en     km
en     km

សុវណ្ណ វ៉ារី ស្រ្តីអ្នករត់«តុកតុក»​ជម្នះការលំបាកទ្រទ្រង់ជីវភាពគ្រួសារទោះរងអាកប្បកិរិយាមិនល្អពីភ្ញៀវ

Share

ភ្នំពេញ៖ អ្នកស្រី សុវណ្ណ វ៉ារី ជាស្រ្តីមួយរូបចាប់យករបរជាអ្នករត់កង់បីឥណ្ឌា ឬតុកតុក ក្នុងរាជធានីភ្នំពេញជាង៤ឆ្នាំមកហើយ។ គេកម្រប្រទះណាស់អ្នករត់តុកតុកជាស្រ្តី ពោលគឺសម្បូរតែបុរស។ តែយ៉ាងណាការប្រឈមសម្រាប់អ្នករត់តុកតុកជាស្រ្តីមានច្រើនជាងបុរស ក្នុងនោះបញ្ហាការបៀតបៀនពីសំណាក់ភ្ញៀវតែងតែកើតមានឡើងលើអ្នកស្រ្តី។

ចង់ដឹងពីជីវិតជាអ្នករត់តុកតុករបស់អ្នកស្រីជួបប្រទះការលំបាកអ្វីខ្លះ?តទៅនេះសូមនាងកញ្ញាលោក លោកស្រីអញ្ជើញស្តាប់បទយកការណ៍ដែលជាការចងក្រងដោយលោក អេន ម៉ាឌី ដែលអានជូនដោយកញ្ញា គុជ ស៊ីកុល ដូចតទៅ៖

កង់បីឥណ្ឌា ឬតុកតុក ជាមធ្យោបាយដឹកជញ្ជួនមួយមានតម្លៃទាបបើធ្វើនឹងមធ្យោបាយដឹកជញ្ជួននានា។​ ហើយតុកតុកនេះ គេប្រទះឃើញមានសម្បូរនៅតែទីប្រជុំជនខេត្ត ពិសេសរាជធានីភ្នំពេញ។អ្វីជាពិសេសការងារជាអ្នករត់ តុកតុក នេះភាគច្រើនជាបុរស ដ្បិតការងារនេះត្រូវចំណាយថាមពលច្រើនលើដងផ្លូវ។ ក៏ប៉ុន្តែអ្នកស្រី សុវណ្ណ វ៉ារី គឺជាស្រ្តីម្នាក់ក្នុងចំណោមអ្នករត់កង់បីឥណ្ឌាដែលភាគច្រើនជាបុរស វត្តមានរបស់អ្នកស្រី វ៉ារី នេះជាសក្ខីភាពមួយសរបញ្ជាក់បានថា ស្រ្តីក៏អាចធ្វើបានមិនចាញ់បុរសនោះឡើយ។

អ្នកស្រី សុវណ្ណ វ៉ារី រត់តុកតុកក្នុងរាជធានីភ្នំពេញ។រូបភាពពី អេនម៉ាឌី ។

អ្នកស្រី វ៉ារី ឆ្នាំនេះមានវ័យ៤១ឆ្នាំហើយ ហើយបច្ចុប្បន្នអ្នកស្រីរស់នៅទីទៃពីប្តីដោយកំពុងទទួលបន្ទុកចិញ្ចឹមបីបាច់និងផ្តល់ឱ្យកូនស្រីអាយុ១២ឆ្នាំបានរៀនសូត្រពេញបរិបូរណ៍។ ទោះបីខ្លួនជាស្រ្តីមេម៉ាយក្តីតែអ្នកស្រីហាក់មានស្មារតីរឹងមាំមិនចាញ់បុរសឡើយដោយចាប់យករបររត់ តុកតុក នេះជាង៤ឆ្នាំមកហើយ។អ្នកស្រីបានរៀបរាប់ពីប្រវត្តិសាវតាខ្លះៗដែលបានចាប់យកមុខរបរនេះជូនដល់សិក្ខាកាមវិទ្យុស្រ្តីយ៉ាងដូច្នេះថា៖« ប្រើចាំមើលទិញកងបីមក តាំងពីមុនកូវីដទិញហើយកូវីដល្មម មូលហេតុអ្វីបានបណ្តាលឱ្យបងមករត់កងបីហ្នឹង មូលហេតុគិតថាការងាររត់កងបីហ្នឹងមានសេរីភាពជាងធ្វើការឱ្យគេដោយសារយើងមានពេលវេលា យើងអាចធ្វើអីមានម្ចាស់ការគ្រប់គ្រងខ្លួនឯង ចាស៎ឯករាជ្យដោយខ្លួនឯងចាស៎វាអត់មានអ្នកណាគេមករករឿងពេលខ្លះមិនថាគេមករករឿងអីទេ ធម្មតាពេលយើងធ្វើការឱ្យគេគឺ៨ ទៅ១០ម៉ោង ជួនកាលយើងធ្វើដល់ទៅ១២ម៉ោងឯណោះ ដូច្នេះវាពិបាកពេលដែលយើងឈឺ កូនយើងឈឺ យើងពិបាកសុំច្បាប់ ពេលយើងមានអីសុំច្បាប់គេអត់សប្បាយចិត្តទេ ចឹងកាលណាដែលធ្វើការជាមួយគ្នានៅមានការអត់សប្បាយចិត្ត ជៀសវាងមិនផុតចឹងថ្ងៃណាមួយដឹងែឈ្លោះគ្នាហើយ ឈ្លោះគ្នាដោយសារគេលើកហេតុផលអញ្ជេះអញ្ជោះមកយើងអាក់អន់ចិត្តគឺយើងឈប់ធ្វើការ ហើយបើយើងធ្វើការគេអាចបញ្ឈប់យើងយើងនៅមានប្រាប់ខែ បើគេទាំ្រលេងបានគេធ្វើទុកបុកម្នេញលើរឿងអីទៀតគឺស្មើនឹងយើងលាលែងដោយខ្លួនឯង ដល់ពេលយើងលាលែងខ្លួនឯងស្មើរនឹងយើងអត់មានប្រាក់ខែបំណាច់នៅពេលដែលយើងលាលែងខ្លួនឯងហ្នឹងទេ ចឹងងាកមកវិញបើយើងរត់កងបី រត់កងបីយើងចង់ដេកថ្មើណា ងើបថ្មើណាទៅថ្មើហ្នឹង»

