en     km
en     km

ចិន​ផ្អាកបង្ហាញចំនួនអ្នកគ្មានការងារធ្វើ ខណៈ​សេដ្ឋកិច្ច​កំពុងធ្លាក់​ចុះ

Share

អ្នកនាំពាក្យរដ្ឋាភិបាលចិនបានរាយការណ៍ថា ប្រទេសចិននឹងផ្អាកការបង្ហាញតួលេខនៃអត្រាអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសជាបណ្តោះអាសន្នសិន។ ខណៈអ្នកវិភាគមួយចំនួនយល់ថា ការផ្អាកបង្ហាញទិន្នន័យនេះអាចដោយសារតែប្រទេសចិនកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច។

(កញ្ញា កែវ សុជាតា​ រាយការណ៍)

តាមសារព័ត៌មាន​ BBC បានឱ្យដឹងថា ប្រទេស​ចិន​បានសម្រេចផ្អាក​​បញ្ចេញ​តួលេខនៃអត្រា​អ្នក​គ្មាន​ការងារ​ធ្វើនៅក្នុងប្រទេសរាប់ចាប់ពីខែសីហានេះតទៅ។ នៅក្នុងនោះ អ្នកនាំពាក្យរបស់រដ្ឋាភិបាលបាននិយាយថា ការសម្រេចផ្អាកបញ្ចេញតួលេខជាបណ្តោះអាសន្ននេះ គឺដោយសារតែការត្រៀមធ្វើវិសោធកម្ម និងកែលម្អគោលនយោបាយសេដ្ឋកិច្ចរបស់ចិនឱ្យប្រសើរឡើងមួយកម្រិតទៀត។ ដ្បិតអ្នកនាំពាក្យបាននិយាយថា នឹងផ្អាកបង្ហាញទិន្នន័យអ្នកគ្មានការងារធ្វើជាបណ្តោះអាសន្នសិន​ ក៏ប៉ុន្តែលោកពុំបានបញ្ជាក់ថាផ្អាករហូតដល់ពេលណានោះទេ។

ជាការកត់សម្គាល់ នៅក្នុងខែមិថុនា ឆ្នាំ២០២៣ អត្រាជនគ្មានការងារធ្វើពីអាយុ ១៦ ដល់ ២៤ ឆ្នាំ បានកើនឡើងខ្ពស់ជាង ២០% នៃចំនួនប្រជាជនដែលមានការងារប្រកបរបរចិញ្ចឹមជីវិត។ ចំណែកក្នុងខែកក្កដាកន្លងទៅនេះវិញ តួលេខបានកើនឡើងបន្ថែមចំនួន ៥.៣%។

ទន្ទឹមគ្នានេះ អ្នក​នាំ​ពាក្យ​ការិយាល័យ​ស្ថិតិ​ជាតិ លោក Fu Linghui ​បាន​និយាយថា ​ក្បួន​​គណនាអត្រាអ្នកគ្មានការងារធ្វើក្នុងចំណោមចង្កោមស្រទាប់យុវជននេះ​ ​ត្រូវ​តែ​ពិចារណា​ និងគិតគូរសារជាថ្មី។ លោកបានបន្តថា សេដ្ឋកិច្ច និងសង្គមមិនថានៅក្នុងប្រទេសចិន ឬនៅលើសកលលោកទាំងមូល ក៏កំពុងអភិវឌ្ឍ និងកែប្រែមុខមាត់ឥតឈប់ឈរ។

លោក Fu បាននិយាយថា កំណើននៃចំនួនសិស្សដែលមានអាយុចន្លោះពី ១៦ ទៅ ២៤ ឆ្នាំបានប៉ះពាល់ដល់អត្រាតួលេខអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសជាខ្លាំង ក៏ប៉ុន្តែប្រទេសចិនមិនបានគណនាអត្រាសិស្សា​នុសិស្ស ដែលកំពុងស្ថិតក្នុងវ័យសិក្សា ចូលទៅក្នុងអត្រានៃអ្នកគ្មានការងារធ្វើនោះទេ។

សូមជម្រាបថា ប្រទេសចិនបានចាប់ផ្តើមផ្សព្វផ្សាយតួលេខអ្នកគ្មានការងារធ្វើរបស់យុវជនចាប់តាំងពីឆ្នាំ២០១៨មកម្ល៉េះ។ ទោះជាយ៉ាងណា បច្ចុប្បន្ននេះ ប្រទេសចិនហាក់កំពុងបិទបាំងទិន្នន័យចំនួនយុវជននៅតាមជនបទដែលគ្មានការងារធ្វើ។ ស្របគ្នានេះ ការ​ផ្អាក​ការ​ផ្សព្វផ្សាយទិន្នន័យនេះ បានបង្កជាការវែកញែកនៅតាមប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ចិនដូចជា Weibo ជាដើម។

តាមគណនីមួយបានចោទជាសំណួរថា កត្តាដែលបិទការផ្សព្វផ្សាយទិន្នន័យអ្នកគ្មានការងារធ្វើនេះ ពិតជាអាចដោះស្រាយបញ្ហាបានមែនឬទេ? គណនីនេះបានបន្តថា ការបងម្រើការងារនៅតាមគ្រឹះស្ថានរដ្ឋ ឬឯកជន ការងារឯករាជ្យ ការងារនៅតាមតូបលក់អាហារ ឬការងារតូចតាចបំផុត សុទ្ធសឹងបង្ហាញថា យុវជនមិនមែនគ្មានការងារធ្វើនោះទេ។

ដោយឡែក អ្នកវិភាគមួយចំនួនយល់ថា ការផ្អាកបង្ហាញទិន្នន័យនៃអត្រាអ្នកគ្មានការងារអាចបណ្តាលមកពីសន្ទុកធ្លាប់ចុះនៃវិស័យសេដ្ឋកិច្ចនៅក្នុងប្រទេសចិន បន្ទាប់ពីចិនបានរងការវាយប្រហារជាដំណំក្រោយការរាតត្បាតនៃជំងឺកូវីដ១៩៕

ប្រភព៖ BBC ចុះថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣

Share

Image
Image
Image