en     km
en     km

ការចិញ្ចឹមគ្រំចំពុះទា​ជួយបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ពាមក្រសោបខេត្តកោះកុង

Share

ភ្នំពេញ៖ មកដល់ខែសីហានេះ បើទោះបីស្ថិតនៅក្នុងចុងរដូវនៃការប្រមូលគ្រំចំពុះទា ឬអ្នកស្រុកហៅថាខ្យងចំពុះទាហើយក្តី ប៉ុន្តែគ្រំសមុទ្រប្រភេទនេះនៅតែទទួលបានការនិយមបរិភោគពីសំណាក់ប្រជាពលរដ្ឋកម្ពុជាក៏ដូចជាភ្ញៀវបរទេស។ នេះបើតាម ការឱ្យដឹងពីអនុប្រធានតំបន់ការពារធម្មជាតិពាមក្រសោប ខេត្តកោះកុងដល់សិក្ខាកាមWMC។

ប្រជាសហគមន៍ពាមក្រសោប ខេត្តកោះកុងប្រមូលផលគ្រំចំពុះទា។រូបភាពពីសំណេរសិក្ខាកាមWMC។

លោក វង្ស តារា អនុប្រធានតំបន់ការពារធម្មជាតិពាមក្រសោប ខេត្តកោះកុងបានឱ្យដឹងថា គ្រំចំពុះទា ឬខ្យងចំពុះទា កំពុងត្រូវបានពលរដ្ឋកម្ពុជាចាប់អារម្មណ៍បរិភោគច្រើនឡើង។ លោកថា គ្រំចំពុះទានេះនៅតាមទីផ្សារចាប់ផ្តើមលក់ដាច់ និងមានការបញ្ជាទិញកើនឡើង។ លោក វង្ស តារា បន្ថែមថា មកដល់ដើមខែសីហា ឆ្នាំ២០២៣នេះ ការលក់ខ្យងចំពុះទាបានប្រមាណ ៧០ភាគរយហើយ ។ អនុប្រធានតំបន់ការពារធម្មជាតិពាមក្រសោបរូបនេះ ឱ្យដឹងទៀតថា ការចិញ្ចឹមខ្យងចំពុះទានេះជួយបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ធ្វើឱ្យពលរដ្ឋអាចមានប្រាក់ផ្តត់ផ្គង់គ្រួសារបានល្អប្រសើរ។ ចំណែកការគាំទ្រពីអតិថិជនក្នុងស្រុកវិញលោកថា មានការកើនឡើងប្រមាណ ២៥ភាគរយដែលកាលពីមុនការលក់ក្នុងស្រុកបានតែប្រមាណ១០-១៥ភាគរយប៉ុណ្ណោះ។ មួយវិញទៀត ការលក់ខ្យងចំពុះទា ក្នុងស្រុកច្រើនតែតាមផ្សារទំនើបតូចធំ ភោជនីយដ្ឋានជាដើម។

លោក វង្ស តារា អនុប្រធានតំបន់ការពារធម្មជាតិពាមក្រសោប ខេត្តកោះកុង។រូបភាពពីសំណេរសិក្ខាកាមWMC។

លោក វង្ស តារា បានប្រាប់សិក្ខាកាមWMCបន្ថែមឱ្យដឹងទៀតថា នៅសហគមន៍របស់លោក អាចផលិតគ្រំចំពុះទា សម្រាប់ផ្គត់ផ្គង់លើទីផ្សារ បានប្រមាណ ២.៥០០ ដល់ជាង ៣.០០០ តោន ក្នុង១រដូវ។ ចំណែក ការប្រមូលផលគ្រំចំពុះទាវិញ គឺមានរយៈពេលពីខែវិច្ឆិកា ដល់ខែមីនា ជារៀងរាល់ឆ្នាំ។

ចំពោះការចិញ្ចឹមគ្រំប្រភេទនេះ គឺចិញ្ចឹមតាមបែបធម្មជាតិ ដោយមិនមានការផ្តល់ចំណីអ្វីទេ គឺពលរដ្ឋគ្រាន់តែចំណាយលុយ ទិញបង្គោលឈើ និងខ្សែសម្រាប់វាតោងប៉ុណ្ណោះ ដោយត្រូវប្រមូលផលរៀងរាល់មួយឆ្នាំម្តង។

សកម្មភាពនិងទិដ្ឋភាពរបស់ប្រជាសហគមន៍ប្រមូលផលគ្រំចំពុះទាយកទៅលក់។រូបភាពពីសំណេរសិក្ខាកាមWMC។

គ្រំចំពុះទា គេអាចកែច្នៃ​ជាមុខម្ហូបច្រើនមុខ ហើយមានឱជារសឆ្ងាញ់ជាងគ្រំ ឬខ្យងទឹកសាបទៅទៀតដោយអាចយកទៅ ស្លម្ជូរគ្រឿង ស្រុះជ្រលក់ទឹកត្រីកោះកុង ឆាក្រៀម ញាំ អាំង ឆាក្តៅ ស្ងោជ្រក់ជាដើម។ ពិសេសគ្រំចំពុះទា អាចយកទៅកែច្នៃជាម្ហូបបែបអឺរ៉ុប និងអាចយកទៅដាក់ជាមួយភីហ្សាផងដែរ។ មុខម្ហូបដែលច្នៃពីគ្រំចំពុះទានេះ មានតម្លៃជាង១០ដុល្លារ និងមានគ្រំតែ៥ ឬ៦គ្រាប់តែប៉ុណ្ណោះ។

សកម្មភាពនិងទិដ្ឋភាពរបស់ប្រជាសហគមន៍ប្រមូលផលគ្រំចំពុះទាយកទៅលក់។រូបភាពពីសំណេរសិក្ខាកាមWMC។

គួរបញ្ជាក់ថា គ្រំចំពុះទានេះ គេប្រទះឃើញមានចិញ្ចឹមនៅតែខេត្តកោះកុងមួយគត់ ក្នុងចំណោមខេត្តជាប់សមុទ្រនៅកម្ពុជា។ នៅក្នុងនោះដែរ ការចិញ្ចឹមគ្រំនេះ មាននៅក្នុងឃុំចំនួន ៣ប៉ុណ្ណោះ គឺឃុំពាមក្រសោប នៃស្រុកមណ្ឌលសីមា និងឃុំកាពិនិងឃុំជ្រោយប្រស់ នៃស្រុកកោះកុង ៕

អត្ថបទខ្លីសរសេរដោយ សំណេរ សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)។

Share

ព័ត៌មានទាក់ទង

Image