en     km
en     km

World Visionបង្ហាញវឌ្ឍនភាពរយៈពេល១៥ឆ្នាំនៃការចូលរួមនាំការផ្លាស់ប្តូរជាវិជ្ជមានក្នុងខេត្តតាកែវ

Share

ភ្នំពេញ៖ អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍ បង្ហាញពីវឌ្ឍនភាពរបស់ខ្លួនដែលបានចូលរួមចំណែកអភិវឌ្ឍក្នុងខេត្តតាកែវរយៈពេល១៥ឆ្នាំ ដោយចាត់ទុកបេសកកម្មរបស់ខ្លួនបាននាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន និងប្រកបដោយនិរន្តរភាពសម្រាប់ប្រជាពលរដ្ឋចំនួន៣២ភូមិ នៃឃុំចំនួន ២ ក្នុងស្រុកសំរោង ខេត្តតាកែវ។

លោក កែវ សុខា ជូនសេចក្តីរាយការណ៍

ក្នុងនាមជាអង្គការសង្គមស៊ីវិលមួយ ដែលធ្វើការងារបំពេញបន្ថែមនូវភាពខ្វះចន្លោះរបស់រាជរដ្ឋាភិបាល អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជាត្រូវបានគេដឹងថា បានបំពេញការងារក្នុងបុព្វហេតុជួយជំរុញការអភិវឌ្ឍន៍លើកស្ទួយជីវភាពប្រជាពលរដ្ឋ ពិសេសតាមតំបន់ជនបទឱ្យទទួលបានការផ្លាស់ប្តូរជាវិជ្ជមាន។

កម្មវិធីអប់រំកុមារតូចរបស់អង្គការ World Vision។រូបភាពពីក្រុមការងារ World Vision។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី២៣ខែសីហានេះ អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានបង្ហាញនូវវឌ្ឍនភាពថ្មីមួយទៀតដែលខ្លួនបានធ្វើការងាររយៈ១៥ឆ្នាំក្នុងខេត្តតាកែវ ដោយចាត់ទុកថា បេសកកម្មមួយនេះនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន និងប្រកបដោយនិរន្តរភាពសម្រាប់ប្រជាពលរដ្ឋ ពិសេសសហគមន៍ងាយរងគ្រោះ។​

សម្រាប់អង្គការ World Vision យ៉ាងហោចណាស់ប្រជាជនចំនួន ២៦ ១៨៤ នាក់ក្នុងនោះមានស្រ្តីជា៩ពាន់នាក់ សរុបមាន ៣២ភូមិ នៃឃុំចំនួន ២ ក្នុងស្រុកសំរោង ខេត្តតាកែវ បានទទួលលើកកម្ពស់សុខុមាលភាពកុមារ និងគ្រួសារ ដែលប្រឈមនឹងទុក្ខលំបាក។ ក្នុងនោះផងដែរ World Vision  បានបង្កើតដំណោះស្រាយប្រកបដោយប្រសិទ្ធភាពឆ្លើយតបនឹងបញ្ហាប្រឈមនានា និងជំរុញការពង្រឹងអំណាចសហគមន៍។ កម្មវិធីរបស់ World Vision ​ក៏បានជះផលដល់ប្រជាពលរដ្ឋជាច្រើន តាមរយៈការបន្សល់ទុកនូវមរតកដ៏យូរអង្វែងនៃការផ្លាស់ប្តូរជាវិជ្ជមានផងដែរ។

ការងារលើកស្ទួយជីវភាពប្រជាពលរដ្ឋតាមរយៈការផ្តល់ចំណេះដឹងជំនាញដល់ស្រ្តីក្នុងសហគមន៍ក៏ត្រូវបានអនុវត្តដោយគម្រោងនានារបស់ World Vision។រូបភាពពីក្រុមការងារ World Vision។

លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកសំរោង បានមានប្រសាសន៍ថា តាមរយៈភាពជាដៃគូជាមួយអាជ្ញាធរមូលដ្ឋាន អង្គការទស្សនៈពិភពលោក បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងនូវសុខភាព អាហារូបត្ថម្ភ ការអប់រំ សន្តិសុខស្បៀង និងកិច្ចការពារកុមារ និងយុវជន ជាពិសេស នៅក្នុងតំបន់គោលដៅក្នុងស្រុកសំរោង។ លោកបន្ថែមថា អង្គការទស្សនៈពិភពលោក ក៏បានធ្វើឱ្យគ្រួសារមានប្រាក់ចំណូលទាប មានលទ្ធភាពបញ្ជូនកូនទៅសាលារៀន មានអាហារបរិភោគគ្រប់គ្រាន់ និងកាត់បន្ថយការធ្វើចំណាកស្រុក។

លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុកសំរោង។រូបភាពពីក្រុមការងារWorld Vision។

ទាក់ទងបញ្ហាស្រ្តីនិងក្មេងស្រីវិញលោកស្រី ហ៊ន សុខុម ជាសមាជិកក្រុមប្រឹក្សាឃុំជំរះពេន និងជាសមាជិកគណៈកម្មាធិការទទួលបន្ទុកផ្នែកកិច្ចការនារី និងកុមារ (គ.ក.នក) និយាយថា  បច្ចុប្បន្ននេះ អំពើហិង្សាក្នុងគ្រួសារ និងការរំលោភបំពានលើកុមារក្នុងរូបភាពផ្សេងៗក្នុងមូលដ្ឋានត្រូវបានកាត់បន្ថយ។ លោកស្រី បានចាត់ទុកការផ្លាស់ប្តូរនេះ គឺដោយសារតែមានកម្មវិធី និងគំនិតផ្តួចផ្តើមជាច្រើនដែលអនុវត្តដោយមន្ត្រីរដ្ឋាភិបាលក្នុងភាពជាដៃគូជាមួយអង្គការទស្សនៈពិភពលោកជាពិសេសអ្នកស្ម័គ្រចិត្ត។

