en     km
en     km

ជាងជំនាញកំពុងកែសម្រួលព្រះពុទ្ធរូប១ព្រះអង្គនៅវត្តវាល ខេត្តពោធិ៍សាត់ ឱ្យសមរម្យឡើងវិញ

Share

កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៣ មានការចុះផ្សព្វផ្សាយតាមបណ្ដាញសង្គមយ៉ាងផុសផុល អំពីព្រះពុទ្ធរូបផ្ចាញ់មា១ព្រះអង្គ ស្ថិតនៅក្នុងបរិវេណវត្តវាល ក្នុងក្រុងពោធិ៍សាត់ ថាមានលក្ខណៈមិនស្អាតល្អ។ រហូតមកដល់ខែសីហានេះ ព្រះចៅអធិការវត្តកំពុង កៀងគរថវិការពីពុទ្ធបរិស័ទ ដើម្បីឱ្យជាងជួសជុលព្រះពុទ្ធរូបនេះឡើងវិញ ដោយការជួសជុលនេះធ្វើតាមដំណាក់កាល។ លោក គីម ចាន់ចាវ រាយការណ៍

 

ដោយមានការត្រួតពិនិត្យពីមន្ត្រីជំនាញនៃក្រសួងធម្មការនិងសាសនា និងអ្នកជំនាញពាក់ព័ន្ធ គណៈកម្មាធិការវត្តវាល ស្ថិតនៅភូមិផ្សារលើ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានឱ្យជាងជំនាញរចនាព្រះពុទ្ធរូប ជួសជុលកែសម្រួលព្រះភ័ក្រព្រះអង្គផ្ចាញ់មារ ដែលមានលក្ខណៈខុសទម្រង់ស្ដង់ដានោះឡើងវិញ។ ព្រះតេជគុណ រួន មករា ជាសិស្សគុណរបស់ព្រះចៅអធិការវត្តដែលសម្របសម្រួលការជួសជុលនេះ បានមានព្រះថេរដីកាប្រាប់វិទ្យុស្ត្រីនៅថ្ងៃសុក្រនេះថា ដើម្បីជួសជុលឡើងវិញឱ្យត្រូវតាមក្បួនខ្នាត គឺមានជាងមានបទពិសោធន៍មកគូសប្លង់ច្បាស់លាស់ និងមានការត្រួតពិនិត្យពីមន្ត្រីក្រសួងធម្មការនិងសាសនា និងក្រសួងពាក់ព័ន្ធ។

ព្រះតេជគុណមានសង្ឃដីការបន្តថា ការកែលម្អព្រះពុទ្ធរូបនេះគឺធ្វើឡើងតាមដំណាក់កាល ពោលគឺដំណាក់កាលដំបូងកែត្រឹមទម្រង់ព្រះភ័ក្រ និងផ្នែកសំខាន់មួយចំនួន ដែលត្រូវចំណាយថវិកាជាង១២,0០០ដុល្លារ ខណៈដំណាក់កាលបន្ទាប់ដែលកែលម្អសម្រេចទាំងស្រុងត្រូវចំណាយថវិកាប្រមាណ១៩,០០០ដុល្លារ។

«ចំពោះការកែនេះយើងអត់បានកែទាំងស្រុងទេ យើងកែតែទម្រងព្រះភ័ក្រហើយនឹងពីព្រះភ័ក្រចុះក្រោមហ្នឹងដល់ដើមទ្រូង ប៉ុន្តែដើមស្មាហ្នឹងយើងអត់ទាន់កែទេ ដោយសារយើងខ្វះថវិកា ដោយសារជាងយកថ្លៃពេកចឹងហ៍ណា! ម្លោះហើយចៅអធិការលោកសម្រេចចិត្តលោកកែតែព្រះភ័ក្រហើយនឹងកែកន្លែងដើមទ្រូងទេ កន្លែងព្រះភ្នែនហើយនឹងដើមស្មានេះអត់ទាន់បានកែទេ ឥលូវយើងកំពុងតែពិភាក្សាមានសប្បុរសជនក៏ដូចជាញាតិញោមក្នុងនិងក្រៅប្រទេសគាត់ព្យាយាមជួយកសាងចឹងហ៍ណាញោម!»។

ព្រះតេជគុណ រួន មករា ជាសិស្សគុណរបស់ព្រះចៅអធិការវត្ត

 

