en     km
en     km

ស្រ្តីម្នាក់ឈ្នះក្ដីអតីតសង្សារទទួលបានសំណង ១,២ ពាន់លានដុល្លារពីបទបង្ហោះរូបអាសអាភាស

Share

តុលាការប្រចាំរដ្ឋតិចសាស់របស់សហរដ្ឋអាមេរិក បានសម្រេចឱ្យស្រ្តីរងគ្រោះឈ្នះក្តី និងទទួលបានសំណងចំនួន ១,២ ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងរឿងអតីតដៃគូស្នេហាបានផ្សព្វផ្សាយរូបអាក្រាតរបស់ស្រ្តីរងគ្រោះជាសាធារណៈ។

(កញ្ញា កែវ សុជាតា រាយការណ៍)

តាមសារព័ត៌មាន BBC បានរាយការណ៍ថា ស្ត្រី​រងគ្រោះ​ DL បានដាក់ពាក្យបណ្តឹងទៅ​តុលាការក្នុងរដ្ឋតិចសាស់នៃសហរដ្ឋអាមេរិកភ្លាមៗ ក្រោយអតីតសង្សាររបស់ខ្លួន​បាន​តាម​យាយី គំរាមកំហែង និងបង្ហោះរូបអាក្រាតកាយរបស់ស្រ្តីរងគ្រោះនៅតាមបណ្តាញប្រព័ន្ធផ្សព្វផ្សាយនានាក្នុងឆ្នាំ២០២២។ ក្រោមការអន្តរាគមន៍ និងជួយសម្រួលពីអ្នកពាក់ព័ន្ធ ស្រ្តីរងគ្រោះទទួលបានយុត្តិធម៌ពេញលេញ រួមទាំងសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន ១,២ ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ទន្ទឹមគ្នានេះ តាមការបញ្ជាក់មេធាវីការពារក្តីឱ្យជនរងគ្រោះ លោក Bradford Gilde បានឱ្យដឹងថា ការផ្តល់យុត្តិធម៌សម្រាប់ស្រ្តីរងគ្រោះក្នុងករណី​នេះ ​គឺ​ជា​ការឆ្លុះបញ្ជាំងថាស្រ្តីរងគ្រោះទទួលបានការយកចិត្តទុកដាក់ខ្លាំងចំពោះករណីបៀតបៀនផ្លូវភេទតាមប្រព័ន្ធបច្ចេកវិទ្យា ហើយក៏ជាការក្រើនរំលឹកដល់ស្រ្តីគ្រប់រូបផងដែរ។​ លោកបានបន្តទៀតថា សាលក្រមនេះនឹងក្លាយជាមេរៀនដល់ជនណា ដែលហ៊ានប្រើប្រាស់រូបភាពអាសអាភាសរបស់ដៃគូ ដើម្បីគំរាមកំហែង និងបរិហាកេរិ៍្តស្រ្តីភេទ ដោយមិនខ្លាចច្បាប់។

គួរបញ្ជាក់ដែរថា នៅមុនពេលជនល្មើសបង្ហោះរូបអាសអាភាសរបស់ស្រ្តីរងគ្រោះ ជនល្មើសបានផ្ញើសារទៅគំរាមកំហែងស្រ្តី ដែលជាអតីតគូស្នេហ៍ ក្នុងគោលបំណងបង្ខូចកិត្តិយស សេចក្តីថ្លៃថ្នូរ និងបង្អាប់កេរិ៍្តឈ្មោះរបស់ស្រ្តីនៅលើប្រព័ន្ធអ៊ីនធើណេត។

តួយ៉ាង ស្រ្តីរងគ្រោះបានទាមទារសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន ២00 លានដុល្លារសហរដ្ឋអាមេរិកចំពោះការបៀតបៀន និងបំផ្លាញទំនុកចិត្ត ព្រមទាំងសំណងចំនួន ១ ពាន់លានដុលា្លរសហរដ្ឋអាមេរិកផ្សេងទៀត ចំពោះការខូចខាត និងបរិហាកេរិ៍្តខ្មាសស្រ្តីភេទនៅតាមប្រព័ន្ធផ្សព្វផ្សាយ។

ទោះបីជាយ៉ាងណាក៏ដោយ ជនល្មើសរូបនេះមិនបានចូលខ្លួនតាមការកោះហៅរបស់តុលាការរដ្ឋតិចសាស់នោះទេ ផ្ទុយទៅវិញតំណាង​មេធាវីការពារក្តីឱ្យជនល្មើសរូបនេះបានចូលខ្លួនមកចរចា និងដោះស្រាយជុំវិញបណ្តឹងនេះ។ នេះបើតាមរព័ត៌មាននៅក្នុងសហរដ្ឋអាមេរិកដែលបានចុះផ្សាយ។

បើយោងតាមការសិក្សាក្នុងឆ្នាំ២០១៦របស់វិទ្យាស្ថានស្រាវជ្រាវទិន្នន័យ និងសង្គម បានបង្ហាញថា ស្រ្តីសញ្ជាតិអាមេរិកប្រហែល ១0 លាននាក់ បានរាយការណ៍ពីករណីស្រដៀងគ្នានឹងករណីខាងលើ​ ពោលគឺបុរសជាដៃគូបានចែករំលែករូបអាសអាភាសរបស់ខ្លួនជាសាធារណៈ។ តាមការសិក្សាដដែលបានបញ្ជាក់ថា ស្រ្តីជាជនរងគ្រោះភាគច្រើនកំពុងស្ថិតក្នុងវ័យពី ១៨ ទៅ ២៩ ឆ្នាំ។

គួរបញ្ជាក់ផងដែរថា ក្រៅពីរដ្ឋ Massachusetts និងរដ្ឋ South Carolina រដ្ឋដទៃនៃសហរដ្ឋអាមេរិកមានច្បាប់កំណត់ហាមប្រាមមិនឱ្យចែកចាយកេរិ៍្តភេទរបស់បុគ្គលណាម្នាក់ជាសាធារណៈនោះទេ។ ប្រសិនបើមានករណីនេះកើតឡើង ភាគីម្ខាងទៀតមានសិទ្ធិប្តឹងទារសំណងតាមនីតិវិធីផ្លូវច្បាប់៕

ប្រភព៖ BBC ចុះថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣

Share

Image
Image
Image