en     km
en     km

ស្ថាប័នបវរកញ្ញាចក្រវាឡបិទអាជ្ញាប័ណ្ណអាជីវកម្មនៅឥណ្ឌូនេស៊ីភ្លាមៗក្រោយផ្ទុះការបៀតបៀនផ្លូវភេទលើបេក្ខនារី

Share

ប្រភព៖ CNN ចុះថ្ងៃច័ន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣
នៅថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០២៣ ស្ថាប័នបវរកញ្ញាចក្រវាឡ (Miss Universe) បានចេញសេចក្តីថ្លែងការណ៍មួយថា ស្ថាប័នបានប្រកាសបិទអាជ្ញាប័ណ្ណអាជីវកម្មឬហ្វេ្រនឆាយនៅប្រទេសឥណ្ឌូនេស៊ីភ្លាមៗ ក្រោយផ្ទុះដំណឹងថាអ្នករៀបចំកម្មវិធីបង្ខំឱ្យបេក្ខនារីដោះសម្លៀកបំពាក់ និងបៀតបៀនកេរិ៍្តខ្មាសបេក្ខនារី។ ជាងនេះទៅទៀត ស្ថាប័នបវរកញ្ញាចក្រវាឡក៏បានប្រកាសលុបចោលការប្រកួតបវរកញ្ញានៅក្នុងប្រទេសម៉ាឡេស៊ីក្នុងឆ្នាំនេះផងដែរ។
(កញ្ញា កែវ សុជាតា រាយការណ៍)
តាមសារព័ត៌មាន CNN បានឱ្យដឹងថា ស្ថាប័នបវរកញ្ញាចក្រវាឡសម្រេចផ្តាច់កុងត្រាជាមួយនឹងនាយិកាគ្រប់គ្រងហ្វេ្រនឆាយនៅប្រទេសឥណ្ឌូនេស៊ី ពោលគឺអ្នកស្រី Poppy Capella ចាប់ពីថ្ងៃសៅរ៍ ទី១២ ខែសីហានេះតទៅ ក្រោយបេក្ខភាពបវរកញ្ញាឥណ្ឌូនេស៊ីត្រូវបានអ្នករៀបចំកម្មវិធីបៀតបៀនផ្លូវភេទ។
សូមបញ្ជាក់ត្រង់នេះបន្តិចថា ពាក្យអាជ្ញាប័ណ្ណអាជីវកម្ម ឬ ហ្វ្រេនឆាយ គឺជាកិច្ចសន្យារវាងម្ចាស់អាជីវកម្មនិងម្ចាស់ក្រុមហ៊ុនមេ ដែលបានផ្តល់សិទ្ធិឱ្យចែកចាយសេវាកម្ម ឬផលិតផលរបស់ក្រុមហ៊ុនមេ។ ម្ចាស់អាជីវកម្មដែលទិញហ្វេ្រនឆាយពីក្រុមហ៊ុនមេ ត្រូវគេហៅថា អ្នកកាន់ហ្វ្រេនឆាយ(Franchisor)។


