ភ្នំពេញ៖ នៅខែសីហានេះជារដូវកាលនៃការចរចារប្រាក់ឈ្មួលអប្បបរមាសម្រាប់កម្មករនិយោជិតនៃវិស័យ វាយនភ័ណ្ឌ កាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង។ គិតមកដល់ពាក់កណ្តាលខែនេះភាគីពាក់ព័ន្ធកំពុងតែមមាញឹក ក្នុងការជជែកវែកញែក ដើម្បីកំណត់តួលេខជាក់លាក់ណាមួយដាក់លើតុចរចាគ្នា។ ទោះយ៉ាងណា ការចាប់ផ្តើមជជែកគ្នាលើកដំបូងកាលពីថ្ងៃទី១៦ ខែសីហា កន្លងទៅនេះ ហាក់មិនទាន់ចេញជាលទ្ធផលដុំកំភួន និងមានការស៊ីជម្រៅ ដោយកំណត់តួលេខណាមួយមកពិភាក្សានៅឡើយទេ។ ជុំវិញរឿងនេះ អ្នកជំនាញ និងសហជីពមួយចំនួន មានទស្សនៈខុសគ្នាក្នុងការរំពឹងទុក ទៅលើការតំឡើងប្រាក់ឈ្មួលកម្មករនិយោជិតនៅឆ្នាំ២០២៤។
ចង់ដឹងថា មតិលើកឡើងរបស់អ្នកជំនាញ និងសហជីព មានទស្សនៈបែបណាខ្លះជុំវិញករណីនេះ? តទៅនេះសូមនាង កញ្ញា លោក លោកស្រីអញ្ជើញស្តាប់សេចក្តីរាយការណ៍ដោយ កញ្ញា គុជ ស៊ីកុល ដូចតទៅ៖…..
កម្មករោងចក្រកំពុងកាត់ដេរសម្លៀកបំពាក់នៅក្នុងរោចក្រមួយនៅកម្ពុជា។រូបភាព៖ ក្រសួងការងារ(facebook)
មិនខុសគ្នានឹងឆ្នាំមុនៗទេ ដែលក្រុមប្រឹក្សាជាតិប្រាក់ឈ្មួលអប្បបរមា ចាប់ផ្តើមបើកការជជែកគ្នាក្នុងការកំណត់ប្រាក់ឈ្នួលដល់កម្មករនិយោជិតនៃវិស័យឧស្សាហកម្មវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង។
ជាក់ស្តែងកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ ជាជំនួបជាលើកដំបូងហើយក្នុងលក្ខណៈត្រីភាគី ដើម្បីជួបជុំកំណត់ប្រាក់ឈ្នួលនិយោជិតនៅឆ្នាំ២០២៤។ ការជួបពិភាក្សាត្រីភាគីនេះ ហាក់មិនទាន់មានលក្ខណៈស៊ីជម្រៅ ដោយមានការកំណត់តួលេខជាក់លាក់ណាមួយមកដាក់លើតុចរចារគ្នានៅឡើយទេ។
បើទោះបីជាការបើកកិច្ចពិភាក្សាគ្នានេះជាលើកដំបូងក្តី ប៉ុន្តែជំនួបនេះបង្កើតបានជាមន្ទិលសង្ស័យ ថាតើប្រាក់ឈ្មួលកម្មករនិយោជិតនៅឆ្នាំ២០២៤ មានការកើនឡើង ឬក៏ស្ថិតក្នុងលក្ខ័ណ្ឌបែបណាវិញ?
ជុំវិញបញ្ហានេះឃើញថា អ្នកជំនាញ និង សហជីពមួយចំនួន បានយល់ឃើញ ព្រមទាំងមានការព្យាករណ៍ ខុសៗគ្នាពីមួយទៅមួយផងដែរ។
ក្នុងនោះលោក ឯម សុវណ្ណារ៉ា អ្នកវិភាគ និងជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយយល់ថា សម្រាប់ការកំណត់ប្រាក់ឈ្មួលកម្មករ និយោជិតឆ្នាំ២០២៤ គឺស្ថិតក្នុងភាពមិនច្បាស់លាស់។ ទោះជាបែបនេះក្តីលោកព្យាករណ៍ថានឹងមិនមានការតំឡើងថ្លៃនោះទេ ដោយហេតុថាលោកមើលឃើញពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជាហាក់ធ្លាក់ចុះ ដែលជាហេតុបង្កឱ្យមានផលលំបាកដល់ភាគីក្នុងការសម្រេចចិត្តកំណត់ប្រាក់ឈ្មួលកម្មករនិយោជិត។
ឯម សុវណ្ណារ៉ា៖ « ទាំងសេដ្ឋកិច្ចសាកលតំបន់ នៅកម្ពុជាខ្ញុំគិតថាពលកម្ម តម្លៃពលកម្មនៅកម្ពុជាពុំមានផល ឬក៏មិនអាចតំឡើងបានទេ បើយើងមើលស្ថានភាពមិនទាន់អំណោយផលសម្រាប់សេដ្ឋកិច្ចមិនទាន់អំណោយផលសម្រាប់ការជម្រុញការនាំចេញឬការផលិតទេ អីចឹងខ្ញុំសង្ឃឹមថាពលករមិនអាចទទួលបានការតមឡើងទេនៅឆ្នាំនេះហា៎ណាស់ចំពោះតម្លៃប្រាក់មូលដ្ឋានសម្រាប់ផ្គត់ផ្គង់ម្នាក់ៗហា៎ណាស់បាទ»
