en     km
en     km

សម្លៀកបំពាក់អ៊ីស្លាមត្រូវបានហាមឃាត់នៅក្នុងសាលារបស់ប្រទេសបារាំង

Share

រដ្ឋមន្ត្រីក្រសួងអប់រំរបស់ប្រទេសបារាំងបានឱ្យដឹងនៅថ្ងៃអាទិត្យ ទី២៧ ខែសីហានេះថា អាជ្ញាធរបារាំងនឹងដាក់បម្រាមហាមឃាត់ស្រ្តីអ៊ីស្លាមពាក់រ៉ូបខ្មៅពីក្បាលដល់ចុងជើងនៅក្នុងសាលារៀនរបស់បារាំង។ អាជ្ញាធរបារាំងបានអះអាងថា សម្លៀកបំពាក់អ៊ីស្លាមមួយបែបនេះបានរំលោភលើច្បាប់សាសនាដ៏តឹងរឹងបំផុតមួយនៅក្នុងវិស័យអប់រំរបស់ប្រទេសបារាំង។

(កញ្ញា កែវ សុជាតា រាយការណ៍)

រដ្ឋមន្ត្រីក្រសួងអប់រំបារាំង លោក Gabriel Attal បានរាយការណ៍ប្រាប់ទូរទស្សន៍ TF1 ថា ការស្លៀករ៉ូបខ្មៅពីក្បាលដល់ចុងជើងរបស់ស្រ្តីអ៊ីស្លាមនេះ នឹងត្រូវដាក់ជាបម្រាមហាមឃាត់មិនឱ្យស្លៀកតទៅទៀតនៅក្នុងបរិវេណគ្រឹះស្ថានអប់រំទាំងឡាយ ដែលស្ថិតនៅក្នុងប្រទេសបារាំង។ លោក Gabriel បានបញ្ជាក់ទៀតថា លោកនឹងប្រកាសប្រាប់សាធារណជននៅក្នុងកម្រិតថ្នាក់ជាតិឱ្យកាន់តែច្បាស់បន្ថែមទៀត ជាពិសេសឱ្យបានមុនការចូលបវេសនកាលឆ្នាំសិក្សាថ្មីនៅថ្ងៃទី៤ ខែកញ្ញាខាងមុខនេះ។

ជាការកត់សម្គាល់ ចំណាត់ការនេះធ្វើឡើង បន្ទាប់ពីមានការជជែកដេញដោលជាច្រើនខែជុំវិញការស្លៀកពាក់អាបាយ៉ា ពោលគឺជាការស្លៀករ៉ូបខ្មៅពីក្បាលដល់ចុងជើងរបស់ស្រ្តីអ៊ីស្លាមនៅក្នុងសាលាបារាំង។ ជាមួយគ្នានេះដែរ អាជ្ញាធរបារាំងបានបង្ហាញថា សិស្សអ៊ីស្លាមជាច្រើនបាននាំគ្នាស្លៀករ៉ូបខ្មៅពីក្បាលដល់ចុងជើងតាមរបៀបសាសនាអ៊ីស្លាមនេះពាសពេញបរិវេណសាលារៀន ដែលបង្កជាភាពតានតឹងដល់គ្រូបង្រៀន ឪពុកម្តាយ អាណាព្យាបាល និងអ្នកគ្រប់គ្រងគ្រឹះស្ថានសិក្សាមួយចំនួនផងដែរ។

ទន្ទឹមគ្នានោះ លោក Gabriel បាននិយាយថា សាលារៀនជាកន្លែង ដែលអប់រំបណ្តុះបណ្តាលសិស្សានុសិស្សឱ្យចេះត្រិះរិះពិចារណាទាំងផ្លូវលោក និងជំនឿសាសនាផ្សេងៗជាដើម។ លោកបានចង្អុលបង្ហាញថា សិស្សដែលទៅរៀននៅក្នុង​សាលាទាំងអស់ គប្បីរៀនបើកចិត្តសិក្សាពីសាសនាដទៃ ដោយមិន​កំណត់ពី​អត្តសញ្ញាណ​របស់ខ្លួនតាមរយៈសាសនាក្រុមគ្រួសារប្រតិបត្តិនោះទេ។

គួរបញ្ជាក់ដែរថា កាលពីខែមីនា ឆ្នាំ២០០៤ ប្រទេសបារាំងបានចែងច្បាប់មួយស្តីពីបទហាមឃាត់ការស្លៀកពាក់ក្នុងគោលបំណងបង្ហាញជាសញ្ញាអ្វីមួយ ឬជាសម្លៀកបំពាក់ដែលសិស្សបង្ហាញយ៉ាងច្បាស់អំពីសាសនារបស់ខ្លួន។ ច្បាប់នេះរាប់បញ្ចូលទាំងការហាមឃាត់មិនឱ្យមានឈើឆ្កាងធំៗ ដែលជានិមិត្តសញ្ញារបស់សាសនាគ្រិស្ត គីបប៉ារបស់សាសនាយូដា និងកន្សែងបិទបាំងសក់របស់ស្រ្តីអ៊ីស្លាម។

ទោះបីជាយ៉ាងណាក៏ដោយ សកម្មជនជាច្រើនបានយល់ថា ច្បាប់នេះបានរំលោភលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ បើតាមក្រុមប្រឹក្សាបារាំងនៃជំនឿមូស្លីម (CFCM) ដែលជាស្ថាប័នជាតិគ្រប់គ្រងលើសមាគមមូស្លីមក្នុងប្រទេសបារាំងបានបដិសេធចំៗថា សម្លៀកបំពាក់តែមួយមុខមិនមែនជាសញ្ញាសាសនា ឬឃោសនាលទ្ធិសាសនាអ្វីនោះទេ ពោលគឺវាគ្រាន់តែជារបៀបស្លៀកពាក់ ដើម្បីបិទបាំងរាងកាយប៉ុណ្ណោះ៕

ប្រភព៖ CNA ចុះថ្ងៃច័ន្ទ ទី២៨ ខែសីហា ឆ្នាំ២០២៣

Share

Image
Image
Image