en     km
en     km

គ្រូពេទ្យរកឃើញព្រូន​​នៅ​ក្នុង​ខួរក្បាល​ស្ត្រី​អូស្ត្រាលីម្នាក់

Share

 

លោកវេជ្ជបណ្ឌិតHari Priya Bandi ជាគ្រូពេទ្យប្រព័ន្ធប្រសាទបានវះកាត់ទាញដង្កូវព្រូនប្រវែង៨សង់ទី​ម៉ែត្រ​ពីអ្នកជំងឺស្រ្តីជនជាតិអូស្រ្តាលីម្នាក់។នេះជាការរកឃើញដង្កូវព្រូនរស់នៅក្នុងខួរក្បាលមនុស្សធំនិងវែងជាងគេបំផុតក្នុងពិភពលោក មិនធ្លាប់មានពីមុនមក។

អ្នកជំងឺដែលជាស្ត្រីអាយុ៦៤ឆ្នាំ រស់នៅភាគអាគ្នេយ៍នៃរដ្ឋ New South Wales ប្រទេសអូស្រ្តាលីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់ជាលើកដំបូងនៅចុងខែមករាឆ្នាំ ២០២១ បន្ទាប់ពីមានការឈឺពោះ និងរាគរយៈពេល៣សប្តាហ៍ បន្ទាប់មកមានក្អកស្ងួត ក្តៅខ្លួន និងបែកញើសពេលយប់។

នៅឆ្នាំ ២០២២ រោគសញ្ញារបស់អ្នកជំងឺមានការភ្លេចភ្លាំង និងការធ្លាក់ទឹកចិត្ត ហើយក្រុមគ្រួសារបានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យក្រុង Canberra ។ ការស្កែនខួរក្បាលMRI បានបង្ហាញពីភាពមិនប្រក្រតីដែលតម្រូវឱ្យមានការវះកាត់។

របកគំហើញដ៏គួរឱ្យភ្ញាក់ផ្អើលបានជំរុញឱ្យក្រុមគ្រូពេទ្យធ្វើការរួមគ្នាភ្លាមៗ ដើម្បីពិនិត្យមើលថាជាប្រភេទព្រូនអ្វី ហើយត្រូវសម្រេចចិត្តព្យាបាលតាមវិធីណា។ព្រូនឬដង្កូវមូលជាធម្មតាមាននៅក្នុងខ្លួនពស់ថ្លាន់។ ការរកឃើញព្រូនមូលនៅក្នុងខួរក្បាលមនុស្សនៅមន្ទីរពេទ្យ Canberra ប្រទេសអូស្រ្តាលីគឺជាករណីដំបូងបង្អស់លើពិភពលោក។អ្នកជំងឺ​រស់នៅ​ក្បែរ​តំបន់​បឹង​ដែលមានសត្វពស់​ថ្លាន់រស់នៅច្រើន។អ្នកជំនាញបាន​និយាយថាទោះបី​ជាមិនមានការប៉ះពាល់ពស់ថ្លាន់ផ្ទាល់ក៏ដោយ ក៏អ្នកជំងឺតែងតែប្រមូលស្មៅ រួមទាំងបន្លែផ្សេងៗនៅជុំវិញបឹង សម្រាប់ចម្អិនជាអាហារ។

វេជ្ជបណ្ឌិត និង​អ្នក​វិទ្យាសាស្ត្រ​ដែល​ពាក់ព័ន្ធ​នឹង​ករណីនេះ​បាន​សន្និដ្ឋាន​ថា ពស់ថ្លាន់​អាច​ជាភ្នាក់ងារចម្លង​ប៉ារ៉ាស៊ីត​តាមរយៈ​លាមក​របស់​វា​ទៅ​ក្នុង​ស្មៅ។ ពួកគេជឿថា អ្នកជំងឺប្រហែលជាឆ្លងប៉ារ៉ាស៊ីតពីការប៉ះពាល់ស្មៅ និងឆ្លងទៅឧបករណ៍ផ្ទះបាយ ឬតាមរយៈបរិភោគបន្លែដែលមានពងព្រូន។

អ្នកជំនាញខាងជំងឺឆ្លងដែលមានមូលដ្ឋាននៅសកលវិទ្យាល័យជាតិអូស្ត្រាលីបាននិយាយថា អ្នកជំងឺត្រូវទទួលការព្យាបាលដង្កូវព្រូនផ្សេងទៀតដែលអាចឆ្លងទៅសរីរាង្គផ្សេងទៀតដូចជាថ្លើមជាដើម។អ្នកជំនាញ​បានបន្ថែមថា អ្នកជំងឺកំពុងជាសះស្បើយឡើងវិញ តែត្រូវការត្រួតពិនិត្យជាប្រចាំ។ ករណី​នេះ​ត្រូវ​បាន​គេ​កត់ត្រា​ទុក​ក្នុង​ព្រឹត្តិបត្រ​ជំងឺ​ឆ្លង​នៅ​ខែ​កញ្ញា៕

ប្រភព៖ The Guardian ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣

Share

Image
Image
Image