អ្នកស្រីប្រឹងប្រែងដើម្បីកូនស្រីបានរៀនសូត្រខ្ពង់ខ្ពស់។រូបភាពពី អេនម៉ាឌី ។

ស្នាក់នៅក្នុងបន្ទប់ផ្ទះជួលក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ​ ស្រ្តីសម្បុរស្រអែមស្រស់រូបនេះបន្តថា ការរកចំណូលហាក់ជួបបញ្ហាខ្លះ​ ខណៈមិនសូវមានអ្នកជិះស្របពេលដែលតម្លៃសាំងនិងហ្គាសក៏ចេះតែឡើងថ្លៃឥតឈប់។អ្នកស្រីថា ពេលខ្លះរកប្រាក់បានតែជាង ២ ម៉ឺនប៉ុណ្ណោះក្នុងមួយថ្ងៃដោយគ្រប់តែការចំណាយប្រចាំថ្ងៃតែមិនសេសសល់អ្វីសម្រាប់ទុកដាក់សន្សំពេលឈឺនោះឡើយ។

«បើនិយាយអំពីចំណូលវាមិនគ្រប់ទេ ចំណូលរកមួយថ្ងៃៗមិនគ្រប់២ម៉ឺន ៣ម៉ឺនមិនចង់បានផង ពេលខ្លះរកតម្លៃចាក់សាំង ពេលខ្លះដាក់ស្អីគេកាត់ថ្លៃapp សេវាផ្សេងៗហ្នឹងគឺអត់បានទេ រាល់ថ្ងៃមិនសូវហ៊ានញាំអីរញែរញៃទេទុកលុយហ្នឹងទុកឱ្យកូនញាំអាហារពេលព្រឹក ឬទុកឱ្យកូនទៅរៀន រៀនបានតែរៀនរដ្ឋទេអត់មានលុយបង់ឱ្យរៀនអង់គ្លេសទៀត និយាយរួមមកថ្ងៃខ្លះបាន២ទៅ៣ម៉ឺនហ្នឹង ថ្ងៃខ្លះពីព្រឹកដល់ល្ងាច តែapp តែមួយតើងមិនរោទិ៍ផង app យើងពឹងទៅលើapp ហ្នឹងហើយរកម៉ោយ ឯណាមានជួនកាលប៉ះទៅមានទៅ ជួនកាលវាអត់មាន ហើយយើងពឹងទៅលើapp ប៉ះអាappទៅគេ cancel ងាក Cancel ហើយគេកូទៀតខ្លះជិះដល់កន្លែងគាត់ហើយគាត់ Cancel ក៏មាន»

អ្នកស្រី សុវណ្ណ វ៉ារី ។រូបភាពពី អេនម៉ាឌី ។

ទោះបីចំណូលរកបានពុំសូវគ្រប់គ្រាន់សម្រាប់ដោះស្រាយជីវភាពក្នុងគ្រួសារ​ តែបញ្ហានេះពុំបានធ្វើឱ្យស្រ្តីមេម៉ាយរត់តុកតុករូបនេះរង្គាសចិត្តនោះឡើយ។ ប៉ុន្តែផ្ទុយទៅវិញគឺការបៀតបៀន និងការប្រើការអាកប្បកិរិយាមិនសមរម្យពីសំណាកភ្ញៀវនិងអ្នកបើកបរផ្សេងទៀតទៅវិញនោះតែ ដែលធ្វើឱ្យអ្នកស្រីហាក់រងភាពអយុត្តិធម៌ក្នុងនាមខ្លួនជាអ្នករត់ តុកតុក ភេទស្រី។

