en     km
en     km

ពលរដ្ឋ២០០គ្រួសារមាន​ទំនាស់ជាមួយអ្នកមានអំណាចដែលកាងដែននេសាទគ្រែងឈាម​នៅកោះកុងទទួលបានដំណោះស្រាយហើយ

Share

ភ្នំពេញ៖ បន្ទាប់ពីប្រជានេសាទចំនួនប្រមាណ២០០គ្រួសារ បានទាមទារសុំរកដំណោះស្រាយទំនាស់ផលប្រយោជន៍លើការប្រមូលផលនេសាទគ្រែងឈាមនៅភូមិស្រែថ្មី និងភូមិស្រែត្រាវ រួចមកឥឡូវអាជ្ញាធរខេត្តកោះកុង មន្ទីរកសិកម្ម និងក្រុមការងារស្រុក ក៏ដោះស្រាយកំណត់ដែននេសាទគ្រែងឈាមជាថ្មី ដើម្បីបញ្ចប់វិវាទ។

ប្រជានេសាទនៅតំបន់ទំនាស់រីករាយចំពោះចំណាត់ការរបស់អាជ្ញាធរ។រូបភាពពីសំណេរ។

អ្នកស្រី ណាវី តំណាងប្រជានេសាទមកពីភូមិស្រែថ្មី និងភូមិស្រែត្រាវ ឃុំថ្មស ខេត្តកោះកុងបានដាក់ញ្ញាត្តិសុំប្តឹងដកប្រធានសហគមន៍ និងមន្រ្តីជលផលដែលមានទីស្នាក់នៅក្នុងភូមិស្រែថ្មី ដោយប្រជានេសាទចោទថា បានបើកដៃឱ្យអ្នកមានលុយបោះបង្គោលវាទយកដែននេសាទធ្វើជាកម្មសិទ្ធិពីបុគ្គលឈ្មោះ ផល្លី រស់នៅក្នុងភូមិស្រែត្រាវ។ អ្នកស្រី ណាវី បានប្រាប់សិក្ខាកាមWMCថា ការតវ៉ារបស់ប្រជានេសាទនេះ ការកាងដែននេសាទបែបនេះធ្វើឱ្យការចិញ្ចឹមគ្រែងឈាមក្នុងដែននេសាទក្នុងសហគមន៍កាន់តែរួមតូចទៅៗប៉ះពាល់ដល់កត្តាជីវភាពរបស់ប្រជានេសាទ។

កិច្ចប្រជុំរកដំណោះស្រាយនាពេលកន្លងមក។រូបភាពពីសំណេរ។

លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង ថ្លែងក្នុងកិច្ចប្រជុំជាមួយប្រជានេសាទ និងម្ចាស់ស៊ុមគ្រែងឈាម ឱ្យដឹងថា បញ្ហានេះមិនមែនជាថ្មីនោះទេ ពោលវាបានកើតយូរឆ្នាំមកហើយ ព្រោះតែមិនបានកំណត់ដែនទឹកសម្រាប់ការអាស្រ័យផលរួមគ្នា ទើបបង្កជាជម្លោះមិនចេះចប់មិនចេះហើយបែបនេះ។

ជាមួយគ្នានេះដែរ លោកស្រីអភិបាលរងខេត្ត ក៏បានសុំចិត្តដល់ប្រជានេសាទទាំងអស់រៀនចេះគោរពស្រឡាញ់យោគយល់គ្នាទៅវិញទៅមកអំពីការប្រមូលគ្រែងឈាមនេះប្រកបដោយតម្លាភាព ចៀសវាងបន្តពង្រីកបង្គោលស៊ុមគ្រែងឈាមលើផ្ទៃរបស់រដ្ឋបន្ត។ ទន្ទឹមនោះ លោកស្រីដឹកនាំក្រុមការងារជំនាញចុះចុចនិយាមកាផែនទី ដើម្បីកំណត់ដែននេសាទឱ្យច្បាស់លាស់ជាងមុនសំដៅដល់ការបញ្ចប់ទំនាស់ឈរលើនយោបាយឈ្នះឈ្នះក្រៅប្រព័ន្ធតុលាការ។

លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុងដឹកនាំក្រុមការងារចុះពិនិត្យដែននេសាទគ្រែងឈាម។រូបភាពពីសំណេរ។

ជាការកត់សម្គាល់ បច្ចុប្បន្នរដ្ឋបាលខេត្តកោះកុង មន្ទីរកសិកម្ម និងរដ្ឋបាលស្រុកបូទុមសាគរ បានសុំដកអូសស៊ុមគ្រែងរបស់លោក ផល្លី ដែលមានទំហំជាង ៦ហិចតា ដោយកាត់ ៤ ហិចតាចេញទៅឱ្យប្រជានេសាទទុកអាស្រ័យរួមគ្នា ព្រោះទំនាស់កើតចេញពីការច្រណែនគ្នា។ ប្រជានេសាទចំនួន២០០គ្រួសារនៅឃុំថ្មស កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ថ្មីៗនេះ លើកគ្នាមកមុខសាលាខេត្តកោះកុង សុំប្តឹងទៅលោកជំទាវអភិបាលខេត្ត អំពីបាតុភាពមិនល្អមួយចំនួនរឿងវិវាទការទទួលផលគ្រែងឈាមមិនស្មើគ្នា៕

អត្ថបទខ្លីសរសេរដោយ សំណេរ សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)៕

Share

ព័ត៌មានទាក់ទង

Image