ព្រះពុទ្ធរូបផ្ចាញ់មាមួយព្រះអង្គនេះ ត្រូវបានកសាងឡើងតាំងពីឆ្នាំ២០០៩។ រូបភាពមួយសន្លឹកនៃព្រះពុទ្ធរូបនេះត្រូវបានចែកចាយក្នុងបណ្ដាញទំនាក់ទំនងសង្គម កាលពីអំឡុងខែមិថុនា ដោយភ្ជាប់ជាមួយនឹងសាររិះគន់ថាមានលក្ខណៈមិនល្អស្អាត និងខុសទ្រង់ទ្រាយដើម។ គណៈកម្មាធិការវត្តវាល បានឱ្យដឹងថា ព្រះពុទ្ធរូបអង្គនេះកើតចេញពីកម្លាំងសាមគ្គីរបស់សប្បុរសជនខ្មែរនានា ដែលមានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា សាងសង់ឡើងមានកម្ពស់២៩ម៉ែត្រ ព្រះភ្នែន២១ម៉ែត្រ។ ព្រះចៅអធិការវត្ដវាលព្រះនាម ជុំ សារឿន មានដីកាថា ការកសាងព្រះពុទ្ធរូបផ្ចាញ់មានេះកាលនោះ បានប្រើប្រាស់ជាងដែលមានចំណេះដឹងតិចតួច និងបច្ចេកទេសសូន្យរូបនៅមានកម្រិត ពុំមានរចនាបថត្រឹមត្រូវតាមក្បួនខ្នាតនោះទេ ដែលប្រការនេះបង្កឱ្យមានកំហុសឆ្គងកើតឡើង។

ព្រះពុទ្ធរូបផ្ចាញ់មា ដែលជាងកំពុងជួសជុលកែសម្រួល

លើការជួយជុលកែសម្រួលឡើងវិញនេះ លោក ចាន់ វ៉ូលីម ដែលជាជាងផ្នែករចនាព្រះពុទ្ធរូបនៅខេត្តពោធិ៍សាត់ជាអ្នកទទួលលើកគម្រោងនេះ។ លោកបញ្ជាក់ថា ការជួសជុលលើដំណាក់កាលដំបូងត្រូវប្រើពេល៥-៦ខែ ដោយមានចំនួនជាង៤-៦នាក់តាមតម្រូវការជាក់ស្ដែង។

លោកបានបញ្ជាក់ថាជំហានទី១នេះគណៈកម្មាធិការវត្តបានឱ្យកែត្រឹមស្មាឡើងលើ  គឺកែមួយដំណាក់កាលសិនដោយសារសារខ្វះបច្ច័យ។ ការជួសជុលត្រូវទម្លាក់សាច់ព្រះភ័ក្រចោល ហើយត្រូវសូន្យសាថ្មី ហើយយកតាមជាក់ស្ដែង។ លោកបន្តថា ការធ្វើនេះនៅតែយកទៅតាមទម្រង់ចាស់ ព្រោះកែសម្រួលមិនធ្វើថ្មីទេ ដោយការយកទម្រង់ចាស់ ទម្លាក់សាច់ចោល និងពិចារណាអ្វីដែលត្រូវបន្ថយ ហើយយើងនឹងធ្វើថ្មីវិញ។

«ទម្រង់ចាស់គាត់ខុសខ្នាតណាស៎ ចឹងការកែសម្រួលនេះ ខ្ញុំនឹងព្យាយាមសម្រួលធ្វើម៉េចសារ៉េឱ្យបានគ្រប់ខ្នាតទៅឱ្យស្អាតឡើងវិញ»

លោក ចាន់ វ៉ូលីម ជាងផ្នែករចនាព្រះពុទ្ធរូបនៅខេត្តពោធិ៍សាត់

បច្ចុប្បន្នគណៈកម្មាធិការវត្តកំពុងគៀងគរថវិកាពីពុទ្ធបរិស័ទ និងសម្បុរសជនតាមរយៈគេហទំព័រហ្វេសប៊ុក ដែលមានឈ្មោះថា «វត្តវាល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់»។ ព្រះតេជគុណ រួន មករា បញ្ជាក់ថា បច្ច័យ ឬថវិកា ដែលទទួលបានពីពុទ្ធបរិស័ទ ក្នុងនិងក្រៅប្រទេសចូលរួម គឺមានប្រមាណ២០ភាគរយ នៃថ្លៃសរុបលើការជួសជុលនេះ៕

Share

Image
Image
Image