en     km
en     km

ផ្លែឈើ ៧ ប្រភេទដែលស្រ្តីគួរបរិភោគអំឡុងពេលមានផ្ទៃពោះ

Share

ការទទួលទានអាហារមានជីវជាតិមានសា ន់រៈសំខាណាស់សម្រាប់មាតា និងទារកក្នុងផ្ទៃ។ នេះជាមូលហេតុ ស្រ្តីមានផ្ទៃពោះគួរជ្រើសរើសរបបអាហារដែលផ្តល់អាហាររូបត្ថម្ភល្អៗដូចជាផ្លែឈើ និងបន្លែជាដើម។     

បើយោងតាមគេហទំព័រសុខភាព Healthline បានបង្ហាញថា ការទទួលទានផ្លែឈើអំឡុងពេលមានផ្ទៃពោះផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ម្តាយនិងទារក។ យោងតាមការសិក្សាឆ្នាំ ២០១៣ បានបង្ហាញថា ប្រសិនស្រ្តីបរិភោគអាហារដែលមិនល្អអំឡុងពេលមានផ្ទៃពោះ នោះអាចនឹងធ្វើកូនរបស់ពួកគេនឹងមានចំណង់ចំណូលចិត្តញុំអាហារដែលមានជាតិខ្លាញ់ និងជាតិស្ករផងដែរ។

ការទទួលទានផ្លែឈើនិងបន្លែ ផ្តល់នូវសារធាតុចិញ្ចឹមយ៉ាងច្រើនរួមមាន វីតាមីន សារធាតុរ៉ែ និងជាតិសរសៃខ្ពស់ ហើយថែមទាំងអាចជួយការពារការទល់លាមកដែលជារោគសញ្ញាមួយក្នុងអំឡុងពេលមានផ្ទៃពោះនេះ។

ខាងក្រោមនេះជាផ្លែឈើទាំង ៧ មុខដែលស្រ្តីគួរតែទទួលទានអំឡុងពេលមានផ្ទៃពោះ បើយោងតាមការបង្ហាញពីទំព័រសុខភាព Healthline ដូចតទៅ៖ 

ទី១គឺ ផ្លែក្រូច៖ ផ្លែក្រូចមាននាទីជួយរក្សាជាតិទឹក និងជាប្រភពអាស៊ីតហ្វូលិក។ អាស៊ីតហ្វូលិកជាវីតាមីន B ដែលមានសារៈសំខាន់ក្នុងការជួយការពារពិការភាពខួរក្បាល និងខួរឆ្អឹងខ្នង។ មហាវិទ្យាល័យសម្ភព និងរោគស្ត្រីនៅអាមេរិក (ACOG) បានណែនាំឱ្យប្រើអាស៊ីតហ្វូលិកយ៉ាងហោចណាស់ ៦00 មីក្រូក្រាម(mcg) ក្នុងមួយថ្ងៃអំឡុងពេលស្ត្រីកំពុងពរពោះ និង ៤00 មីក្រូក្រាមក្នុងមួយថ្ងៃ មុនពេលស្រ្តីព្យាយាមសម្រាលកូន។

បន្ថែមពីនេះ ក្រូចជាប្រភពនៃវីតាមីន C ផងដែរ ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារការបំផ្លាញកោសិកា និងជួយរាងកាយស្រូបយកជាតិដែកផងដែរ។

ចំពោះប្រភេទទី២ គឺផ្លែស្វាយ។ ផ្លែស្វាយគឺជាប្រភពមួយទៀតនៃវីតាមីន C។ ផ្លែស្វាយមួយកែវ អាចបំពេញតម្រូវការវីតាមីន C ប្រចាំថ្ងៃបាន១០០ ភាគរយ។ មួយវិញទៀត ផ្លែស្វាយក៏មាន វីតាមីន A ខ្ពស់ផងដែរ ។ កង្វះវីតាមីន A អាចធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្យោយ និងបង្កផលវិបាកដូចជា រាគ និងឆ្លងមេរោគផ្លូវដង្ហើមជាដើម។ យ៉ាងណាមិញក្នុងការស្រាវជ្រាវឡើងវិញឆ្នាំ២០១៩ ឃើញថាផ្លែស្វាយជាអាហារដ៏ល្អមួយសម្រាប់ស្រ្តីមានផ្តៃពោះ ប៉ុន្តែស្រ្តីគួរទទួលទានក្នុងកម្រិតមធ្យម រួមជាមួយនឹងផ្លែឈើផ្សេងៗជាទៀត។

