ស្ទឹងត្រែង៖ នៅតាមបណ្តាខេត្តក្រុងក្នុងប្រទេសកម្ពុជាមាននំចំណី ឬម្ហូបអាហារឆ្ងុយឆ្ងាញ់ប្រចាំតំបន់ខេត្តរៀងៗខ្លួន។ ជាប្រក្រតីអ្នកធ្វើដំណើរឬអ្នកទេសចរណ៍មិនភ្លេចនោះទេទិញនូវនំចំណីឬម្ហូបអាហារផ្ញើជូនសាច់ញាតិក្រុមគ្រួសារកាលណាបើបានទៅដល់។ តួយ៉ាងណែមល្បីឆ្ងាញ់នៅបាត់ដំបង ក្រឡានឆ្ងាញប្រចាំខេត្តក្រចេះ ប្រហុក ផ្អក ឆ្ងាញ់នៅខេត្តសៀមរាបជាដើម។ ដោយឡែកខេត្តស្ទឹងត្រែងក៏មានវិញនំអន្សមឆ្ងុយឆ្ងាញ់លំដាប់VIPផងដែរ គឺមាននៅភូមិព្រែក សង្កាត់ក្រុងស្ទឹងត្រែង។
អ្នកស្រី ង៉ែត សុភា អ្នកប្រកបរបរវេចនំអន្សមជ្រូកឆ្ងាញ់លំដាប់ VIP ប្រចាំនៅភូមិព្រែក សង្កាត់ក្រុងស្ទឹង ត្រែង បាននាំយកនំអន្សមVIPរបស់ខ្លួន ដាក់បង្ហាញក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចងក្រងសមាជិកចលនាភូមិមួយមានផលិតផលមួយ នៅសាលាខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៤ ខែសីហាឆ្នាំ២០២៣។
អ្នកស្រី ង៉ែត សុភា កំពុងវេចនំអន្សមជ្រូកឆ្ងាញ់លំដាប់ VIP។ រូបភាពពី សំណេរ។
អ្នកស្រី ង៉ែត សុភា អ្នកប្រកបរបរវេចនំអន្សមជ្រូកឆ្ងាញ់ ប្រចាំភូមិព្រែក សង្កាត់ក្រុងស្ទឹងត្រែងនិយាយថា មុខរបរនេះអ្នកស្រីបង្កើតឡើងរយ:ពេលជិត ៦ ឆ្នាំមកហើយ ដោយបច្ចុប្បន្នមានអតិថិជនបញ្ជាទិញយកទៅលក់បន្តនៅតាមបណ្តាខេត្តនានា។
លោកស្រីបន្តថា ពេលទទួលបានវិញ្ញាបនបត្រទទួលស្គាល់ ភូមិមួយផលិតផលមួយនេះហើយ ក្នុងនាមម្ចាស់ផលិត អ្នកស្រីនឹងបង្កើនភាពច្នៃប្រឌិតផលិតផលមួយនេះកាន់តែមានគុណភាព និងបរិមាណសម្រាប់បំពេញសេចក្តីត្រូវការជូនអតិថិជន។
ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចងក្រងសមាជិកចលនាភូមិមួយមានផលិតផលមួយនៅសាលា ខេត្តស្ទឹងត្រែង លោក ផល សុជាតិ អគ្គលេខាធិការភូមិមួយផលិតផលមួយឱ្យដឹងថា ភូមិមួយមានផលិតផលមួយ ប្រៀបបានជាកត្តាលីករដ៏សំខាន់មួយក្នុងការជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានប្រសើរឡើង។ លោកថា កត្តាសំខាន់ចំពោះកិច្ចការងារនេះ អ្នកពាក់ព័ន្ធទាំងអស់ត្រូវដឹងនិងជំរុញការគិតជាសាកល ជំរុញឱ្យមានការផលិតប្រកបដោយការច្នៃប្រឌិតខ្ពស់រស់រវើក និងជំរុញឱ្យមានការអភិវឌ្ឍធនធានមនុស្សបន្ថែម ។
នំអន្សមជ្រូកឆ្ងាញ់លំដាប់ VIP ខេត្តស្ទឹងត្រែង។រូបភាពពី សំណេរ។
លោកបន្តថា«ថ្ងៃនេះខ្ញុំមកដល់ខេត្តស្ទឹងត្រែងយើងគឺខ្ញុំសង្ឃឹមមុតមាំថា យើងនឹងមានការធ្វើឱ្យមានភាពប្រែប្រួលជាវិជ្ជមានក្នុងកម្រិតណាមួយ ទៅលើការងារជំរុញចលនា ភូមិមួយផលិត ផលមួយ នៅខេត្តស្ទឹងត្រែងរបស់យើងនេះ ដោយមន្ត្រីពាក់ព័ន្ធទាំង អស់អត់ត្រូវការឱ្យអស់លោកលោក ស្រីបរិច្ចាគធនធានផ្ទាល់ខ្លួន សម្រាប់ធ្វើការទេ ក៏ប៉ុន្តែសុំបង្កើនការទទួលខុសត្រូវ និងផ្តល់សេវារបស់ខ្លួន ទៅដល់ប្រជាពលរដ្ឋ តាមជំនាញវិស័យរបស់ខ្លួនឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព»។
សូមបញ្ជាក់ថា គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិត ផលមួយ បានធ្វើការចុះបញ្ជីផលិត ផលជាផ្លូវការទាំងសហគ្រាសផលិត កសិពាណិជ្ជកម្ម និងផលិត ករបានចំនួន៤៤៧មុខ រួចមកហើយសម្រាប់២៥ខេត្តក្រុងទូទាំងប្រទេស ដើម្បីលើកគុណតម្លៃផលិតផលរបស់ខ្មែរយើង៕
អត្ថបទខ្លីសរសេរដោយ សំណេរ សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)៕