en     km
en     km

កីឡាការិនីបាល់ទាត់អេស្ប៉ាញម្នាក់បង្កើតប្រវត្តិសាស្រ្តជូនមាតុប្រទេស ខណៈខ្លួនមិនបានដឹងពីការស្លាប់របស់លោកឪពុក

Share

សហព័ន្ធបាល់ទាត់អេស្ប៉ាញបានរាយការណ៍នៅព្រឹកថ្ងៃច័ន្ទ ទី២១​ ខែសីហានេះថា កីឡាការិនីជម្រើសជាតិអេស្ប៉ាញម្នាក់បានជួយក្រុមបាល់ទាត់របស់ខ្លួន លើកពានក្នុងព្រឹត្តិការណ៍ Women’s World Cup ២០២៣ ដែលនេះពានរង្វាន់ដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្ត។ ក៏ប៉ុន្តែបន្ទាប់ពីចប់ការប្រកួត កីឡាការិនីរូបនេះបានទទួលដំណឹងយ៉ាងសោកសង្វេគពីការចែកឋានរបស់លោកឪពុក។

(កញ្ញា កែវ សុជាតា រាយការណ៍)

 

 

តាមសារព័ត៌មាន AP បានឱ្យដឹងថា កីឡាការិនី Olga Carmona ជាកីឡាការិនីសញ្ជាតិអេស្ប៉ាញ មានវ័យ ២៣ឆ្នាំ និងជាកីឡាការិនីមួយរូបដែលលេងតំណាងឱ្យប្រទេសអេស្ប៉ាញនៅក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទាត់នារីអន្តរជាតិឆ្នាំ២០២៣។ កាលពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០២៣ កីឡាការិនី Carmona បានស៊ុតបាល់បញ្ចូលទីនៅនាទីទី២៩ ដែលនាំឱ្យអេស្ប៉ាញយកឈ្នះក្រុមអង់គ្លេសក្នុងលទ្ធផល ១ ទល់នឹង ០  នៅក្នុងការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនៃជុំចុងក្រោយ។​

តាមលទ្ធផលប្រកួតនេះ ប្រទេសអេស្ប៉ាញបានបង្កើតប្រវត្តិសាស្រ្តរបស់ខ្លួនជាលើកដំបូងបង្អស់ក្នុងការទទួលបានជ័យលាភីឈ្នះពានរង្វាន់ FIFA Women’s World Cup ២០២៣។ ក្រោយដឹងលទ្ធផល មនុស្សជាច្រើន ជាពិសេសប្រជាជនអេស្ប៉ាញបានសាទរនូវជ័យជំនះមួយនេះ ហើយមានមោទកភាពជាខ្លាំងចំពោះក្រុមជម្រើសជាតិរបស់ខ្លួន។

ក៏ប៉ុន្តែ សម្រាប់កីឡាការិនី Carmona ក្រោយចប់ការប្រកួតគ្រប់សព្វ​ កញ្ញាបានទទួលដំណឹងយ៉ាងសោកសៅពីការលាចាកលោករបស់ឪពុកខ្លួន។  សហព័ន្ធបាល់ទាត់អេស្ប៉ាញបាននិយាយនៅព្រឹកថ្ងៃច័ន្ទ ទី២១ខែសីហានេះថា ឪពុករបស់កីឡាការិនីរូបនេះបានធ្លាក់ខ្លួនឈឺ និងទទួលអនិច្ចកម្ម នៅអំឡុងពេលម្តាយ និងសាច់ញាតិផ្សេងទៀតបានចាកចេញពីស្រុកកំណើតធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី ដើម្បីមើលការប្រកួតវគ្គផ្តាច់ព្រ័ត្ររបស់កីឡាការិនី Carmona។ សហព័ន្ធបានបញ្ជាក់ថា ក្រុមគ្រួសារកីឡាការិនី Carmona មិនបាននិយាយលម្អិតពីមូលហេតុដែលបណ្តាលឱ្យគាត់ស្លាប់នោះទេ។

ជាក់ស្តែង ក្រុម​គ្រួសារ​បាន​សម្រេច​មិនប្រាប់ដំណឹងមរណៈនេះទៅកីឡាការិនី Carmona ភ្លាមៗ ក៏ព្រោះតែចង់ឱ្យកញ្ញាតាំងសតិក្នុងការប្រកួត ជាជាងការបែកអារម្មណ៍។ ក្រុមគ្រួសារគិតថា បន្ទាប់ពីប្រកួតចប់រួចរាល់ ពួកគេនឹងប្រាប់ដំណឹងនេះជាក់ជាមិនខាន និងធ្វើដំណើរត្រឡប់ទៅធ្វើពិធីបុណ្យតាមទំនៀមទម្លាប់នៅឯស្រុកកំណើតទាំងអស់គ្នា។

យ៉ាងណាមិញ ចំពោះកីឡាការិនី Carmona បានសរសេរសារបង្ហោះនៅលើបណ្តាញ X ដែលពីមុនជា Twitter ថា ខ្ញុំដឹងថាលោកប៉ាកំពុងផ្តល់កម្លាំងចិត្ត និងមានមោទនភាពចំពោះខ្ញុំជាខ្លាំងនៅអំឡុងពេលខ្ញុំប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ សូមលោកប៉ាទៅកាន់សុគតិភព។

ទន្ទឹមគ្នានោះ សមាជិកក្រុមជម្រើសជាតិ ក្រុមគ្រួសារ ប្រជាជននៅទូទាំងសកលលោក ក៏ដូចជាសហព័ន្ធបាល់ទាត់អេស្ប៉ាញបានចូលរួមរំលែកទុក្ខ និងបង្ហោះសារលើកទឹកចិត្តកីឡាការិនី​ Carmona រូបនេះថា កញ្ញាធ្វើបានល្អណាស់ ហើយកញ្ញាជាផ្នែកមួយដែលបង្កើតប្រវត្តិសាស្រ្តឱ្យបាល់ទាត់អេស្ប៉ាញនៅលើឆាកអន្តរជាតិ៕

ប្រភព៖ AP ចុះថ្ងៃច័ន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣

 

Share

Image
Image
Image