en     km
en     km

សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលីគ្រោងធ្វើសមយុទ្ធជើងទឹករួមគ្នាក្នុងដែនជម្លោះសមុទ្រចិនខាងត្បូង

Share

មន្ត្រីសន្តិសុខរបស់ប្រទេសហ្វីលីពីនបានរាយការណ៍នៅថ្ងៃអាទិត្យ ទី២០ ខែសីហានេះថា សហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី បាននិងកំពុងរៀបចំផែនការធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាមួយនៅក្នុងសប្តាហ៍នេះ នៅក្នុងដែនជម្លោះសមុទ្រចិនខាងត្បូងខណៈដែរប្រទេសចិនកំពុងដាក់សម្ពាធលើប្រទេសហ្វីលីពីន។

(កញ្ញា កែវ សុជាតា ជូននូវសេចក្តីប្រែសម្រួល)

តាមសារព័ត៌មាន The Associated Press បានឱ្យដឹងថា សហរដ្ឋអាមេរិក ប្រទេសជប៉ុន និងប្រទេសអូស្រ្តាលី កំពុងរៀបចំផែនការធ្វើសមយុទ្ធយោធាជើងទឹកនៅក្នុងដែនជម្លោះសមុទ្រចិនខាងត្បូង។ នៅក្នុងគ្រោងការណ៍ ប្រទេសទាំង ៣ នឹងបញ្ចូនយន្តហោះ និងឧទ្ធម្ភាគចក្រចំនួនបីទៅកាន់ទីតាំងហាត់សមរួមគ្នា ដើម្បីបង្ហាញនូវកិត្យានុភាពនៃកម្លាំងសាមគ្គីរវាងប្រទេសទាំង៣។​

តាមមន្រ្តីពាក់ព័ន្ធបានប្រាប់សារព័ត៌មាន AP ថា សហរដ្ឋអាមេរិកគ្រោងនឹងដាក់ពង្រាយនាវាផ្ទុកយន្តហោះ USS America ខណៈប្រទេសជប៉ុននឹងបញ្ជូននាវាចម្បាំងដ៏ធំបំផុតមួយគឺនាវាផ្ទុកឧទ្ធម្ភាគចក្រ JS Izumo ។ រីឯកងទ័ពជើងទឹក Royal Australian របស់ប្រទេសអូស្រ្តាលី នឹងបញ្ជូននាវា HMAS Canberra ទៅកាន់ទីលានសមយុទ្ធ ដែលក្នុងនាវានោះមានផ្ទុកឧទ្ធម្ភាគចក្រមួយចំនួនផងដែរ។

ទន្ទឹមគ្នានោះ មេបញ្ជាការមួយរូបបានគូសបញ្ជាក់ថា បន្ទាប់ពីការធ្វើសមយុទ្ធរួមគ្នាចប់សព្វគ្រប់ មេបញ្ជាការកងទ័ពប្រទេសទាំង៣ នឹងចូលជួបសំណេះសំណាលជាមួយថ្នាក់នាំរបស់ហ្វីលីពីននៅទីក្រុងម៉ានីលផងដែរ។ មន្ត្រីរូបនោះបាននិយាយទៀតថា ការធ្វើសមយុទ្ធយោធាក្នុងសប្តាហ៍នេះ ពុំមានវត្តមានកងទ័ពហ្វីលីពីននោះទេ ពីព្រោះតែកង្វះខាតសព្វាវុធសម្រាប់ទំនុកបម្រុងកងទ័ព។ ក៏ប៉ុន្តែ សហរដ្ឋអាមេរិក ជប៉ុន និងអូស្រ្តាលី រីករាយស្វាគមន៍ហ្វីលីពីនចូលរួមធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងឱកាសក្រោយៗ។

គួរបញ្ជាក់ដែរថា សហរដ្ឋ​អាមេរិក ជប៉ុន និង​អូស្ត្រាលី​ស្ថិត​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​ ដែល​បាន​បង្ហាញ​ការ​គាំទ្រ​ និង​ការ​ព្រួយ​បារម្ភចំពោះ​ប្រទេស​ហ្វីលីពីនភ្លាមៗ បន្ទាប់ពី​ប្រទេសចិនបានព្យាយាមដាក់សម្ពាធ​មកលើប្រទេសហ្វីលីពីននៅ​ដើម​ខែ​នេះ។

សូមជម្រាបថា កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣​ កប៉ាល់ឆ្មាំសមុទ្ររបស់ចិនបានប្រើប្រាស់កាណុងបាញ់ទឹកតបតនឹងនាវាហ្វីលីពីននៅលើដែនទឹកដែលមានជម្លោះរវាងប្រទេសទាំងពីរ។

នៅក្នុងនោះ មន្ត្រីហ្វីលីពីនបាននិយាយថា កប៉ាល់ឆ្មាំសមុទ្រចិនចំនួនប្រាំមួយ និងនាវាកងជីវពលចិនចំនួនពីរ បានរារាំងទូកស៊ីវិល​ដែលផ្ទុកស្បៀងអាហារ ថ្នាំសង្កូវ ទឹកសម្រាប់ប្រើប្រាស់ ប្រេងឥន្ធនៈ និងរបស់ប្រើប្រាស់មួយចំនួនទៀតសម្រាប់ផ្គត់ផ្គង់កងកងទ័ពហ្វីលីពីន។ មន្រ្តីហ្វីលីពីនសុំមិនបង្ហាញឈ្មោះបានឱ្យដឹងទៀតថា ឆ្មាំសមុទ្រចិនបានវាយប្រហារទូកស៊ីវិលហ្វីលីពីនទាំងពីរគ្រឿងនេះ ដោយកាណុងបាញ់ទឹក។

ដោយឡែក សម្រាប់ភាគីឆ្មាំសមុទ្រចិនបានទទួលស្គាល់ថាកប៉ាល់របស់ខ្លួន បានប្រើប្រាស់កាណុងបាញ់ទឹកប្រឆាំងនឹងនាវាហ្វីលីពីនពិតប្រាកដមែន។ ក៏ប៉ុន្តែ ឆ្មាំសមុទ្រចិនម្នាក់នេះបានបញ្ជាក់ថា ដោយសារតែនាវាហ្វីលីពីនបានឆ្លងចូលដែនទឹករបស់ខ្លួន ដូច្នេះពួកគេបានបាញ់ទឹកដើម្បីជាការព្រមាន។ឆ្មាំរូបនេះបានបន្តអះអាងថា ប្រតិបត្តិការនេះ​ធ្វើឡើងក្នុង​លក្ខខណ្ឌ​មានវិជ្ជាជីវៈ និងក្រមសីលធម៌ ហើយប្រទេសចិននឹងបន្តចាត់វិធានការចាំបាច់ដើម្បីការពារអធិបតេយ្យភាពទឹកដីរបស់ខ្លួន៕

ប្រភព៖ AP ចុះថ្ងៃច័ន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣

Share

Image
Image
Image