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ និងជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ
ថ្មីៗនេះ តាមរយៈបទអន្តរាគមន៍របស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស(សង់ត្រាល់) ដាក់បញ្ចូលនូវរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងអត្ថបទរបស់ខ្លួនផងដែរថា នៅរយៈពេល៧ខែ ដើមឆ្នាំ២០២៣នេះបង្ហាញថា ចំណូលកម្ពុជា ដែលបានពីការនាំចេញសម្លៀកបំពាក់ គឺទទួលបានថវិកាជាង៤.៤ពាន់លានដុល្លាអាមេរិក តួលេខនេះគឺថយចុះប្រមាណ២០% និងការនាំចេញស្បែកជើងទទួលបានចំណូល៨០៨លានដុល្លា គឺថយថុះប្រមាណ២២.៧% បើធៀបនឹងរយៈពេលការនាំចេញកាលពីឆ្នាំ២០២២។ ដោយឡែកកាលពីឆ្នាំ២០២១ អង្គការសង់ត្រាល់ រកឃើញថា មានកម្មករនយោជិត បាត់បង់ប្រាក់ឈ្នួលប្រមាណ១រយដុល្លាអាមេរិក ដែលកើតចេញពីវិបត្តិកូវីដ១៩ ការព្យួរការងារកម្មករ ការបញ្ឈប់ការងារកម្មករ និងការបិទរោងចក្រដោយមិនមានការទូទាត់សំណង និងប្រាក់ឈ្នូលដល់កម្មករឱ្យបានត្រឹមត្រូវក្នុងចំណោមរោចក្រ១០០កន្លែង។
ការលើកឡើងរបស់លោក ឯម សុវណ្ណារ៉ា ត្រូវបានបដិសេធដោយលោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា។ លោកប៉ាវ ស៊ីណា បដិសេធដោយសំអាងហេតុផលថា ទាំងនេះមិនមានអ្វីប្លែកទេព្រោះថាជារៀងរាល់ឆ្នាំទៅហើយតែងតែមានទស្សនៈខុសៗគ្នា ទាក់ទងទៅនឹងលទ្ធភាពមិនតំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិត តែ ជាលទ្ធផលតែងផ្ទុយពីការយល់ឃើញលទ្ធភាពអវិជ្ជមានមួយចំនួន គឺថាពីមួយឆ្នាំទៅមួយឆ្នាំប្រាក់ឈ្នួលបានកើនឡើងជាបន្តបន្ទាប់។
លោក ប៉ាវ ស៊ីណា៖« ចំពោះខ្ញុំទាក់ទងទៅនឹងលទ្ធភាពទៅនឹងការមិនតំឡើងប្រាក់ឈ្នួលដល់កម្មករគឺតែងតែត្រូវបានលើកឡើងជារៀងរាល់ឆ្នាំ បើទោះបីជាកម្ពុជាយើងមិនរងឧបសគ្គចំពោះបញ្ហាកូវីដ ឬក៏វិបត្តិនៃសង្រ្គាមរវាងរុស្សី–អ៊ុយក្រែនក៏ដោយ ប៉ុន្តែភាគីនយោជកតែងតែលើកពីបញ្ហាលទ្ធភាពជុំវិញការតំឡើងប្រាប់ឈ្នួលជូនបងប្អូនកម្មករ ហើយរឿងនេះមិនមែន សម្រាប់តែការតំឡើងប្រាក់ឈ្នួលនៅឆ្នាំ២០២៤នេះទេ គឺរឿងនេះកើតឡើងសម្រាប់កម្ពុជាយើងនេះតាំងពីដើមមកម្លេះ តាំងពីយើងមានយន្តការតំឡើងប្រាក់ឈ្នួលមកម្លេះ ឬក៏មុនហ្នឹងទៅទៀតដែរនយោជក់តែងលើកពីបញ្ហាហ្នឹងបាទ»
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា។ រូបភាព៖ សម្ព័ន្ធសហជីពចលនាកម្មករ (Collective Union of Movement of Workers)
បន្ថែមពីនេះ លោកប៉ាវ ស៊ីណា អះអាងទៀតថា បើទោះបីសេដ្ឋកិច្ច និងទំហំពាណិជ្ជកម្មនៅកម្ពុជាស្ថិតក្នុងស្ថានភាពធ្លាក់ចុះក៏ដោយ ប៉ុន្តែលោកនៅតែមានទំនុកចិត្តខ្ពស់ថា ត្រីភាគីនិងសម្រេចតំឡើងប្រាក់ឈ្មួលកម្មករនិយោជិត។ លោកក៏បានផ្តល់ជាតម្រុយផងដែរថា ខាងសម្ព័ន្ធសហជីពមានការឯកភាពគ្នាដោយកំណត់បាននូវតួរលេខជាក់លាក់រួចហើយ ក្នុងជំនួបពិភាក្សាជាលក្ខណៈត្រីភាគីបន្ទាប់។
