en     km
en     km

សង្គមស៊ីវិលគាំទ្រការតម្លើងពន្ធបន្ថែមចំនួន៥០០រៀលលើបារីមួយកញ្ចប់នឹងជួយស្តារស្ថានភាពមិនល្អទាក់ទងការជក់បារី

Share

(ភ្នំពេញ)៖ អង្គការសង្គមស៊ីវិលដែលធ្វើការងារទាក់ទងសុខភាពសាធារណៈបានបង្ហាញជំហរគាំទ្រចំពោះការតម្លើងថ្លៃចំនួន ៥០០រៀលលើបារីមួយកញ្ចប់ដែលក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានចេញសេចក្តីណែនាំស្តីពីការអនុវត្តអាការលើតម្លៃបន្ថែមចំពោះបារីនាំចូលកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ។

ការបង្ហាញជំហរពីសំណាក់អង្គការសង្គមស៊ីវិលនេះធ្វើឡើងក្នុងកិច្ចប្រជុំសមាជិកប្រចាំត្រីមាសរបស់អង្គការវេទិការនៃអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីកម្ពុជា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នៅរាជធានីភ្នំពេញ។

ក្រុមអង្គការសង្គមស៊ីវិល ចាត់ទុក អនុវត្តលើតម្លៃបន្ថែមដោយយកពន្ធ ៥០០រៀល ក្នុងបារីមួយកញ្ចប់បន្ថែមទៀតនេះ នឹងជួយឱ្យរដ្ឋទទួលបានប្រាក់ចំណូលពន្ធបន្ថែម ហើយអត្រាអ្នកជក់បារីថយចុះដែលអាចបង្ការអ្នកស្លាប់ដោយសារការប្រើប្រាស់ថ្នាំជក់។

នេះជាសកម្មភាពនៃកិច្ចប្រជុំសមាជិកប្រចាំត្រីមាសរបស់អង្គការវេទិការនៃអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីកម្ពុជាដែលសិក្ខាកាមWMCបានចូលរួមប្រជុំនិងយកព័ត៌មាន។

លោកវេជ្ជបណ្ឌិត  មុំ គង់  ប្រធានអង្គការចលនា ដើម្បីសុខភាពកម្ពុជាប្រាប់សិក្ខាកាមWMCឱ្យដឹងថា ការដំឡើងពន្ធលើផលិ ផលថ្នាំជក់ឲ្យបានខ្ពស់ គឺអាចកាត់បន្ថយចំនួនអ្នកស្លាប់  ហើយរដ្ឋនឹងទទួលបានចំណូលបន្ថែម។  លោកថារាល់ឆ្នាំ កម្ពុជាមានប្រជាពលរដ្ឋប្រមាណ  ១៥,០០០ នាក់ស្លាប់ដោយសារប្រើប្រាស់ថ្នាំជក់។

យោងតាមការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា ប្រសិនបើកម្ពុជាយកពន្ធបន្ថែម ៥០០រៀល ក្នុងបារីមួយកញ្ចប់ នោះនឹងនាំឱ្យតម្លៃបារីកើនឡើង១៥% ។ប្រការនេះអាច កាត់បន្ថយអ្នកជក់បារី ៣០ ០០០នាក់ នៅឆ្នាំបន្ទាប់ ហើយបង្ការអ្នកស្លាប់បាន ១០ ០០០នាក់ ក្នុងរយៈពេល ១០ទៅ ១៥ឆ្នាំបន្ទាប់។ ពិសេសគឺជួយបង្កើនប្រាក់ចំណូលពន្ធរដ្ឋជាង ៥៣លានដុល្លារសហរដ្ឋក្នុងមួយឆ្នាំ។ 

នៅកម្ពុជាប្រជាពលរដ្ឋ ១៥ ០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំបណ្តាលមកពីការជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ ហើយ ៣៣%នៃអ្នកស្លាប់ទាំងអស់ កើតឡើងចំពោះប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបបំផុត។

សូមបញ្ជាក់ដែរថា ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ បានចេញសេចក្ដីណែនាំស្ដីពី ការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះបារីនាំចូល ជាមួយគ្នានោះ ក្នុងគោលដៅពង្រឹងការអនុវត្តអាករលើតម្លៃបន្ថែម ឲ្យមានតម្លាភាព និងសង្គតិភាព ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ណែនាំដល់គ្រប់ម្ចាស់សហគ្រាស ដែលប្រកបអាជីវកម្មនាំចូលបារី ឬចែកចាយបន្តបារីនាំចូលទាំងអស់ អំពីនីតិវិធីនៃការអនុវត្តអាករលើតម្លៃបន្ថែម (អតប) ដូចខាងក្រោម៖

សារលើកញ្ចប់បារី។

១៖ ចំពោះបារីដែលនាំចូលសម្រាប់គោលដៅលក់ក្នុងស្រុក សហគ្រាសត្រូវអនុវត្តអាករលើតម្លៃបន្ថែម ដូចទំនិញនាំចូលជាប់អាករដទៃទៀតដែរ ដោយត្រូវប្រមូលអាករលើតម្លៃបន្ថែម តាមអត្រា ១០ (ដប់) ភាគរយ រាល់ការផ្គត់ផ្គង់បារី នៅក្នុងប្រទេសកម្ពុជា។ អាករលើតម្លៃបន្ថែម ដែលបានបង់នៅពេលនាំចូល ឬទិញក្នុងស្រុក ត្រូវបានអនុញ្ញាតជាឥណទានអាករលើធាតុចូលសម្រាប់កាត់កងជាមួយ អាករលើធាតុចេញ។

២៖ ចំពោះបារីដែលនាំចូលសម្រាប់គោលដៅនាំចេញ សហគ្រាសត្រូវបានបន្តអនុញ្ញាតឲ្យបង់ អាករលើតម្លៃបន្ថែម តែម្ដងគត់នៅពេលនាំចូលជាការស្រេច ដូចដែលបានអនុវត្តនាពេលកន្លងមក។

៣៖ សហគ្រាសត្រូវដាក់លិខិតប្រកាស និងបង់ប្រាក់អាករស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ សេចក្តីណែនាំនេះមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣តទៅ៕

អត្ថបទខ្លីសរសេរដោយ សំណេរ សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)៕

 

Share

Image
Image
Image