en     km
en     km

សាសនិកអ៊ិស្លាមដុតបំផ្លាញព្រះវិហារគ្រិស្តសាសនា ក្រោយគ្រិស្តបរិស័ទ​ប្រមាថគម្ពីរកូរ៉ាន

Share

 

 

យោងតាមប៉ូលិសប៉ាគីស្ថានបានរាយការណ៍ថា អ្នកកាន់សាសនាមូអ៊ិស្លាមរាប់ពាន់នាក់បាននាំគ្នាដុតបំផ្លាញព្រះវិហាររបស់គ្រិស្តសាសនា រួមទាំងបំផ្លាញផ្ទះសម្បែងរបស់គ្រិស្តបរិស័ទដែលរស់នៅក្បែរបរិវេននោះផងដែរ។មូលហេតុចម្បងដែលឈានដល់ការប្រើហិង្សាបែបនេះ ក៏ព្រោះតែគ្រិស្តបរិស័ទពីរនាក់បានប្រមាថម៉ាកងាយជុំវិញគម្ពីរកូរ៉ានរបស់អ៊ិស្លាម។

(កញ្ញា កែវ សុជាតា រាយការណ៍)

 

តាមសម្រង់សម្តីរបស់ប៉ូលិសប៉ាគីស្ថានបានរៀបរាប់ឱ្យដឹងថា យ៉ាងហោចណាស់មានព្រះវិហារចំនួនបួនត្រូវបានសាសនិកអ៊ិស្លាមវាយកម្ទេច និងដុតបំផ្លាញចោល។ ក្នុងហេតុការណ៍នេះទៀតសោត ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះរាប់សិបខ្នង ក៏ត្រូវបានជនទាំងនេះព្រួតគ្នីគ្នាវាយកម្ទេចខ្ទេចខ្ទី និងខូចខាតជាដំណំ។ ការវាយប្រហារនេះបានកើតឡើងនៅក្រុង Jaranwala នៃខេត្ត Punjab ក្នុងប្រទេសប៉ាគីស្ថាន។

ទន្ទឹមគ្នានោះ ប៉ូលីសបាននិយាយថា មូលហេតុដែលឈានដល់ការផ្ទុះហិង្សានៅក្នុងតំបន់នេះ ក៏ដោយសារតែគ្រិស្តបរិស័ទពីរនាក់បានសរសេរពាក្យប្រមាថនៅលើគម្ពីគូរ៉ាន ជាពិសេសពួកគេបានប្រើប្រាស់ប៊ិចក្រហម ដើម្បីសរសេរពាក្យពេចន៍ទាំងនេះថែមទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ ប៉ាគីស្ថានបានចែងច្បាប់ការពារសាសនាអ៊ិស្លាមក្នុងប្រទេសរបស់ខ្លួ​ន ដោយជនណាប្រមាថមាក់ងាយសាសនាអ៊ីស្លាម គឺស្មើនឹងបទល្មើសជាប់ទោសប្រហារជីវិតដោយគ្មានលក្ខខណ្ឌ។ ក៏ប៉ុន្តែមកទល់នឹងពេលនេះ ច្បាប់ប្រហារជីវិតនេះពុំដែលបានអនុវត្តលើជនល្មើសក្នុងករណីនេះនៅឡើយទេ ផ្ទុយទៅវិញមានតែសាសនិកអ៊ិស្លាមប៉ុណ្ណោះ ដែលចេញមុខធ្វើជាតុលាការមុខដែកវាយប្រហារ និងសម្លាប់ជនណាដែលហ៊ានប្រមាថសាសនារបស់ខ្លួន។

គួរបញ្ជាក់ដែរថា តាមការសិក្សាក្នុងប្រទេសប៉ាគីស្ថានគេអាចប៉ាន់ប្រមាណថា ជនជាតិមូស្លីមក្នុងប្រទេសនេះមានចំនួនច្រើនជាង ៩៦% នៃចំនួនប្រជាជនសរុបក្នុងប្រទេសប៉ាគីស្ថាន។

ដោយឡែក លោក Yassir Bhatti ជាជនរងគ្រោះម្នាក់រងការចោទប្រកាន់ថាប្រមាថគម្ពីរសាសនាឥស្លាម បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ជនទាំងនោះបាននាំគ្នាមកវាយបំបែកបង្អួច និងទ្វារ ហើយថែមបានលួចយកទូរទឹកកក សាឡុង កៅអី និងរបស់របរប្រើប្រាស់ក្នុងផ្ទះផ្សេងទៀត មកគរទុកចោលនៅខាងមុខព្រះវិហារសាសនាគ្រិស្ត ក្នុងគោលបំណងដុតកម្ទេចមិនឱ្យនៅសេសសល់។ ក្រៅពីរបស់របរទ្រព្យធន ជនមូស្លីមទាំងអស់នេះក៏បានដុតបំផ្លាញព្រះគម្ពើររបស់សាសនាគ្រិស្ត ដើម្បីសងសឹងវិញផងដែរ។

រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រចាំរដ្ឋ Punjab លោក Amir Mir បានថ្កោលទោសជនស៊ីវិលពីររូប ដែលបានប្រមាថសាសនាអ៊ិស្លាម ក៏ប៉ុន្តែលោកថា ទុកឱ្យច្បាប់ជាអ្នកចាត់ចែង ប្រជាពលរដ្ឋសាមញ្ញហាមធ្វើសកម្មភាពតាមចិត្តឯកឯង។ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា លោកបានចាត់កម្លាំងប៉ូលីសរាប់ពាន់នាក់ទៅអន្តរាគមន៍នៅតំបន់នោះ ហើយបច្ចុប្បន្នប៉ូលិសបានឃាត់ខ្លួនជនបង្កហិង្សាបានចំនួនជាង ១០០ នាក់ហើយ។

ដោយឡែក គ្រិស្តបរិស័ទដែលរស់នៅក្នុងប្រទេសប៉ាគីស្ថានម្នាក់ លោក Azad Marshall បាននិយាយថា ខ្លួនមានការឈឺចាប់ក្រៃលែងចំពោះហេតុការណ៍នេះ ដ្បិតពួកគេព្រួតគ្នាធ្វើបាប បង្កចលាចល និងអសន្តិសុខនៅក្នុងតំបន់។

លោកបានបង្ហោះសារនៅលើបណ្តាញ X ដែលគេស្គាល់ថាជា Twitter ថា លោកចង់បានចំណាត់ការពីអាជ្ញាធរ អ្នកអនុវត្តច្បាប់ អ្នកផ្តល់យុត្តិធម៌ និងសុវត្ថិភាពដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យជួយអន្តរាគមន៍ជាបន្ទាន់ ហើយធានាថាជីវិតមិនថាសាសនាណាមួយទេ គឺសុទ្ធសឹងមានតម្លៃនៅក្នុងមាតុប្រទេសទាំងអស់៕

ប្រភព៖ BBC ចុះថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣

Share

Image
Image
Image