en     km
en     km

ប្រទេសថៃរកឃើញអ្នកស្លាប់ដោយសារជំងឺអុតស្វាជាលើកដំបូង

Share

អាជ្ញាធរសុខាភិបាលរបស់ប្រទេសថៃបានរាយការណ៍ឱ្យដឹងថា ថ្វីបើជំងឺអុតស្វាបានផ្ទុះរាតត្បាតពេញទ្វីបអាហ្វិក សហភាពអ៊ឺរ៉ុប សហរដ្ឋអាមេរិក និងអូស្តា្រលីកាលពីឆ្នាំ២០២២ ក៏ប៉ុន្តែនៅក្នុងឆ្នាំ២០២៣នេះ ជំងឺអុតស្វាហាក់ស្ងៀមស្ងាត់ ពោលគឺមិនមានទិន្នន័យអ្នកឆ្លងកើនឡើងគួរជាក្តីកង្វល់នោះទេ។ ដោយឡែកកាលពីសប្តាហ៍មុននេះ ប្រទេសថៃបានប្រកាសថា ខ្លួនបានរកឃើញអ្នកស្លាប់ដោយសារជំងឺអុជស្វាម្នាក់ជាលើកដំបូងបង្អស់នៅក្នុងប្រទេសនេះ។

(កញ្ញា កែវ សុជាតា រាយការណ៍)

អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺនៅក្នុងប្រទេសថៃ លោកវេជ្ជបណ្ឌិត Tares Krassanairawiwong បាននិយាយនៅថ្ងៃច័ន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣នេះថា ប្រទេសថៃរកឃើញអ្នកស្លាប់ដោយសារជំងឺអុតស្វាជាលើកដំបូងបង្អស់កាលពីសប្តាហ៍មុន។ អ្នកជំងឺដែលបានស្លាប់មានវ័យ ៣៤ ឆ្នាំ និងមានសញ្ជាតិជាជនជាតិថៃដែលគេរកឃើញថាមានផ្ទុកទាំងមេរោគអេដស៍ និងជំងឺអុតស្វា។

ដំបូងឡើយនៅថ្ងៃទី៣ ខែកក្កដា អ្នកជំងឺចាប់ផ្តើមមានអាការៈគ្រុនក្តៅ ឈឺក្បាល រមាស់ និងឡើងកន្ទួលពេញដងខ្លួន។ យ៉ាងណា អ្នកជំងឺនៅតែព្យាយាមស្វែងរកសេវាព្យាបាលសុខភាពនៅមន្ទីរពេទ្យនានា

ខណៈអាការៈរបស់លោកមិនបានធូរស្រាលអ្វីសោះឡើយ។ ដោយសារតែអ្នកជំងឺមានផ្ទុកមេរោគអេដស៍ផងនោះ ការឆ្លងនៃមេរោគឱកាសនិយមផ្សេងៗ បានបង្កជាហានិភ័យមួយកម្រិតទៀតដល់អ្នកជំងឺ រហូតឈានដល់ការបាត់បង់ជីវិតនៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។

ទោះបីជាយ៉ាងណាក៏ដោយ លោក​វេជ្ជបណ្ឌិត Tares បាន​គូសបញ្ជាក់​បន្ថែមទៀតថា ជំងឺអុត​ស្វានេះកំពុងឆ្លងរីករាលដាលពាសពេញប្រទេសថៃ​ ហើយបើគិត​ត្រឹម​ថ្ងៃ​ទី​៨ ខែសីហា គេបានរកឃើញអ្នកឆ្លងជំងឺនេះមានចំនួន​១៨៩​ករណី ដែលក្នុង​នោះ​មាន​ជនជាតិ​ថៃ​ចំនួន១៦១​នាក់ និង​ជនបរទេសមានចំនួន​២៨​នាក់។លោក​បាន​អះអាង​ថា អ្នកឆ្លងជំងឺនេះ​ភាគ​ច្រើនសុទ្ធសឹង​ស្ថិត​ក្នុង​ចំណោម​បុរស​​រួម​ភេទ​ជាមួយបុរស​ដូចគ្នា។ តាមទិន្នន័យបានបង្ហាញថា  អ្នកឆ្លងជំងឺអុតស្វាជាង ៤៣% ក៏មានផ្ទុកនូវ​មេរោគ​អេដស៍​ផងដែរ។

ដោយឡែក អនុប្រធាននៃនាយកដ្ឋានគ្រប់គ្រងជំងឺ លោកវេជ្ជបណ្ឌិត Sophon Iamsirithaworn បាននិយាយថា អ្នកស្លាប់នៅទូទាំងពិភពលោកដោយសារជំងឺនេះមានចំនួន ១៥២ នាក់ដោយរាប់ចាប់តាំងពីការផ្ទុះជាលើកដំបូងក្នុងខែឧសភា ឆ្នាំ២០២៣។ សូមជម្រាបថា ជំងឺអុតស្វា ឬ Monkeypox គឺជាជំងឺរាតត្បាតមួយដែលផ្ទុះឡើងជាលើកដំបូងនៅទ្វីបអាហ្រ្វិក។ មេរោគនេះបណ្តាលឱ្យមានរោគសញ្ញាដូចជាជំងឺផ្តាសាយ និងដំបៅលើស្បែកជាដើម៕

ប្រភព៖ Bangkok Post ចុះថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣

Share

Image
Image
Image