en     km
en     km

អ្នកពាក់ព័ន្ធស្វែងរកដំណោះស្រាយរួមករណីសំឡេងរំខានចេញពីក្នុងហាង BACK STREET

Share

ភ្នំពេញ៖ ករណីបង្កសំឡេងរំខានចេញពីហាងមួយកន្លែងឈ្មោះថា Back Street Bar នៅលើផ្លូវ៣០៨ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កំពុងស្ថិតក្នុងភាពចម្រូងចម្រាសនៅឡើយ បន្ទាប់ពីប្រជាពលរដ្ឋនៅតែរាយការណ៍ប្រាប់អាជ្ញាធរថា ពួកគេនៅតែទទួលការរំខានពិបាកដេកពួនពេលយប់។ តែយ៉ាងណា បញ្ហានេះខាងម្ចាស់ហាង តំណាងប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានកំពុងតែស្វះស្វែងរកដំណោះស្រាយរួមមួយ ដើម្បីឱ្យអាជីវកម្មនៅទីតាំងនោះអាចដំណើរការបានដោយគ្មានការរំខានដល់ជីវភាពរស់នៅរបស់ពលរដ្ឋ។

លោក កែវ សុខា ជូនសេចក្តីរាយការណ៍ពីព័ត៌មាននេះ

ហាងមួយកន្លែងឈ្មោះថា Back Street Bar ស្ថិតនៅលើផ្លូវ៣០៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ ដែលជាហាងលក់អាហារហូបចុចនិងមានការប្រគុំតន្ត្រីបែបបច្ចឹមលោកនោះ ត្រូវបានប្រជាពលរដ្ឋបានពាក្យប្តឹងទៅអាជ្ញាធរដែនដីកាលពីខែកក្កដាកន្លងទៅ ការបង្កសំឡេងរំខានដល់អ្នករស់នៅក្បែរជាប្រចាំពិសេសថ្ងៃចុងសប្តាហ៍។

ក្នុងពាក្យបណ្តឹងរបស់ពលរដ្ឋប្តឹងទៅរដ្ឋបាលខណ្ឌចំការមនកាលពីខែកក្ដដានោះ ប្រជាពលរដ្ឋដែលបានផ្តិតមេដាយជាង១០នាក់ បានអះអាងថា ភោជនីយដ្ឋាន Back Street Bar​ បានដំណើរការការរកស៊ីរបស់ខ្លួនដោយបង្កសំឡេងរំខានយ៉ាងកងរំពងជារៀងរាល់យប់ដោយមានសកម្មភាព ច្រៀងរាំ ចាក់ភ្លេង ហ៊ោកញ្ច្រៀវខ្លាំងៗលាន់លឺយ៉ាងអនាធិបតេយ្យ។ ដោយឡែកយប់ខ្លះកន្លែងកំសាន្តមួយនេះបានបើកដំណើរការដល់ម៉ោង៤ម៉ោង៥ភ្លឺទៀតផង។

រូបភាពអ្នកមកកំសាន្តក្នុងភោជនីយដ្ឋានBack Street Bar។រូបភាពពីម្ចាស់ភោជនីយដ្ឋាន។

លោក ច័ន្ទ វិចិត្រ តំណាងប្រជាពលរដ្ឋដែលបានដាក់ពាក្យប្តឹងករណីនេះប្រាប់វិទ្យុស្រ្តីថា ប្រជាពលរដ្ឋតែងតែទៅប្រាប់ម្ចាស់អាជីវកម្មខាងលើជារឿយៗតែហាក់គ្មានការអើងពើតតែសោះ រហូតប្រជាពលរដ្ឋសម្រេចចិត្តរាយការណ៍ជូនអាជ្ញាធរ។ ក៏ប៉ុន្តែលោកថា បើទោះបីជាអាជ្ញាធរបានចុះណែនាំធ្វើកិច្ចសន្យាជាមួយខាងម្ចាស់ហាង Back Street Bar​ ក្តីតែទីតាំងនេះនៅតែបង្កសំឡេងលឺខ្លាំងៗដដែរ។

