en     km
en     km

កុមារភាគឦសាន ៥៤០០ នាក់បានចូលរៀនវិញតាមរយៈគម្រោង«លើកកម្ពស់គុណភាពសិក្សាលើកុមារបាត់ឱកាសសិក្សា»

Share

ភ្នំពេញ៖ គម្រោង “ការលើកកម្ពស់គុណភាពសិក្សាសម្រាប់កុមារដែលបាត់បង់ឱកាសសិក្សានៅភូមិភាគឦសាននៃប្រទេសកម្ពុជា ហៅកាត់ថា (EQUAL)”របស់អង្គការភ្លែនអន្តរជាតិកម្ពុជា បានគាំទ្រដល់សិស្សដែលបាត់បង់ឱកាសសិក្សាចំនួន ៥.៤០០នាក់ឱ្យចូលរៀនឡើងវិញ។

គម្រោង “ការលើកកម្ពស់គុណភាពសិក្សាសម្រាប់កុមារដែលបាត់បង់ឱកាសសិក្សានៅភូមិភាគឦសាននេះ មានគោលបំណងជួយដល់កុមារដែលបាត់បង់ឱកាសសិក្សា និងកុមារប្រឈមនឹងការបោះបង់ការសិក្សានៅខេត្តរតនគិរី ឱ្យមានឱកាសបំពេញសិទ្ធិក្នុងការអប់រំរបស់ពួកគេតាមរយៈកម្មវិធីសិក្សាពីចម្ងាយតាមប្រព័ន្ធឌីជីថល ។

សកម្មភាពសិក្សារបស់សិស្សក្នុងគម្រោងរបស់អង្គការភ្លែន។រូបភាពពីសិក្ខាកាមWMC។

លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទីអង្គការភ្លែនអន្តរជាតិកម្ពុជាបានឱ្យដឹងដោយ ផ្អែកលើទិន្នន័យប្រព័ន្ធតាមដានការអប់រំ និងព័ត៌មាន (EMIS) នៃខេត្តរតនគិរី ឆ្នាំ ២០២១-២០២២ បង្ហាញថា អត្រាចុះឈ្មោះរបស់កុមារ គឺមានចំនួន ៤៩,៦ភាគរយ។ ចំណែកអត្រាកុមារត្រួតថ្នាក់គឺមានចំនួន៥,៥ភាគរយ រីឯអត្រាកុមារឆ្លងមធ្យមសិក្សាបឋមភូមិមានចំនួន ៧៨,១% ហើយអត្រាឆ្លងមធ្យមសិក្សាទុតិយភូមិ មានចំនួន ៧៧ភាគរយ។

លោកប្រាប់សិក្ខាកាមWMCថា ការសិក្សានៅកម្រិតបឋមសិក្សារបស់ក្មេងស្រីនៅភូមិភាគឦសាន រួមទាំងខេត្តរតនគិរី កំពុងប្រឈមមុខនឹងបញ្ហាក៏ដូចជាឧបសគ្គជាច្រើន រួមមានសម្ភារៈឧបទ្ទេសសិក្សា នៅមានកម្រិតប្រព័ន្ធការពារមានកម្រិតសម្រាប់ក្មេងស្រី សាលានៅឆ្ងាយពីភូមិ និងសមត្ថភាពរបស់គ្រូក៏នៅមានកម្រិត។

