en     km
en     km

ព្រះមហាក្សត្រថៃតែងតាំងលោក សេដ្ឋា ថាវីស៊ីនជានាយក​រដ្ឋមន្ត្រីផ្លូវការ

Share

ព្រះមហាក្សត្រថៃបានតែងតាំងបេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃ ពោលគឺលោក Srettha Thavisin ជានាយករដ្ឋមន្រ្តីទី៣០ ដែលត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មីនៅថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣។ នេះបើការរាយការណ៍ពីសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២៣។

តាមព្រះរាជសាររបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានត្រាស់បង្គាប់ឱ្យសភារៀបចំបង្កើតរដ្ឋាភិបាលនៅក្នុងអាណត្តិថ្មីនេះឱ្យបានឆាប់រហ័ស ក្រោយការបោះឆ្នោតជាសកលបានកន្លងផុតទៅអស់រយៈពេលជាង៣ខែមកហើយ។

ជាការកត់សម្គាល់ ការតែងតាំងនេះ ធ្វើឡើងបន្ទាប់ពីសភារបស់ថៃបានសម្រេចបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីថៃសារជាថ្មីនៅក្នុងអង្គប្រជុំកាលពីថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣។ នៅក្នុងនោះដែរ លោក Srettha Thavisin បានអះអាងថា លោកនឹងដឹកនាំប្រទេសជាតិប្រកបដោយចីរភាព បង្រួបបង្រួម លើកកម្ពស់គោលនយោបាយ ជួយដោះស្រាយវិបត្តិប្រជាពលរដ្ឋ និងជំរុញឱ្យប្រទេសជាតិបន្តរីកចម្រើន។

ជាមួយគ្នានេះដែរលោកក៏បានសន្យាទៀតថា លោកនឹងលើកកម្ពស់បរិយាបន្ន និងការគ្រប់គ្រងឱ្យមានប្រសិទ្ធភាព ដ្បិតជាផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋថៃ ជាពិសេសលោកប្តេជ្ញានឹងផ្លាស់ប្តូរយុគសម័យថ្មី ដើម្បីឱ្យប្រទេសថៃជឿនលឿនថែមមួយកម្រិតទៀត។

ទន្ទឹមគ្នានោះដែរ អតីតនាយករដ្ឋមន្ត្រីទើបនឹងផុតអាណត្តិ លោក ប្រាយុទ្ធ ចាន់អូចា  បានសម្តែងក្តីអបអរសាទរចំពោះជ័យជំនះរបស់លោក Srettha Thavisin ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី បន្ទាប់ពីរូបខ្លួន៕

ប្រភព៖ CNA ចុះថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣

Share

Image
Image
Image