ក្នុងនាមជាប្រជាពលរដ្ឋលោក វិចិត្រ ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចុះអន្តរាគមន៍លើម្ចាស់អាជីវកម្មខាងលើដើម្បីធានាសណ្តាប់ធ្នាប់ របៀបរៀបរាយក្នុងសង្គម ពិសេសភាពសុខសាន្តរបស់ពលរដ្ឋ។

លោក ច័ន្ទ វិចិត្រ ៖«ចាប់ពីម៉ោង១០យប់ទៅឱ្យគាត់ធ្វើដូចគេដូចឯងទៅ គឺបន្ថយសំលេង បើគាត់ចង់បើកសំឡេងបន្តឱ្យគាត់បិទបាំងជិតកន្លែងគាត់ទៅកុំឱ្យថ្លង់គេ គាត់បើកដល់ម៉ោងណាបើកទៅ យើងអតើមានតតាំងជាមួយគាត់ទេព្រោះគាត់រកស៊ីដែរ ហើយយើងក៏ត្រូវការដំណេកដែរ»។

ផ្លូវទៅកាន់ហាងនានាក្នុងទីតាំងមានទំនាស់។រូបភាពពីម្ចាស់ភោជនីយដ្ឋាន។

ពាក់ព័ន្ធក្នុងរឿងនេះ ក្នុងកំណត់ហេតុរបស់រដ្ឋបាលខណ្ឌចំការមនកាលពីដើមខែសីហានេះ លោក ឱ លុចដានី អនុប្រធានភូមិទី៥បានរាយការណ៍ថា ទីតាំងខាងលើពិតជាបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋមែនព្រោះមានការស្រែកច្រៀង និងការចាក់សំឡេងលឺៗ។ប៉ុន្តែលោកសុំឱ្យភាគីទាំងសងខាងមេត្តាយោគយល់គ្នាទៅវិញទៅមក។

ចំណែកលទ្ធផលនៃអង្គប្រជុំរវាងពលរដ្ឋ ម្ចាស់ហាង និងអាជ្ញាធរ ក្នុងកំណត់ហេតុខាងលើបានតម្រូវឱ្យភាគីទាំងពីរឯកភាពគ្នាទុករយៈពេលមួយខែ ដើម្បីឱ្យម្ចាស់ហាងមានលទ្ធភាពពិនិត្យបច្ចេកទេសនិងគ្រប់គ្រងសំឡេងកុំឱ្យបង្កការរំខានដល់អ្នកជិតខាងចាប់ពីម៉ោង១០យប់។

ក្នុងរឿងនេះដែរលោក ម៉ៅ បូណែត អភិបាលរងខណ្ឌចំការមនប្រាប់ថា ករណីនេះខាងអាជ្ញាធរបានចុះសម្របសម្រួលជារឿយៗដើម្បីឱ្យភាគីទាំងសងខាងអាចទទួលយកចំណុចរួមមួយបានទាំងអស់គ្នា។លោកថា ករណីបើសិនជានៅតែមានការប្តឹងពីពលរដ្ឋជុំវិញករណីបង្កសំឡេងរំខាននេះទៀត ខាងអាជ្ញាធរនឹងស្នើទៅមន្ទីរទេសចរណ៍រាជធានីភ្នំពេញដើម្បីចុះទៅវាស់កម្រិតសំឡេងឈានទៅចេញលិខិតព្រមាន។ក្នុងករណីបើសិនមិនរៀងចាលទៀតនោះ ភាគីខាងម្ចាស់ហាងនឹងប្រឈមមុខទទួលខុសត្រូវចំពោះមុខច្បាប់។

លោក ម៉ៅ បូណែត ៖«ការប្តឹងមកហ្នឹងចង់ឱ្យខ្ញុំអនុវត្តតាមផ្លូវច្បាប់ ក៏ប៉ុន្តែករណីខ្លះយើងអត់អាចប៉ះដៃយកដៃ ប៉ះជើងយកជើងនោះទេ យើងត្រូវទុកឱកាសក្នុងកម្រិតមួយ។ប៉ុន្តែបើខាងហាងមិនគោរពទេគឺយើងស្នើខាងជំនាញវាស់កម្រិតសំលេង ហើយបើគាត់មិនអនុវត្តបានទៀត យើងនឹងចាត់វិធានការយើងនឹងចាត់វិធានការដកអាជ្ញាប័ណ្ណគាត់​»។

