en     km
en     km

អ្នកជំនាញវិស័យព័ត៌មានចង់ឃើញរដ្ឋមន្ដ្រីព័ត៌មានថ្មីកែប្រែសិទ្ធិទទួលបានព័ត៌មានឱ្យបានប្រសើរជាងមុន

Share

ខណៈមានការផ្លាស់រដ្ឋមន្ដ្រីថ្មីនៃក្រសួងព័ត៌មាន អ្នកជំនាញខាងវិស័យមួយនេះ ចង់ឃើញរដ្ឋមន្ដ្រីថ្មីគិតគូរ និងកែប្រែចំណុចមួយចំនួនដែលប៉ះពាល់ដល់ការបំពេញអាជីពមួយនេះ ជាពិសេសលើអ្នកបំពេញការងារដែលមានទំនោរផ្សព្វផ្សាយពីភាពអសកម្មក្នុងសង្គម។
ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មានថ្មី គិតមកដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ មានរយៈពេលតែ២ថ្ងៃប៉ុណ្ណោះដែលចូលកាន់តំណែងជាផ្លូវការ។ លោក នេត្រ ភក្ត្រា អតីតអ្នកនាំពាក្យក្រសួងបរិស្ថាន ត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋមន្ដ្រីក្រសួងព័ត៌មានក្នុងអាណត្តិទី៧នេះ ជំនួសលោក ខៀវ កាញ្ញារិទ្ធ។


ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP បានស្រង់សម្ដីលោករដ្ឋមន្ដ្រីថា ការងារអាទិភាពដែលត្រូវធ្វើ ក្នុងនាមជារដ្ឋមន្រ្ដីក្រសួងព័ត៌មានគឺផ្ដោតសំខាន់លើការធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើបដើម្បីធ្វើឱ្យក្រសួងព័ត៌មាន ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រកបដោយបុរេសកម្ម សកម្ម និងប្រកបដោយគុណភាព និងប្រសិទ្ធភាព សំដៅធ្វើយ៉ាងម៉េចគឺផ្សព្វផ្សាយពីការពិតរបស់កម្ពុជាទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ។


លោក នេត្រ ភក្ត្រា ក៏ធ្លាប់ជាអ្នកកាសែតមួយរូបផងដែរ។ អ្នកជំនាញក្នុងវិស័យសារព័ត៌មានចង់ឃើញរដ្ឋមន្ដ្រីថ្មីជំរុញឱ្យមានព័ត៌មានចម្រុះ សម្បូរបែប និងគិតគូរដល់អ្នកសារព័ត៌មានស្ដ្រីជាច្រើន ដែលបំពេញការងារក្នុងអាជីពមួយនេះ។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា Cambo JA បានលើកឡើងថា រដ្ឋមន្ដ្រីថ្មីគួរតែកែប្រែចំណុចមួយចំនួនដូចជា ការរឹតត្បឹតលំហនៃការអនុវត្តការងាររបស់អ្នកសារព័ត៌មានដែលមានទំនោរផ្សាយពីភាពអសកម្មក្នុងសង្គម និងធានាអំពីលំហសេរីភាព ព្រមទាំងធ្វើការជាមួយស្ថាប័នព័ត៌មានគ្រប់និន្នាការផងដែរ។

លោកសង្ឃឹមថា រដ្ឋមន្ដ្រីថ្មីដែលធ្លាប់ជាអ្នកសារព័ត៌មានដែរ នឹងយល់ពីតម្រូវការរបស់អ្នកសារព័ត៌មាន និងអាចឱ្យប្រព័ន្ធផ្សព្វផ្សាយមានភាពឯករាជ្យបាន។

ជាមួយគ្នាដែរ ប្រធានអ្នកសារព័ត៌មានស្ដ្រី អ្នកស្រី ហង្ស សម្ភស្ស ដាក់ក្តីសង្ឃឹមថា រដ្ឋមន្ដ្រីព៌ត៌មានឡើងមកថ្មីនឹងបើកលំហសេរីភាពសារព័ត៌មានឱ្យទូលំទូលាយ។ទាក់ទងអ្នកសារព័ត៌មានស្ដ្រី អ្នកស្រីចង់ឃើញរដ្ឋមន្ដ្រីថ្មីផ្ដល់ឱកាសដោយមិនរើសអើងចំពោះស្ដ្រីអ្នកសារព័ត៌មាន និងលើកទឹកចិត្តឱ្យស្ដ្រីចូលរួមកាន់តែច្រើនក្នុងវិស័យមួយនេះដែរ។

បន្ថែមពីនេះ អ្នកស្រី ហង្ស សម្ភស្សស្នើឱ្យក្រសួងស្ថាប័នរដ្ឋទាំងអស់ គួរតែសហការផ្ដល់ព័ត៌មានដល់អ្នកសារព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ព្រោះកន្លងមកអ្នកសារព័ត៌មានមួយចំនួនពិបាកទទួលបានព័ត៌មានពីស្ថាប័នរដ្ឋរបស់រាជរដ្ឋាភិបាល។

គួរជម្រាបថា កាលពីឆ្នាំ2022កម្ពុជាជាប់ចំណាត់ថ្នាក់លេខ142 ក្នុងចំណោម180ប្រទេស ដែលចេញផ្សាយរបាយការណ៍ស្ដីពីសន្ទស្សន៍សេរីភាពសារព័ត៌មាន។ នេះបើយោងតាមអង្គការអ្នករាយការណ៍គ្មានព្រំដែន។

Share

Image
Image
Image