AP៖ កាលពីពេលថ្មីៗនេះ ស្រ្តីស្បែកខ្មៅម្នាក់មានការចាប់អារម្មណ៍ជាច្រើនពីសំណាក់ប្រជាពលរដ្ឋនៅរដ្ឋ Kentucky ដោយនាងត្រូវបានអភិបាលក្រុងតែងតាំងជា មេប៉ូលីសថ្មីនៅ Louisville រដ្ឋ Kentucky។ នេះជាលើកដំបូងហើយដែលស្ត្រីជនជាតិស្បែកខ្មៅ ទទួលតួនាទីជាអ្នកដឹកនាំនៅនាយកដ្ឋានកងកម្លាំងប្រយុទ្ធ។ ស្រ្តីដែលមានឥទ្ធិពលឡើងកាន់តំណែងមួយជាមេប៉ូលីសម្នាក់នេះមានឈ្មោះថា Jacquelyn Gwinn-Villaroel។
ចង់ដឹងថា Jacquelyn Gwinn-Villaroel ជានរណា? ហើតកត្តាអញវីខ្លះជម្រុញឱ្យនាងទទួលបានជោគជ័យមួយនេះ? តទៅនេះ សូមនាង កញ្ញា លោក លោកស្រីអញ្ជើញស្តាប់ការអត្ថាធិប្បាយរបស់កញ្ញា គុជ ស៊ីកុល ដូចតទៅ៖
ផ្អែកតាមភ្នាក់ងារសារព័ត៌មានអន្តរជាតិ AP ឱ្យដឹងថា អ្នកដឹកជាស្រ្តីជនជាតិខ្មៅហាក់នៅមានកម្រិតតិចតួចនៅឡើយ បើទោះបីជាកន្លងមកមានការលើកទឹកចិត្តឱ្យមានវត្តមានស្រ្តីស្បែកខ្មៅមានឈ្មោះនៅក្នុងតួនាទីជាអ្នកដឹកនាំនៅតាមស្ថាប័នការងារក៏ដោយ។
តាមរយៈអត្ថបទនេះ វិទ្យុស្រ្តីបានធ្វើការប្រែសម្រួលពីសារព័ត៌មាន Associated Press (AP) ដោយសុំលើកយកតួអង្គស្រ្តីជនជាតិស្បែកខ្មៅម្នាក់ ឈ្មោះ Jacquelyn Gwinn-Villaroel មកបង្ហាញឱ្យនាងកញ្ញា លោក លោកស្រីបានដឹង ខណៈដែលនាងមានប្រជាប្រិយភាពជាខ្លាំងពីមនុស្សមួយចំនួន ដោយច្ចប្បន្ននាងជាស្រ្តីស្បែកខ្មៅដំបូងគេដែលកាន់តួនាទីជាមេប៉ូលីសនៃកងកម្លាំងប្រយុទ្ធនៅ Louisville រដ្ឋ Kentucky។
ឥឡូវនេះយើងមកស្គាល់ថា តើនរណាជា Jacquelyn Gwinn-Villaroel?
