en     km
en     km

ស្ត្រីកាណាដាម្នាក់ត្រូវបានតុលាការសហរដ្ឋអាមេរិកកាត់ទោសជាប់ពន្ធនាគារ២២ឆ្នាំពីបទប៉ុនប៉ងធ្វើឃាតលោក Donald Trump

Share

លោកស្រី Pascale Ferrier អាយុ៥៦ឆ្នាំត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ២២ឆ្នាំនៅសហរដ្ឋអាមេរិកពីបទប៉ុនប៉ងធ្វើឃាតលោកDonald Trump ដោយប្រើអាវុធជីវសាស្រ្តដាក់ក្នុងស្រោមសំបុត្រ តែត្រូវស្ទាក់ចាប់បាននៅខែកញ្ញាឆ្នាំ២០២០ មុនពេលបញ្ជូនទៅសេតវិមាន។រាយការណ៍ដោយកញ្ញា គុជ ស៊ីកុល

លោកស្រី Ferrier បានប្រាប់តុលាការថា លោកស្រីមានការសោកស្តាយដែលផែនការរបស់លោកស្រីបានបរាជ័យ ហើយបានបន្ថែមថាលោកស្រី”មិនអាចបញ្ឈប់ Trump” បានទេ។នៅក្នុងការជជែកដេញដោលក្នុងតុលាការ លោកស្រីក៏បាននិយាយថា លោកស្រីខ្លួនឯងជាសកម្មជន មិនមែនជាភេរវករនោះទេ។

លោកស្រីFerrier បានបន្ថែមថា “ខ្ញុំចង់សម្រេចបាននូវគោលដៅដោយប្រើមធ្យោបាយសន្តិភាព”។

 

ប៉ូលិសFBI សហរដ្ឋអាមេរិកបាន​រក​ឃើញ​ស្នាម​មេដៃ​របស់លោកស្រី​នៅ​លើ​លិខិត​ផ្ញើ​ជូន​លោក Trump ដែលស្នើសុំ​ឱ្យ​លោក​បោះបង់​ការ​ប្រកួត​ប្រជែង​ប្រធានាធិបតី។បើយោងតាមឯកសារចោទប្រកាន់របស់ FBI លោកស្រីបានសរសេរនៅក្នុងសំបុត្រនោះថា “ខ្ញុំបានរកឈ្មោះថ្មីមួយឱ្យអ្នកគឺ ‘The Ugly Tyrant Clown ” ។

 

ចៅក្រមបានកាត់ទោសលោកស្រី Ferrier ឱ្យជាប់គុក២៦២ខែ។ លោកស្រី​នឹង​ត្រូវ​និរទេស​ចេញ​ពី​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​ជាប់​ទោស ហើយ​ប្រឈម​នឹង​ការ​ត្រួត​ពិនិត្យ​អស់​មួយ​ជីវិត ប្រសិន​បើ​លោកស្រី​វិល​ត្រឡប់​មក​វិញ។

 

ចៅក្រមបានប្រាប់លោកស្រី Ferrier ថាសកម្មភាពរបស់លោកស្រីគឺ “អាចមានទោសស្លាប់” និង “បង្កគ្រោះថ្នាក់ដល់ខ្លួឯង ដល់សង្គម និងជនរងគ្រោះផងដែរ “។លោកស្រីFerrier ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ថា​បាន​ផ្ញើ​សំបុត្រ​​ស្រដៀង​គ្នា​នេះ​ទៅ​កាន់​មន្ត្រី​អនុវត្ត​ច្បាប់ចំនួន​៨​នាក់នៅរដ្ឋ​តិចសាស់។

បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៩ លោកស្រីត្រូវបានឃុំខ្លួនប្រហែល១០សប្តាហ៍ពីបទកាន់អាវុធខុសច្បាប់ និងបើកបរខុសច្បាប់ដោយគ្មានបណ្ណបើកបរ។

លោកស្រីFerrier ជាពលរដ្ឋសញ្ជាតិបារាំង-កាណាដាត្រូវបានចាប់ខ្លួនដោយឆ្លងដែនខុសច្បាប់ចូលBuffalo ទីក្រុងញូវយ៉កក្នុងខែកញ្ញាឆ្នាំ ២០២០ ។ កាលនោះលោកស្រីបានកាន់កាំភ្លើង កាំបិត និងគ្រាប់ផ្ទុះផងដែរ។ក្រោយ​មកលោកស្រី​បាន​​ផលិតសារធាតុ ricin ដែល​ជា​សារធាតុ​ពុល​​ផលិត​ចេញ​ពី​កាកសំណល់​ពី​គ្រាប់​ល្ហុង នៅ​ផ្ទះ​របស់​លោកស្រីនៅ Quebec ប្រទេសកាណាដាហើយ​បានដាក់​វា​ចូល​ក្នុង​ស្រោម​សំបុត្រ​។

 

សូមបញ្ជាក់ថាគេមិនមានថ្នាំបន្សាបសារធាតុពុល ricin នោះទេ។ បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិកសារធាតុពុលនេះអាចធ្វើឱ្យមនុស្សស្លាប់ក្នុងរយៈពេលពី៣៦ទៅ៧២ម៉ោងគឺអាស្រ័យលើកម្រិតថ្នាំពុលនេះតិចឬច្រើន ។ក្នុងឆ្នាំ ២០១៤ បុរសម្នាក់នៅរដ្ឋ Mississippi ត្រូវបានកាត់ទោសឱ្យជាប់គុក២៥ឆ្នាំបន្ទាប់ពីបានផ្ញើសំបុត្រមានសារធាតុពុល ricin ទៅកាន់ប្រធានាធិបតី Barack Obama និងមន្ត្រីផ្សេងៗទៀត៕

ប្រភព៖ BBC ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣

Share

Image
Image
Image