en     km
en     km

ក្រុមសហគមន៍ងាយរងគ្រោះទទួលបានការបណ្តុះបណ្តាលបច្ចេកវិទ្យាICTជំរុញប្រសិទ្ធភាពការងារកាន់តែប្រសើរ

Share

ភ្នំពេញ៖អង្កការ HACC បានរៀបចំវគ្គបណ្ដុះបណ្ដាលរយៈពេល២ថ្ងៃនៅសណ្ឋាគារមួយក្នុងខេត្តកំពត ជុំវិញការពង្រឹងសមត្ថភាពក្នុងការទំនាក់ទំនង និងការប្រើប្រាស់បច្ចេកវិទ្យា(ICT) ​ដល់ក្រុមបណ្តាញសហគមន៍ងាយរងគ្រោះ ដើម្បីឱ្យពួកគេអាចប្រមូល និងប្រើប្រាស់ទិន្នន័យពីការអនុវត្តការតាមដានដែលដឹកនាំដោយសហគមន៍ (CLM) ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។ 

ក្រុមបណ្តាញសហគមន៍ងាយរងគ្រោះរួមមាន៖ ក្រុមបុរសស្រលាញ់បុរស អ្នកក្លែងយ៉ែនឌ័រ ស្រ្តីធ្វើសេវាកំសាន្តសប្បាយ អ្នករងផលប៉ះពាល់ដោយសាធាតុញៀន និងអ្នកផ្ទុកមេរោគអេដស៍ជាដើម។

សកម្មភាពនៃវគ្គបណ្តុះបណ្តាលពីការប្រើប្រាស់បច្ចេកវិទ្យា(ICT) ​ដល់ក្រុមបណ្តាញសហគមន៍ងាយរងគ្រោះ។រូបភាពពី គង់ ប៊ុនថន។

លោក លាស់ សីលៈ ជាគ្រូបណ្តុះបណ្តាលវគ្គនេះបាននិយាយថា លោកមានក្តីរីករាយណាស់ដែលបានឃើញពីការខិតខំប្រឹងប្រែង និងចូលរួមយ៉ាងសកម្មរបស់សហគមន៍មកសិក្សាពង្រឹងសមត្ថភាពរបស់ពួកគេ។ លោកបន្តថា ក្នុងវគ្គនេះបានផ្ដល់ចំណេះដឹងជាមូលដ្ឋានអំពីការប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនងដូចជា ការប្រើប្រាស់ Email Facebook Telegram និងការបង្កើតនិងចូលរួមកិច្ចប្រជុំអនឡាញដល់សហគមន៍ ដើម្បីឱ្យពួកគេយល់ដឹង និងចេះគ្រប់គ្រងគណនីដោយខ្លួនឯង។

លោក សីលៈ កត់សម្គាល់ពីការរីកចំរើនរបស់សិក្ខាកាម ដោយកាលពីមុនវគ្គពួកគេមិនទាន់យល់ច្បាស់ មិនទាន់អាចចប្រើបច្ចេកវិទ្យាមកបានត្រឹមត្រូវ តែក្រោយបញ្ចប់វគ្គពួកគេយល់ច្រើនជាងមុន ហើយអាចប្រើប្រាស់បច្ចេកវិទ្យាទាំងនេះបាន។ ទោះយ៉ាងណានៅមានមេរៀនជាច្រើនទៀតដែលក្រុមសហគមន៍ត្រូវពង្រឹងបន្ថែមទៀត ព្រោះបច្ចេកវិទ្យាទំនាក់ទំនងនេះ តែងតែផ្លាស់ប្ដូរទៅមុខជានិច្ច។

លោក លាស់ សីលៈ ជាគ្រូបណ្តុះបណ្តាលពីរបៀបប្រើប្រាស់បច្ចេកវិទ្យា(ICT)។រូបភាពពី គង់ ប៊ុនថន។

អ្នកនាង ប៉ាត មារីយ៉ា ជាសិក្ខាកាមចូលរួមម្នាក់បាននិយាយថា កម្មវិធីបណ្តុះបណ្តាលនេះគឺពិតជាមានសារៈ សំខាន់ណាស់សម្រាប់អ្នកសហគមន៍ក្នុងបំពេញការងារក្នុងជាសហគមន៍។ លោករីករាយដែលទទួលបានវគ្គ បណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាមួយនេះ ដោយលោកអាចបង្កើតកិច្ចប្រជុំតាមអនឡាញក៏ដូចជាការចែក រំលែកស្តីពីព័ត៌មានផ្សេងៗដល់ក្រុមគោលដៅដែលពាក់ព័ន្ធ។

អ្នកនាង ប៉ាត មារីយ៉ា ជាសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាល។រូបភាពពី គង់ ប៊ុនថន។

ចំណែកអ្នកនាង ឈុន មុនី្នវិជ្ជរ៉ា ជាសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលនេះដែរនិយាយថា ចំណេះដឹងថ្មីមួយទៀត ពិតជាមានសារៈប្រយោជន៍ណាស់ដល់អ្នកនាងដែលជាគ្រូបង្រៀននៅវិទ្យាល័យវាលរិញខេត្តកំពង់សោម។ មានសារៈប្រយោជន៍ ដ្បិតការងាររបស់អ្នកគ្រូ ត្រូវទំនាក់ទំនងជាមួយក្រុមការងារនៅក្រុងភ្នំពេញជាញឹកញឹប ដូចនេះចំណេះដឹងមួយនេះអាចជួយសម្រាលការងារជាច្រើនក្នុងប្រាស្រ័យទាក់ទងគ្នា។

អ្នកនាង ឈុន មុនី្នវិជ្ជរ៉ា ជាសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាល។រូបភាពពី គង់ ប៊ុនថន។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃ មានតំណាងសហគមន៍ចំនួន ៤២រូបចូលរូម ដែលវគ្គទី១ធ្វើឡើងនៅថ្ងៃទី២១ ដល់២២ និងវគ្គទី២ ធ្វើនៅថ្ងៃទី២៣ និង២៤ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារធ្វីន ខេត្តកំពត។ កម្មវិធីនេះមានការគាំទ្រថវិកាពី DFAT/UNAIDS និងសហការណ៍ច្ចេកទេសរបស់ HACC និង EPIC-FHI 360៕

អត្ថបទខ្លីសរសេរដោយ គង់ ប៊ុនថន សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)៕

Share

Image
Image
Image