លោកស្រី បានបន្ថែមថា «ចាប់តាំងពីឆ្នាំដើមឆ្នាំ២០២៣ មកទល់ពេលនេះ ​ឃុំ មិនទាន់ទទួលបានពាក្យបណ្តឹងអំពីករណីអំពើហិង្សាណាមួយកើតឡើងនោះទេ។ មិនមានពាក្យបណ្តឹងព្រោះ តាមរយៈការសហការជាមួយអ្នកស្ម័គ្រចិត្តភូមិក្នុងការផ្សព្វផ្សាយអប់រំ ធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីទម្រង់ និងផលវិបាកនៃអំពើហិង្សា និងយន្តការឆ្លើយតប ជាដើម»។

ចំណេះផ្នែកកសិកម្មត្រូវបានបណ្តុះបណ្តាលដល់សហគមន៍ក្នុងខេត្តតាកែវផងដែរ។រូបភាពពីក្រុមការងារWorld Vision។

ងាកមកបញ្ហាអនាម័យជនបទវិញ បើតាម World Vision ​ភូមិព្រៃនាងពួន ឃុំជំរះពេន ជាភូមិដំបូងបង្អស់នៅស្រុកសំរោង ដែលត្រូវបានក្លាយជាភូមិបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលទាំងស្រុង (ODF) នៅក្នុងឆ្នាំ២០១១។

ក្នុងនោះលោក ឃិន ឃីម មេភូមិព្រៃនាងពួន និងជាប្រធានជនបង្គោលនៃសហគមន៍ដឹកនាំអនាម័យ បានរំឭកថា កាលពីមុនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់លោក ពុំមានបង្គន់អនាម័យនៅតាមខ្នងផ្ទះ និងពុំសូវខ្វល់ខ្វាយពីអនាម័យខ្លួនប្រាណនោះឡើយ។ ក៏ប៉ុន្តែលោកថាប្រជាពលរដ្ឋចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថក្នុងការរស់នៅក្រោយមានវត្តមានរបស់អង្គការទស្សនៈពិភពលោកតាមរយៈការអនុវត្តកម្មវិធីនានាជាបន្តបន្ទាប់ ។

លោកមេភូមិ បានមានប្រសាសន៍ថា៖ « ក្នុងមួយភូមិ ១៩៥ គ្រួសារ មានតែ១២ គ្រួសារតែប៉ុណ្ណោះ មានបង្គន់លក្ខណៈគ្រួសារប្រើប្រាស់។ តែឥលូវ ក្នុងមួយភូមិ ១៩៥ គ្រួសារ មានបង្គន់រហូតដល់១៨៧គ្រួសារ។  នេះដោយសារតែការជ្រោមជ្រែងរបស់ជន បង្គោលសហគមន៍ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹងច្រើនជាងមុន ពីបញ្ហាអនាម័យខ្លួនប្រាណ ហើយក្មេងៗក៏មិនសូវមានជម្ងឺរាគរូស ជម្ងឺដង្កាត់ផ្សេៗ ដែលធ្វើឱ្យពួកគេអាចទៅរៀនសូត្របានទៀងទាត់ជាមុន»

បញ្ហាអនាម័យតាមសហគមន៍ត្រូវបានដោះស្រាយ។រូបភាពពីអង្គការWorld Vision។

អ្វីជាការកត់សម្គាលទៀតនោះ គឺអង្គការទស្សនៈពិភពលោកក៏បានផ្តួចផ្តើមបង្កើតឱ្យមានសហគមន៍អភិវឌ្ឍកសិកម្មចំនួន ៣ ក្នុងការបង្កើត និងគ្រប់គ្រងស្ថានីយ៍បណ្តាញទឹកស្អាត ចំនួន ៣ សម្រាប់ចែកចាយដល់ប្រជាជនចំនួនជាង ៩៧០ គ្រួសារ រួមទាំងសាលារៀនផងដែរ។

នាយកប្រចាំអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា លោក ជេនេស អ៊ីម៉ានូអ៊ែល ហ្គីនទីញ បានថ្លែងថា «នេះជាមោទកភាព និងជារឿងដែលគួរឱ្យសារទរជាខ្លាំងចំពោះសមិទ្ធិផលនៃកម្មវិធី ១៥ ឆ្នាំ របស់ World Vision និងភាពជាដៃគូនៅស្រុកសំរោង។​ លោកថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដៃគូក្នុងស្រុក ម្ចាស់ជំនួយ បុគ្គលិក និងសហគមន៍ និងអ្នកស្ម័គ្រចិត្តដែលបានបំពេញការងារ ដោយមិនខ្លាចនឿយហត់ ដោយប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស និងក្តីសុបិនឱ្យក្លាយជាការពិត»។

នាយកប្រចាំអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា លោក ជេនេស អ៊ីម៉ានូអ៊ែល ហ្គីនទីញ ។

សូមបញ្ជាក់ថា អង្គការទស្សនៈពិភពលោក កំពុងអនុវត្តគម្រោងនានារបស់ខ្លួននៅបណ្តាខេត្តចំនួន ១៤ និងរាជធានីភ្នំពេញ ហើយយុទ្ធសាស្រ្តថ្មីរបស់ World Vision គ្រោងនឹងពង្រីកវិសាលភាពរហូតដល់ ២៣ ខេត្ត ក្នុងរយៈពេល ៥ ឆ្នាំ ខាងមុខ៕

 

Share

Image
Image
Image