ប៉ាវ ស៊ីណា៖ « ទោះបីជាប្រទេសក្នុងតំបន់មិនមានការតំឡើងប្រាក់ឈ្នួលប៉ុន្តែកម្ពុជាយើងនឹងមានការតំឡើង ទោះបីជា ២ដុល្លាក៏ដោយក៏យើងមានផលបូកដែរ បាទដោយឡែកឆ្នាំ២០២៤ខ្ញុំរំពឹងថា បើទោះបីឆ្នាំ២០២៣នេះ ស្ថានភាពការនាំចេញយើងមានការធ្លាក់ចុះខ្លះដោយសារតែវិបត្តសាកល បញ្ហានេះជួបប្រទះទាំងអស់មិនមែនតែខ្មែរទេដូច្នេះបើទោះបីមានទិដ្ឋភាពហ្នឹងក៏ដោយក៏ខ្ញុំនៅតែមានរំពឹងថាប្រាក់ឈ្នួលនៅកម្ពុជាយើងនឹងត្រូវបានតំឡើងផងដែរក្នុងកម្រិតណាមួយបាទ។ (សំនួរ) ពួកយើងអត់អាចព្យាករណ៍បានទេប៉ុន្តែគ្រាន់តែដឹងថា ភាគីសហជីពពួកយើងបានមានតូរលេខមួយរួចជាស្រេចដើម្បីដាក់លើតុចរចារនៅថ្ងៃទី២៥ខាងមុខនេះដែលជាកិច្ចប្រជុំលើកទី២បាទ»
ពាក់ព័ន្ធនឹងការចរចារប្រាក់ឈ្មួលអប្បបរមានេះ លោក ខេន លូ អគ្គលេខាធិកាសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) មិនទាន់ទាន់មានការឆ្លើយតប ក៏ដូចជាបញ្ចេញទស្សនៈផ្ទាល់ខ្លួនបែបណានៅឡើយទេ ដោយលោកកំពុងតែស្ថិតក្នុងការរង់ចាំមើលលទ្ធផលរួមនៅឡើយ។
លោក ខេន លូ៖«(សំនួរ៖ប៉ុន្តែសម្រាប់បងផ្ទាល់តើបងមានការរំពឹងទុកថាអាចនឹងកើនឡើងទេបង?) ចាំលទ្ធផលចរចារ ខ្ញុំសូមទោសខ្ញុំឆ្លើយបានតែមួយទេ ខ្ញុំអត់បានចរចារឱ្យខ្ញុំប្រាប់យ៉ាងមិច ចាំលទ្ធផលចរចារ អរគុណច្រើន»
លោក ខេន លូ អគ្គលេខាធិកាសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)
តាំងនាមជាប្រធានសហជីពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា ស្នើសុំឱ្យឱ្យមានការគិតគូរផ្តល់ជាដំណោះស្រាយ និងលើកកម្ពស់វិស័យវាយនភ័ណ្ឌ កាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង ដោយជម្រុញធ្វើយ៉ាងណាឱ្យភាគីពាក់ព័ន្ធគិតគូរតំឡើងប្រាក់ឈ្មួលដល់កម្មករនិយោជិក។
លោក ប៉ាវ ស៊ីណា៖« ឆ្លៀតក្នុងឱកាសនេះខ្ញុំស្នើឱ្យភាគីពាក់ព័ន្ធគិតឱ្យបានឌិតដល់ចំពោះការកំណត់ក៏ដូចជាការតំឡើងប្រាក់ឈ្មួលណាមួយឱ្យបានសមរម្យសម្រាប់លើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនកម្មករនយោជិត ដោយសារតែពួកគាត់គឺជាកម្លាំងផលិតដ៏សំខាន់សម្រាប់កំណើនគេហៅថាសេដ្ឋកិច្ចជាតិ ដូច្នេះបច្ចប្បន្នយើងឃើញថាវិស័យកាត់ដេរស្បែកជើង កាបូប ជាវិស័យទ្រទ្រង់ទៅដល់កំណើនសេដ្ឋកិច្ចជាតិកម្ពុជាយើង ហើយជាពិសេសគៗការបង្កើតឱកាសការងារសម្រាប់ពួកគាត់ក៏ដូចជាពលរដ្ឋដល់វ័យដែលត្រូវបំពេញធ្វើការបន្ថែមដូចច្នេះចំណុចនេះជារឿងមួយដ៏ចាំបាច់ដែលភាគីនយោជក ភាគីរារដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ជីវភាពបងប្អូនកម្មករតាមរយៈការតំឡើងប្រាក់ឈ្នួលហ្នឹឯងបាទ»
ផ្អែកតាមរបាយការណ៍ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា បង្ហាញ ក្នុង២០២៣នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប គឺមានចំនួន ២០០ដុល្លារក្នុងមួយខែ។
យ៉ាងណាមិញករណីបូកនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែម នោះកម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២១៧ ទៅ ២២៨ដុល្លារក្នុងមួយខែ៕