រាជរដ្ឋាភិបាលថ្មីសម្រេចបង្កើតរដ្ឋលេខាធិការកិច្ចការព្រំដែន ជំនួសអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ដើម្បីធ្វើជាស្ថាប័នដែលមានលក្ខណៈអចិន្ថ្រៃយ៍ មានរចនាសម្ព័ន្ធគ្រប់គ្រង និងមានសមត្ថភាពពេញលេញ ក្នុងការដោះស្រាយបញ្ហាជាមួយប្រទេសជិតខាង។ នេះបើយោងទៅតាមកិច្ចប្រជុំលើកដំបូងនៃអាណត្តិរាជរដ្ឋាភិបាលថ្មី កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។
យោងតាមសេចក្ដីប្រកាសព័ត៌មាននៃកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រីដដែល បានបញ្ជាក់ថា រដ្ឋលេខាធិការកិច្ចការព្រំដែនបង្កើតឡើងដើម្បីឈានទៅបញ្ចប់ការកំណត់ព្រំដែន និងបញ្ហានានា ព្រមទាំងឈានទៅអភិវឌ្ឍន៍តំបន់ព្រំដែនផងដែរ។
ក្នុងន័យនេះ កិច្ចប្រជុំអះអាងថា នេះជាប្រយោជន៍ដល់ការពង្រឹងកិច្ចការពារអធិបតេយ្យនិងបូរណភាពទឹកដី រួមទាំងលើកស្ទួយសមិទ្ធផលព្រំដែនទុកជាប្រវត្តិសាស្ត្រ។ គួរជម្រាបថា សេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើតរដ្ឋលេខាធិការកិច្ចការព្រំដែន មាន៨មាត្រា ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី៕