នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia និងធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក បានសហការគ្នារៀបចំឡើងនូវកម្មវិធីរត់មួយ (Fun Run) ដែលធ្វើឡើងនៅ ហ្គ្រេនភ្នំពេញស៊ីធី របស់ ជីប ម៉ុង លែន ក្នុងគោលបំណងអបអរសាទរខួបមួយឆ្នាំនៃកិច្ចសហការជាដៃគូអាជីវកម្មប៊េងកាសួរេនរវាងស្ថាប័នទាំងពីរ និងផ្សាភ្ចាប់ទៅនឹងការលើកកម្ពស់សុខភាពរបស់ក្រុមការងារ និងសហគមន៍ផងដែរ ។ កម្មវិធីនេះទទួលបានការចូលរួមពីអ្នករត់ប្រមាណ ៥០០ នាក់ ដែលរួមមានគណៈគ្រប់គ្រង និងក្រុមការងារនៃស្ថាប័នទាំងពីរ ក៏ដូចជាក្រុមគ្រួសារដែលរស់នៅក្នុងសហគមន៍ ហ្គ្រេនភ្នំពេញស៊ីធី ផងដែរ។
លោក ជីម គង់ហ៊ុយ អគ្គនាយកនៃក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖ «កិច្ចសហការអាជីវកម្មជាមួយធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះជាជោគជ័យដ៏ធំមួយដែលយើងសម្រេចបានរួមគ្នា ហើយកម្មវិធីរត់នេះជាការជួបជុំដ៏ល្អមួយដើម្បីថ្លែងអំណរគុណដល់ក្រុមការងាររបស់យើងដែលរួមចំណែកក្នុងភាពជោគជ័យនេះ ក៏ដូចជាការជំរុញឲ្យមានការរស់នៅប្រកបដោយភាពរីករាយ និងសុខភាពល្អក្នុងចំណោមក្រុមការងារ និងសហគមន៍ផងដែរ។ ខ្ញុំមានសុទិដ្ឋិនិយមថាកិច្ចសហការនេះនឹងកាន់តែរឹងមាំដើម្បីផ្ដល់ការការពារហិរញ្ញវត្ថុជូនដល់ក្រុមគ្រួសារកម្ពុជាជាច្រើនទៀត ហើយខ្ញុំសូមផ្ញើសារតាមរយៈកម្មវិធីរត់នេះដល់ក្រុមការងារ អតិថិជន និងសហគមន៍ឲ្យបង្កើនការយកចិត្តទុកដាក់លើសុខភាពប្រចាំថ្ងៃបន្ថែមពីកិច្ចការងារប្រចាំថ្ងៃដែលយើងមាន។»
អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកនៃក្រុមហ៊ុន ជីប ម៉ុង និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក បានមានប្រសាសន៍ថា៖ «ខ្ញុំសូមសម្ដែងនូវការអបអរសាទរចំពោះកិច្ចសហការរវាងធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ហើយខ្ញុំលើកទឹកចិត្តឲ្យមានការរៀបចំកម្មវិធីលើកកម្ពស់សុខភាពបែបនេះឲ្យបានច្រើនទៀតដើម្បីឲ្យកត្តាសុខភាពរបស់ក្រុមការងារ និងសហគមន៍យើងដើរស្របគ្នាទៅនឹងភាពជោគជ័យអាជីវកម្មដែលយើងទទួលបាន។»