឹងដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងការកៀរគរពីសម្បុរសជន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ ដើម្បីជំរុញបដិភាគក្នុងការធ្វើបណ្ណបើកបរនេះមានតម្លៃទាប ព្រមទាំងបង្ខិតសេវាឱ្យដល់ដៃប្រជាពលរដ្ឋផងដែរ។

គួរជម្រាបថា តាមច្បាប់កម្ពុជានាពេលបច្ចុប្បន្ននេះ ម៉ូតូកម្លាំងលើសពី១២៥CC អ្នកបើកបរចាំបាច់មានបណ្ណបើកបរប្រភេទ ក តែសម្រាប់ម្ចាស់ទោចក្រយានយន្ដកម្លាំងក្រោម១២៥CC មិនបាច់មានបណ្ណបើកបរនោះទេ។

ផ្អែកតាមក្រសួងមហាផ្ទៃបានបង្ហាញតួលេខថា មិនទាន់ដាច់ឆ្នាំ២០២៣ផង ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានជាង១១០០នាក់ទៅហើយ បើធៀបប្រជាជន១៧លាននាក់។ ក្រសួងថាបើមិនមានវិធានការគត់មត់នោះទេ ចំនួនអ្នកស្លាប់អាចនឹងបន្ដកើនឡើងច្រើនជាងនេះនៅតំណាច់ឆ្នាំ២០២៣។

ទន្ទឹមគ្នាក្រសួងមហាផ្ទៃអះអាងថា ផែនការធ្វើបណ្ណបើកបរម៉ូតូដែលមានកម្លាំងលើសពី៦០CC នេះ មិនទាន់មានការកំណត់កាលវេលាអនុវត្តជាក់លាក់នៅឡើយទេ គ្រាន់តែជាផែនការសម្រាប់អនាគតប៉ុណ្ណោះ តែត្រូវគិតពីថ្ងៃនេះតទៅ៕

Share

Image
Image
Image