ព្រះមហាក្សត្រត្រាស់បង្កាប់ឱ្យរដ្ឋមន្ដ្រីនានា ចូលកាន់តំណែងជាផ្លូវការហើយនៅថ្ងៃនេះ ក្នុងនោះលោកស្រី ចម និម្មល ដែលជារដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មអាណត្តិថ្មីនេះ ក៏បានទទួលការត្រាស់បង្កាប់ផងដែរក្នុងព្រះរាក្រឹត្យតែមួយ និងរដ្ឋមន្ដ្រីដទៃទៀត។ លោកស្រីជាស្ដ្រីមួយរូបក្នុងចំណោមស្ដ្រី៣រូប ដែលដឹកនាំស្ថាប័នក្រសួងនៅអាណត្តិទី៧នេះ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
តំណែង និងតួនាទីរបស់មន្ដ្រីរាជរដ្ឋាភិបាលបានចេញមកជាបន្ដបន្ទាប់ និងជាក់លាក់ក្រោយព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខានៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ។ បើក្រឡែកទៅមើលថ្នាក់រដ្ឋមន្ដ្រីតាមក្រសួងនីមួយៗ គេសង្កេតឃើញមានការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំយ៉ាងច្រើន តែក៏មានមន្ដ្រីខ្លះនៅកាន់អំណាចរបស់ខ្លួនដដែល។
បើផ្ដោតទៅក្រសួងពាណិជ្ជកម្ម ស្ថាប័នរដ្ឋមួយនេះ បានកែប្រែថ្នាក់ដឹកនាំរបស់ខ្លួនពីបុរស ទៅជាស្ដ្រីអ្នកដឹកនាំវិញម្ដងនៅក្នុងអាណត្តិទី៧នេះ។ លោកស្រី ចម និម្មល បានក្លាយខ្លួនពីរដ្ឋលេខាធិការ ទៅជារដ្ឋមន្ដ្រីដឹកនាំក្រសួងពាណិជ្ជកម្ម ជំនួសលោក ប៉ាន សូរស័ក្ដិ ។
លោកស្រី ចម និម្មល គឺជាកូនស្រីលោក ចម ប្រសិទ្ធ អតីតរដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា នវានុវត្តន៍ បានបម្រើការក្នុងក្រសួងពាណិជ្ជកម្មរយៈពេលជាង២០ឆ្នាំមកហើយ។ ក្នុងបទពិសោធន៍ការងារក្រាស់ក្រែលក្នុងស្ថាប័នរដ្ឋមួយនេះ លោកស្រី ជាស្ដ្រីម្នាក់ដែលបានលើកស្ទួយដល់ស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងបង្ហាញឱ្យឃើញពីថាមពលរបស់ស្ត្រីក្នុងការចូលរួមចំណែកដឹកនាំប្រទេស។
លោកស្រីរដ្ឋមន្ដ្រីមានវ័យ ៤៣ឆ្នាំរូបនេះ បានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក មុខជំនាញផ្នែកសេដ្ឋកិច្ចអន្តរជាតិ និងវិទ្យាសាស្ត្រសង្គម។ ក្រៅពីនេះ កាលពីពេលលោក ចម ប្រសិទ្ធិ នៅកាន់តំណែងជារដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មដែរ លោកស្រី និមល ធ្លាប់កាន់តំណែងជានាយិកាខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្រោមឱវាទឪពុករបស់ខ្លួន។
លោកស្រីមានស្នាដៃជាច្រើន តែជាការគួរឱ្យកត់សម្គាល់ក្នុងក្រសួងពាណិជ្ជកម្មលោកស្រីបានដាក់គោលនយោបាយយុទ្ធសាស្ត្ររបស់ក្រសួង ជាពិសេសគំនិតផ្ដួចផ្ដើមសមាហរណកម្មនៃក្របខណ្ឌអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក។
សូមបញ្ជាក់ដែរថា លោកស្រី ចម និម្មល ជាតំណាងរាស្ដ្រមកពីគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច និងមានវ័យក្មេងជាងគេនៅមណ្ឌលខេត្តកំពត។ បន្ថែមពីនេះ កាលពីឆ្នាំ២០១៨ លោកស្រីក៏ត្រូវបាន មហាសន្និបាតសហភាពសហព័ន្ធយុវជនកម្ពុជា របស់លោក ហ៊ុន មានី សម្រេចបញ្ចូលសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលជាមួយនឹងបេក្ខភាព១៥រូបទៀត ដែលភាគច្រើនត្រូវគេស្គាល់ថាជាកូនមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា។
យ៉ាងណាស្ដ្រីថ្នាក់ដឹកនាំរូបនេះ ក្រៅពីការងារស្នូលនៅក្រសួង លោកស្រីក៏បានចូលរួមការងារសង្គមយ៉ាងសកម្មផងដែរ ជាមួយកិច្ចការមនស្សធម៌៕