សកម្មភាពសិក្សារបស់សិស្សក្នុងគម្រោងរបស់អង្គការភ្លែន។រូបភាពពីសិក្ខាកាមWMC។

អង្គការភ្លែនអន្តរជាតិកម្ពុជាបញ្ជាក់ថា គម្រោង«ការលើកកម្ពស់គុណភាពសិក្សាសម្រាប់កុមារដែលបាត់បង់ឱកាសសិក្សានៅភូមិភាគឦសាននៃប្រទេសកម្ពុជា» ត្រូវបានរៀបចំឡើងក្នុងគោលបំណងដោះស្រាយបញ្ហាសិទ្ធិទទួលបានការអប់រំរបស់ក្មេងស្រី និងកុមារបាត់បង់ឱកាសសិក្សាក្នុងសហគមន៍ដាច់ស្រយាល និងក្រីក្រក្នុងខេត្តរតនគិរី។ ជាពិសេសក្មេងស្រី និងក្មេងប្រុសដែលបានបាត់បង់ឱកាសសិក្សា ដើម្បីបង្កើនការចុះឈ្មោះចូលរៀន កាត់បន្ថយអត្រាបោះបង់ការសិក្សា អត្រាគង់វង្សរបស់សិស្ស និងពង្រឹងគុណភាពអប់រំ។

លោក គឹមថាន បន្តថា “គម្រោងនេះនឹងរៀបចំបរិក្ខារសិក្សាតាមប្រព័ន្ធឌីជីថលនៅតាមសាលាអនុវិទ្យាល័យ និងវិទ្យាល័យចំនួន១០ ក្នុងស្រុកតាវែង ស្រុកអូរជុំ ស្រុកអង្គអណ្តូងមាស និងស្រុកវឿនសៃ។ បរិក្ខារទាំងនោះរួមមាន កុំព្យូទ័រ ម៉ាស៊ីនបញ្ចាំង LCD និងការតភ្ជាប់អ៊ីនធឺណិតសម្រាប់ថ្នាក់រៀន។

សកម្មភាពសិក្សារបស់សិស្សក្នុងគម្រោងរបស់អង្គការភ្លែន។រូបភាពពីសិក្ខាកាមWMC។

នាយកប្រចាំប្រទេសស្តីទីអង្គការភ្លែនអន្តរជាតិកម្ពុជា​បន្ថែមថា គម្រោងនឹងចាប់ផ្តើមដាក់ឱ្យដំណើរការនូវកម្មវិធីសិក្សា តាមប្រព័ន្ធឌីជីថល ចាប់ពីឆ្នាំសិក្សា ២០២៣-២០២៤ ក្នុងសាលាអនុវិទ្យាល័យ និងវិទ្យាល័យ ចំនួន១០ដែលសម្រាប់សាលាកម្រិតវិទ្យាល័យចំនួន ៨ សាលា បង្រៀន ៤មុខវិជ្ជាគឺ គណិតវិទ្យា គីមីវិទ្យា រូបវិទ្យា និងភាសាអង់គ្លេស ។សម្រាប់សាលាកម្រិតអនុវិទ្យាល័យចំនួន ២ សាលា បង្រៀន៣មុខវិជ្ជា រួមមាន គណិតវិទ្យា គីមីវិទ្យា និងភាសាខ្មែរ។

សកម្មភាពសិក្សារបស់សិស្សក្នុងគម្រោងរបស់អង្គការភ្លែន។រូបភាពពីសិក្ខាកាមWMC។

សូមបញ្ជាក់ថា គម្រោងនេះ នឹងមានការបង្ហាត់ បង្រៀនជាប្រចាំ ដើម្បីធានាថាគ្រូបង្រៀនទាំងអស់អនុវត្តវិធីសាស្ត្របង្រៀនបែបថ្មី និងធ្វើការ ប្រជុំឆ្លុះបញ្ចាំងដើម្បីរៀបចំផែនការពាក់កណ្តាលឆ្នាំជាមួយលោកគ្រូ អ្នកគ្រូ ការិយាល័យអប់រំ យុវជន និងកីឡាស្រុក និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដើម្បីពង្រឹង ឆ្លុះបញ្ចាំង សិក្សាពី បទពិសោធន៍ និងរៀបចំផែនការសម្រាប់ឆ្នាំសិក្សាបន្ទាប់៕

អត្ថបទខ្លីសរសេរដោយ សំណេរ សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)៕​

Share

ព័ត៌មានទាក់ទង

Image