ចំណែកឯប្រភេទផ្លែឈើទី ៣ ដែលស្រ្តីមានផ្ទៃពោះគួរបរិភោគគឺ ផ្លែបឺរ ព្រោះផ្លែបឺរមានសារធាតុអាស៊ីតហ្វូលិក ច្រើនជាងផ្លែឈើដទៃទៀត ហើយក៏សំបូរទៅដោយ វីតាមីន C វីតាមីន B វីតាមីន K  ជាតិសរសៃ កូលីន ម៉ាញេស្យូម និងប៉ូតាស្យូម ដោយសារធាតុទាំងនេះ ជួយកាត់បន្ថយក្អួតចង្អោរ និងបន្ថយការរមួលក្រពើ ដែលជារោគសញ្ញាទូទៅនៃការមានផ្ទៃពោះព្រោះការរមួលក្រពើបណ្តាលមកពីកង្វះប៉ូតាស្យូម និងម៉ាញ៉េស្យូមនេះឯង។

ហើយចំពោះសារធាតុកូលីន(Choline) គឺមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍខួរក្បាល និងសរសៃប្រសាទរបស់ទារក។ កង្វះសារធាតុកូលីន អាចបណ្តាលឱ្យកុមារខូចប្រព័ន្ធសរសៃប្រសាទ និងថយចុះការចងចាំពេញមួយជីវិត។

និងផ្លែឈើប្រភេទផ្លែឈើទី៤ គឺ ក្រូចឆ្មា។ ក្នុងការសិក្សាឆ្នាំ ២០១៤ ស្រ្តីមានផ្ទៃពោះបានរាយការណ៍ថា ពួកគេបានប្រើប្រាស់ក្រូចឆ្មារ ឬក្លិនរបស់ក្រូច ដើម្បីបំបាត់ការចង់ក្អួត បានយ៉ាងមានប្រសិទ្ធភាព។ មួយវិញទៀត ក្រូចឆ្មាក៏មានវីតាមីន C ខ្ពស់ផងដែរ ដែលជួយជំរុញប្រព័ន្ធរំលាយអាហារ និងបំបាត់ការទល់លាមក។

ចំណែកឯផ្លែឈើទី៥ គឺផ្លែចេក។ ចេកជាប្រភពនៃប៉ូតាស្យូម វីតាមីន B6 វីតាមីន C និងសំបូរជាតិសរសៃដែលអាចជួយក្នុងបញ្ហាទល់លាមក ហើយចំពោះវីតាមីន B6 អាចជួយបន្ថយការក្អួតចង្អោរក្នុងពេលមានផ្ទៃពោះដំបូងផងដែរ។ នេះយោងតាមការស្រាវជ្រាវពីឆ្នាំ ២០១៤ ដដែល។

ហើយទី៦គឺ ពពួកផ្លែប៊ឺរីដូចជា ស្ត្របឺរី ប៊្លូបឺរី ឬប្លេកបឺរី។ ពពួកបឺរីទាំងនេះសម្បូរទៅដោយគុណប្រយោជន៍គ្រប់ប្រភេទដូចជា៖ កាបូអ៊ីដ្រាត វីតាមីន C ជាតិសរសៃ និងសារធាតុជាតិអាស៊ីតហ្វូលិក។

សារធាតុកាបូអ៊ីដ្រាតមានក្នុងផ្លែប៊ឺរីនេះ ផ្តល់នូវថាមពលជាច្រើន និងអាចឆ្លងកាត់សុករបស់ស្រ្តីបានយ៉ាងងាយស្រួលដើម្បីចិញ្ចឹមទារក ។

និងប្រភេទផ្លែឈើចុងក្រោយដែលស្រ្តីមានផ្ទៃពោះគួរបរិភោគគឺ ផ្លែប៉ោម។ ផ្លែប៉ោមមានជាតិសរសៃខ្ពស់ និងជាប្រភព វីតាមីន C វីតាមីន A ប៉ូតាស្យូម និង prebiotic ដែលចិញ្ចឹមបាក់តេរីល្អនៅក្នុងពោះវៀន។ ហើយដើម្បីទទួលបានអត្ថប្រយោជន៍ល្អបំផុត គួរតែទទួលទានទាំងសំបករបស់ផ្លែប៉ោមផងដែរ។

តើគួរទទួលទានផ្លែឈើយ៉ាងដូចម្តេចអំឡុងពេលមានផ្ទៃពោះ?

អ្នកឯកទេសខាងវេជ្ជសាស្រ្ដ បានណែនាំឱ្យស្រ្តីទទួលទានផ្លែឈើ២ទៅ៤ដង និងបន្លែពី៤ទៅ៥ដងក្នុងមួយថ្ងៃ។ ដោយឡែកស្រ្តីបរិភោគទឹកពី ៨ ទៅ ១២ កែវជារៀងរាល់ថ្ងៃ ដើម្បីជៀសវាងការបាត់បង់ជាតិទឹកអំឡុងពេលមានផ្ទៃពោះ ព្រោះជាតិទឹកជួយបង្កើតសុក និងថង់ទឹកភ្លោះរបស់ស្រ្តី និងជួយដល់ការលូតលាស់របស់ទារកផងដែរ។ តួយ៉ាងផ្លែឈើក៏មានជាតិទឹក និងអាចជួយស្រ្តីរក្សាជាតិទឹកបានផងដែរ៕

Share

Image
Image
Image