ជាជនជាតិអាហ្វ្រិក មានគោលបំណងក្លាយជាអ្នកដឹកនាំនៅក្នុងវិស័យនរគបាល Jacquelyn Gwinn-Villaroel ចាប់ផ្តើមពង្រឹងសមត្ថភាពខ្លួនប្រឡូកក្នុងការងារទាំងឡាយណាដែលនាំនាងឱ្យមានបទពិសោធន៍ច្បាស់លាស់ដើម្បីឈានចាប់យកក្តីស្រមៃរបស់ខ្លួន។
ជាក់ស្តែង នៅឆ្នាំ២០១០ Gwinn-Villaroel ទទួលបានឋានៈជាពលបាលស្របពេលដែលនាងបម្រើការនៅនាយកដ្ឋានប៉ូលីសអាត្លង់តា (APD)។
ចំណែកនៅឆ្នាំ ២០១៧ នាងត្រូវបានតម្លើងឋានៈជាអនុសេនីយ៍ឯក ហើយបានកាន់មុខតំណែងជាមេបញ្ជាការឃ្លាំមើល និងជាមេបញ្ជាការនៃអង្គភាពវិភាគឧបាយកលឧក្រិដ្ឋកម្ម។ បន្ទាប់ពីរយៈពេល ២ ឆ្នាំក្នុងនាមជាអនុសេនីយ៍ឯក នាងត្រូវបានដំឡើងឋានៈជាប្រធានក្រុម និងកាន់តួនាទីជាមេបញ្ជាកាផ្នែកឧក្រិដ្ឋកម្ម ដោយមើលការខុសត្រូវនៃអង្គភាពមនុស្សឃាត អង្គភាពប្លន់ អង្គភាពវាយប្រហារដោយកាំភ្លើង អង្គភាពជនរងគ្រោះពិសេស និងអង្គភាពទប់ស្កាត់ឧក្រិដ្ឋកម្ម Metro Atlanta ។
Jacquelyn Gwinn-Villaroel ស្រ្តីដែលមានឥទ្ធិពលឡើងកាន់តំណែងមួយជាមេប៉ូលីស។ រូបភាព៖ ភ្នាក់ងារសារព័ត៌មានអន្តរជាតិ FOX5 ATLANTA
ដោយឡែក នៅឆ្នាំ ២០២០ នាងត្រូវបានតម្លើងឋានន្តរស័ក្តិជាឧត្តមសេនីយ៏ និងត្រូវបានតែងតាំងជាបណ្ឌិត្យសភាបណ្តុះបណ្តាលនគរបាល។ ក្នុងអំឡុងពេលដែលនាងធ្វើជាអ្នកបង្រៀននៃសាលាបណ្តុះបណ្តាល នាងបានធានាផងដែរនូវការអភិវឌ្ឍន៍កម្មវិធីសិក្សាសម្រាប់ការបណ្តុះបណ្តាលកាតព្វកិច្ចដើម្បីអន្តរាគមន៍ ដោយសង្កត់ធ្ងន់លើការកាត់បន្ថយការកើនឡើងនៃចំនួនមន្រ្តីប៉ូលីសអសកម្ម។
ឆ្នាំ២០២១ Gwinn-Villaroel ក្លាយជាមន្រ្តីប៉ូលីសដែលមានសក្តានុពល និងសុក្រឹត្យ។ ព្រោះថានាងបម្រើការជាមន្ត្រីស៊ើបអង្កេត នៅក្នុងអង្គភាពមួយចំនួនរួមមាន អនុប្រធាន គ្រឿងញៀន ក្រុមក្មេងទំនើង និងកាំភ្លើង និងអំពើហឹង្សាក្នុងគ្រួសារ។ នៅពេលឡើងឋានន្តរស័ក្តិជាពលបាល នាងមានឱកាសធ្វើការនៅល្បាត សាលាបណ្តុះបណ្តាលនគរបាល និងផ្នែកបុគ្គលិកធនធានមនុស្ស។
តាមរយៈសមត្ថភាពនៅឆ្នាំ២០២៣នេះ ស្រ្តីជនជាតិស្បែកខ្មៅរូបនេះបានបំបែកឯកត្តកម្មដោយក្លាយជាស្រ្តីជនជាតិស្បែកខ្មៅដំបូងគេដែលមានតួនាទីជាមេប៉ូលីសនៃកងកម្លាំងប្រយុទ្ធ Louisville រដ្ឋ Kentucky។ លើសពីនេះអផីបាលក្រុងថែមទាំងលើកសរសើរថានាងជាស្រ្តីគំរូម្នាក់ដែលតាំងនាមបញ្ជាក់ថាស្រ្តីជនជាតិស្បែកខ្មៅពិតជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ និងមិនគួរត្រូវបានរើសអើងឡើយ៕
Jacquelyn Gwinn-Villaroel ឡើងសុន្ទរកថា ខណៈមានការប្រកាសដំណែងឱ្យនាងកាន់តួនាទីជាមេប៉ូលីស នៅតំបន់ Louisville រដ្ឋ Kentucky។ រូបភាព៖ AP