en     km
en     km

យន្តហោះ​ឯកជនមួយគ្រឿងបាន​ធ្លាក់​លើ​ផ្លូវ​ហាយវ៉េ​នៅម៉ាឡេស៊ីស្លាប់​១០​នាក់

Share

ប៉ូលិសម៉ាឡេស៊ីបាននិយាយថា មនុស្សយ៉ាងតិច១០នាក់បានស្លាប់បាត់បង់ជីវិត ដោយសារយន្តហោះឯកជនមួយគ្រឿងបានធ្លាក់ទៅលើរថយន្ត និងម៉ូតូនៅលើផ្លូវហាយវេ នៅពេលវាព្យាយាមចុះចត។អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសម៉ាឡេស៊ីបាននិយាយថានៅលើយន្តហោះ Beechcraft មានអ្នកដំណើរ៦នាក់ និងបុគ្គលិកពីរនាក់។ រាយការណ៍ដោយកញ្ញាគុជ ស៊ីកុល

 

យន្តហោះ​នេះ​បាន​ធ្វើ​ដំណើរ​ពី​ទីក្រុង Langkawi ទៅ Selangor ភាគ​ខាងលិច​នៃ​រដ្ឋធានី Kuala Lumpur ប្រទេសម៉ាឡេស៊ី។មេប៉ូលីសទីក្រុង Selangor គឺលោក Hussein Omar Khan បាននិយាយថា យន្តហោះបានបាត់ការទាក់ទងជាមួយប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស។ លោកបាននិយាយថា “មិនមានការហៅទូរស័ព្ទបន្ទាន់ទេ” ។

ក្រុមអ្នកស៊ើបអង្កេតកំពុងព្យាយាមស្វែងរកប្រអប់ខ្មៅរបស់យន្តហោះដែលមានទិន្នន័យហោះហើររបស់វា។

លោក Anthony Loke រដ្ឋ​មន្ត្រី​ក្រសួង​ដឹក​ជញ្ជូនម៉ាឡេស៊ី​បាន​និយាយ​ថា​៖ «​ចាប់​តាំង​ពីបើក​ការ​ស៊ើប​អង្កេត​រហូតដល់​ពេល​នេះ យើង​មិន​អាច​និយាយ​ថា​អ្វី​ជា​មូល​ហេតុ​នៃ​ការ​ធ្លាក់យន្តហោះ​នេះ​ទេ ​។

លោក​បាន​បន្ថែម​ថា​៖ «​មន្ត្រី​កោសល្យ​វិច្ច័យ​កំពុង​កំណត់​អត្តសញ្ញាណ​សាកសព​ជនរងគ្រោះ​ទាំងអស់​។

សាក្សីម្នាក់បានប្រាប់អ្នកសារព័ត៌មានថា ពេលគាត់កំពុងធ្វើការនៅកន្លែងមួយ ស្រាប់តែបានលឺសំលេងផ្ទុះ។ គាត់​បាន​ទៅ​កន្លែង​​យន្តហោះបានធ្លាក់​ ហើយបាន​ឃើញ​អ្នក​របួស។

លោក Mohamad Syahmie Mohamad Hashim អតីតសមាជិកនៃកងទ័ពអាកាសម៉ាឡេស៊ីបានប្រាប់ AFP ថាលោកបានឃើញយន្តហោះនេះហោះហើរខុសប្រក្រតី។លោក​បាន​និយាយ​ថា​៖ «​មិន​យូរ​ប៉ុន្មាន​ខ្ញុំ​បាន​ឮ​សំឡេង​ផ្ទុះ​ខ្លាំង។ “ខ្ញុំ​បាន​ប្រញាប់​ទៅ​កាន់​ទីតាំងកើតហេតុ​ ហើយ​បាន​ឃើញ​បំណែក​យន្តហោះ​មួយ​។​ ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​ទេ”៕

ប្រភព៖ BBC ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣

Share

Image
Image
Image