អាជ្ញាធរចុះណែនាំម្ចាស់ហាងបន្ទាប់ពីទទួលបានបណ្តឹងពីពលរដ្ឋ។រូបភាពពីម្ចាស់ភោជនីយដ្ឋាន។

ឆ្លើយតបក្នុងរឿងនេះកញ្ញា កែវ ចន្តា ម្ចាស់ភោជនីយដ្ឋាន Back Street បំភ្លឺប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី២៩ ខែសីហានេះថា កញ្ញាពិតជាទទួលស្គាល់ថា ដំណើរការអាជីវកម្មនៅថ្ងៃចុងសប្តាហ៍ពិតជាមានសំឡេងលឺៗបន្តិចមែន ព្រោះដើម្បីទាក់ទងភ្ញៀវមកកំសាន្តនៅដងផ្លូវដែលសម្បូរដោយហាងនិងភោជនីយដ្ឋានបែបបរទេសបែបនេះ។ កញ្ញាថា ហាងរបស់កញ្ញានិងកន្លែងកំសាន្តនានាទៀតលើផ្លូវនេះបានរួមចំណែកដោយផ្ទាល់ក្នុងការផ្តល់ការងារជូនដល់ពលរដ្ឋ សិស្សនិស្សិតខ្មែរ ដូច្នេះ ការបង្កបរិយាកាសសប្បាយអ៊ូអរជាផ្នែកមួយនៃការទាក់ទាញភ្ញៀវមកកំសាន្ត។ក៏ប៉ុន្តែ កញ្ញានឹងគ្រោងជួបជាមួយប្រជាពលរដ្ឋដែលដាក់ពាក្យប្តឹងព្រមជាមួយអាជ្ញាធរផងដែរ ដើម្បីចរចាសុំការប្រគុំតន្រ្តី(បេនឬDJ)ដោយបន្ថយពីមួយសប្តាហ៍ម្តង មកត្រឹមមួយខែម្តងវិញ។

កញ្ញា កែវ ចន្តា៖«សុំសំណុំពរថា បើអាចយោគយល់បានសុំឱ្យបងប្អូងពលរដ្ឋគិត ព្រោះខ្ញុំមិនបានរំខានគាត់ដូចអ្វីដែលគាត់ប្តឹងនោះទេ ហើយខាងខ័ណ្ឌចុះមកមើលដែរបើសិន ខាងខ្ញុំបំពានគឺខ័ណ្ឌនឹងបិទឬចាត់វិធានការណាកុំឱ្យរំខានអ្នកដទៃ។ ជំហានរបស់ខ្ញុំគឺខ្ញុំគោរពច្បាប់​»។

កញ្ញា កែវ ចន្តា ម្ចាស់ភោជនីយដ្ឋាន Back Street។រូបភាពពីម្ចាស់ភោជនីយដ្ឋាន។

ជាការកត់សម្គាល់របស់ម្ចាស់ភោជនីយដ្ឋានខាងលើ  ទីតាំងហាងនិងភោជនីយដ្ឋាននានាលើផ្លូវ៣០៨ នេះបានរួមចំណែកជួយផ្តល់កន្លែងការងារជូនដល់ប្រជាពលរដ្ឋជាច្រើន។  មួយទៀត ហាងនិងភោជនីយដ្ឋាននៅលើផ្លូវ៣០៨ សុទ្ធសឹងជាទីតាំងអាជីវកម្មដែលដំណើរការជាច្រើនឆ្នាំមកហើយ ហើយពលរដ្ឋរស់នៅក្បែរនោះមិនដែលមានបញ្ហាផលរមាស់ជាមួយការធ្វើអាជីវកម្មនៅម្តុំនេះឡើយ តែករណីប្តឹងនេះកើតចេញពីអ្នករស់នៅលើខុនដូមួយកន្លែងក្បែរនោះដែលទើបសាងសង់៕

Share

Image
Image
Image