ក្រសួងអប់រំបានលុបឈ្មោះគរុនិស្សិត១២នាក់ ដែលបានចូលរៀនត្រៀមធ្វើជាគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ទើបបានមួយខែពីបញ្ជីឈ្មោះ បន្ទាប់ពីរកឃើញថា ព័ត៌មានដែលបំពេញសម្រាប់ប្រឡងខុសនិងស្ថានភាពជាក់ស្ដែង។ តែសមាគមគ្រូបង្រៀនថា គួរតែកុំបំបាក់ទឹកចិត្តនិស្សិត បើឱ្យគាត់ជាប់ចូលរួមតាំងតែពីដំបូងហើយនោះ។
លោកឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
លោកស្រី អ៊ុក ឆាយាវី ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាបានលើកឡើងថា ក្រសួងអប់រំយុវជន និង កីឡា គួរតែកុំបំបាក់ទឹកចិត្តដល់គរុនិស្សិតដែលប្រឡងជាប់ហើយ តែលុបឈ្មោះគាត់ចោលវិញ ខណៈឱ្យគាត់ចូលរៀនតាំងពីដំបូង ។ លោកស្រីបានហៅការធ្វើបែបនេះថា ផ្ដល់ភាពអយុត្តិធម៌យ៉ាងខ្លាំងដល់គរុនិស្សិត។
ការលើកឡើងរបស់លោកស្រីបែបនេះ ខណៈមានគរុនិស្សិតម្នាក់មានឈ្មោះ កែវ សុវណ្ណឬទ្ធិ ជានិស្សិតកម្រិត១២+៤ ជំនាន់ទី៣ បានចូលរៀនច្បាប់គ្រូ រយៈពេលជាង១ខែហើយ តែក្រសួងអប់រំបានលុបឈ្មោះចោលវិញ ជាមួយបេក្ខជន១១រូបផ្សេងទៀត ក្រោមហេតុផលថាខុសកម្ពស់ស្ដង់ដា និងបន្លំឯកសារ។
តែលោកស្រីប្រធានសមាគមបានលើកឡើងបន្ថែមថា ការធ្វើបែបនេះជាការបំបាក់ទឹកចិត្តដល់យុវជនជំនាន់ក្រោយបន្ដទៀត និងអស់ភាពជឿជាក់លើស្ថាប័នអប់រំមួយនេះ។
គួរជម្រាបថា លោក កែវ សុវណ្ណឬទ្ធិ មានកាន់អត្តសញ្ញាណបណ្ណបញ្ជាក់កម្ពស់ ១.៦៥ម៉ែត្រ បានឈរតវ៉ានៅមុខក្រសួងអប់រំរយៈពេល២សប្ដាហ៍មកហើយ តែការតវ៉ារបស់លោកមានភាពស្ងៀមស្ងាត់ និងមិនបង្កចលាចលនោះទេ។ លោកឈរដោយកាន់បដា និងសរសេរពីប្រវត្តិរូបរបស់លោក ព្រមទាំងសកម្មភាពជាង១ខែនៃការសិក្សាជាគរុនិស្សិត។ ក្នុងនោះលោកបានរំលេចថា បានចូលរួមសកម្មភាពហ្វឹកហាត់ និងសម្ដែងក្នុងពិធីសម្ពោធពហុកីឡដ្ឋានជាតិមរតកតេជោផងដែរ។ តែយ៉ាងណា អាជ្ញាធរបាននាំគ្នាចាប់អូសលោកចេញពីមុខក្រសួងអប់រំមិនឱ្យតវ៉ាបន្ដទៀតទេ។ អ្នកប្រើប្រាស់បណ្ដាញសង្គមបានលើកឡើងថា ប្រទេសប្រជាធិបតេយ្យ គោរពនីតិរដ្ឋ ប្រកាន់ជំហរសន្ដិភាព យកពលរដ្ឋជាធំ និងដោះស្រាយបញ្ហាប្រជាពលរដ្ឋ មិនគួរធ្វើទង្វើបែបនេះលើអ្នកសិក្សានោះទេ។
ក្រសួងអប់រំបានចេញសេចក្ដីបំភ្លឺថាកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ថា គរុនិស្សិតឈ្មោះ កែវ សុវណ្ណឬទ្ធិ នេះរួមជាមួយគរុនិស្សិត១១នាក់ផ្សេងទៀត មានស្ថានភាពជាក់ស្ដែងខុសពីការបំពេញក្នុងឯកសារប្រឡង។ ជាក់ស្ដែងលោក កែវ សុវណ្ណឬទ្ធិនេះ មានកម្ពស់ជាក់ស្ដែងតែ១.៦២ម៉ែត្រប៉ុណ្ណោះ ទើបសម្រេចលុបឈ្មោះចេញពីបញ្ជីបេក្ខជនគរុនិស្សិត ។
គួរជម្រាបថា ក្រសួងអប់រំកំណត់គរុនិស្សិតសម្រាប់ឯកទេសអប់រំកាយ និងកីឡា ដោយនារីត្រូវមានកម្ពស់១.៥៥ម៉ែត្រ និងបុរសត្រូវមានកម្ពស់១.៦៥ម៉ែត្រឡើងទៅ និងបញ្ជាក់ថា បើបេក្ខជនណាបន្លំឯកសារ ឬល្មើសលក្ខខណ្ឌនៃការជ្រើសរើសត្រូវធ្លាប់ដោយស្វ័យប្រវត្តិ ឬរកឃើញក្រោយការប្រឡងត្រូវលុបឈ្មោះចោលដូចគ្នា។
តែយ៉ាងណាលោកស្រីអ៊ុក ឆាយាវី បានស្នើឱ្យក្រសួងអប់រំគួរតែកែប្រែចំណុចនេះ និងងាកទៅលើកកម្ពស់ការសិក្សាវិញ ព្រោះបុគ្គលរូបនោះមិនបានធ្វើអ្វីឱ្យប៉ះពាល់សង្គមនោះទេ៕