«ផលវិបាកទីមួយសាំងឡើងថ្លៃ ហ្កាសឡើងថ្លៃរត់មិនសូវបាន ចរាចរណ៍សុវត្ថិភាពនៅលើដងផ្លូវគឺអត់សូវមានទេភាគច្រើនគឺគេមើលមកពួកអ្នករត់កងបីហ្នឹងដូចសម្រាមចឹង ដូចសម្រាមដឹងថាមិចហ្អេស ដូចថាគេមើលលើមើលក្រោមហើយថាខ្លាចប៉ះឡានគេណាស់ដល់ពេលប៉ះយើងវិញរត់ទៅបាត់ ម៉ូតូក៏ចឹងដែររត់ទៅបាត់អត់មានការទទួលខុសត្រូវអត់មានដំណោះស្រាយណាដែលជជែកគ្នាដោយញញឹមដាក់គ្នាច្រើនតែហិង្សា និយាយគ្នាមកគ្រប់ម៉ាកគ្រប់ម៉ូដ សម្តីមិនល្អផង ខមាទោសនិយាយៅទាំងអាក្អួតដាក់កងបី សភាពស្រវឹងក៏មាន ធាក់កងបីយើងក៏មាន ភ្ញៀវចាំមួយភ្លែតរត់ទៅយកលុយហើយទៅបាត់ របៀបខ្លះសុំបញ្ចូលកាតមួយរៀលមកដើម្បីឱ្យផ្ទះយកលុយមកឱ្យ អ្នកbooking ហើយជិះទៅបាត់ឈឹង មានភ្ញៀវខ្លះទៅថាយើងស្រួលបបួល ស្រួលបបួលទៅកន្លែងចឹងៗ មិនស្រួលចឹងទៀតឱ្យតែវាឃើញយើងស្រីៗ»។

អ្នកស្រី សុវណ្ណ វ៉ារី រត់តុកតុកក្នុងរាជធានីភ្នំពេញ។រូបភាពពី អេនម៉ាឌី ។

ប៉ុន្តែដំណើរជីវិតពុំមែនសុទ្ធតែជួបរឿងមិនល្អនោះទេ ហើយអ្នករត់តុកតុកភេទជាស្រ្តីដូចអ្នកស្រីក៏ត្រូវបានការយកអាសាពីសំណាក់អ្នករត់កងបីឥណ្ឌាដូចគ្នាដែលជាបុរសផងដែរ។ មួយទៀតនោះ អ្នកស្រីក៏មិនមិនសូវមានបញ្ហាប្រឈមខ្លាំងជាមួយសមត្ថកិច្ច​ ពិសេសអ្នករត់ តុកតុក ដូចគ្នាដែលកាងបេនចំណតតាមតំបន់ដែលមានភ្ញៀវច្រើននោះ។

«មានខ្ញុំមាន ដូចរម៉កខូចចឹងទៅខ្ញុំមានសមាជិកខាងបណ្តាញសមាគមន៍ហ្នឹង ដូចថាគាត់បានចងក្រងយើងក្នុងសមាគមន៍ហ្នឹងគាត់ចុះជួយ គាត់ជួយដូរកង ដូរពោះវៀនដាក់ពោះវៀនដូរអីចឹងទៅនៅកន្លែងខ្លះអត់មានទេ បងប្អូនអ្នករត់កងបីមានសមាគន៍និមួយៗ សមាគមន៍មានផ្សេងៗគ្នាតែថាតើពេលគាត់មានប៊េនគាត់កាងហាស៎ដូចថាតំបន់គាត់ទឹកដីគាត់អ្នកឯងចូលចិត្តមកឈរនៅហ្នឹង សូម្បីតែដាក់ម៉ូយចុះមិនទាន់ពន្លត់ app ស្រួលបួលឬពន្លត់ម៉ូតូស្រួលបួលគាត់ដេញយើងចេញតែករណីយើងស្រីគាត់អត់សូវហ៊ានដេញទេ ភាគច្រើនខ្ញុំឃើញចឹង ប៉ុន្តែប្រុសដូចចង់ស៊ីគ្នាហ្មង ចឹងខ្ញុំសំណូមពរឱ្យពួកគាត់ហ្នឹងប្រើបេះដូងខ្មែរដូចគ្នាប្រើចែក ចែកការចែករំលែកឱ្យគ្នា ព្រោះអីចាស៎ជាខ្មែរតែមួយទេ ចឹងទៅសូមចែករំលែកឱ្យគ្នាមានអាហារហូបបីពេលហ្នឹងផង ចាស៎យើងក៏ចង់រស់គេក៏ចង់រស់ដែរ ប៉ុន្តែយើងគួរមើលអ្នកដែលគាត់មកគោលដៅគាត់នេះ ទៅគោលដៅគេក៏ចឹងដែរ កុំប្រើសម្តីក្រអើតក្រទម ចេះឱនលំទោនដើម្បីបានអាហារបីពេលទាំងអស់គ្នា ខ្លះអាងខ្លះមានសម្តីមកយើងត្រូវចេះអធ្យាស្រ័យគ្នាចឹងដែរ»។

អត្ថបទខ្លីសរសេរដោយ អេនម៉ាឌី សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC)៕

 

Share

Image
Image
Image