តាមប្រភពសារព័ត៌មានដដែលបានឱ្យដឹងទៀតថា ស្ថាប័នបវរកញ្ញាចក្រវាឡកំពុងខឹងសម្បារជាខ្លាំងនឹងហេតុការណ៍នេះ ដ្បិតកម្មវិធីរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ស្រ្តីភេទមិនមែនជាន់ពន្លិចនោះទេ។
តួយ៉ាង កាលពីពេលថ្មីៗនេះ បេក្ខភាពបវរកញ្ញាឥណ្ឌូនេស៊ីជាច្រើននាក់បានដាក់ពាក្យបណ្តឹងជុំវិញករណីដែលអ្នករៀបចំកម្មវិធីនៅក្នុងស្រុក បានបៀតបៀនផ្លូវភេទរបស់ពួកគេ។ បេក្ខនារីទាំងនេះបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃច័ន្ទ ទី៧ ខែសីហានេះថា ការត្រួតពិនិត្យរូបរាងកាយធ្វើឡើងនៅក្នុងបន្ទប់សម្ងាត់មួយ ក៏ប៉ុន្តែក៏មានបុរសមួយចំនួនមានវត្តមាននៅក្នុងនោះផងដែរ។ ជាពិសេសទ្វារបន្ទប់ត្រួតពិនិត្យនេះ មិនបានបិទជិតនោះទេ ដែលជាហេតុធ្វើឱ្យបេក្ខនារីជាច្រើន មានអារម្មណ៍ថាមិនមានសុវត្ថិភាព និងត្រូវបានអ្នករៀបកម្មវិធីទាំងនេះបំពានសិទ្ធិពួកគេ។
តំណាងស្ថាប័នបវរកញ្ញាចក្រវាឡ (Miss Universe) បាននិយាយថា ការរៀបចំកម្មវិធីប្រកួតក្នុងស្រុករបស់ប្រទេសឥណ្ខូនេស៊ី ហាក់មិនសមស្របតាមស្តង់ដាម៉ាកយីហោ ក្រមសីលធម៌ ឬការរំពឹងទុករបស់ស្ថាប័នដូចដែលមានចែងនៅក្នុងសៀវភៅណែនាំនោះទេ។ តំណាងរូបនេះបានបន្ថែមទៀតថា អ្នករៀបចំកម្មវិធីត្រូវធ្វើយ៉ាងណាឱ្យបេក្ខភាពចូលរួមប្រកួតប្រជែងទាំងអស់ មានអារម្មណ៍សុខសុវត្ថិភាព មិនភ័យខ្លាច និងទទួលបានការមើលថែទាំយ៉ាងដិតដល់បំផុត ហើយមិនហួសពីព្រំដែនកំណត់។


ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រី Capella បានបង្ហោះសារលើបណ្តាញសង្គម Instagram របស់ខ្លួនថា អ្នកស្រីនឹងមិនអត់ឱនចំពោះជនណាមួយ ដែលប្រព្រឹត្តិអំពើអបាយមុខ ជាពិសេសគឺការបៀតបៀនផ្លូវភេទទៅលើស្រ្តី ដែលជាបេក្ខភាពប្រកួតប្រជែង។ អ្នកស្រីបានអះអាងក្នុងនាមជានាយិកាគ្រប់គ្រង និងជាម្ចាស់អាជ្ញាបណ្ណបវរកញ្ញាចក្រវាលឥណ្ឌូនេស៊ីថា អ្នកស្រីមិនបានពាក់ព័ន្ធទាល់តែសោះ សូម្បីតែស្គាល់ បញ្ជា ស្នើសុំ ឬអនុញ្ញាតឱ្យជនខូចខិលណាម្នាក់បៀតបៀនផ្លូវភេទបេក្ខនារីនៅអំឡុងពេលពិនិត្យរូបរាងកាយ។
សូមជម្រាបថា កម្មវិធីប្រឡងបវរកញ្ញាចក្រវាឡ (Miss Universe) នេះ ជាកម្មវិធីលំដាប់ថ្នាក់អន្តរជាតិមួយ ដែលបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពយេនឌ័រ ជាពិសេសជាវេទិកាសម្រាប់ស្រ្តីក្លាហានហ៊ានចែករំលែករឿងរ៉ាវរបស់ខ្លួនទៅពិភពលោក បំផុសគំនិត និងជាគំរូដល់សហគមន៍ និងអ្នកគាំទ្ររបស់ពួកគេដែលនៅជុំវិញពិភពលោក។ កម្មវិធីនេះទៀតសោត បានលើកទឹកចិត្តឱ្យបេក្ខភាពស្រ្តីតំណាងឱ្យប្រទេសនៅលើសកលលោក បើកបង្ហាញនូវការតស៊ូមតិសម្រាប់អនាគតរបស់ស្ត្រីគ្រប់រូប។
យ៉ាងណាមិញ ស្ថាប័នបវរកញ្ញាចក្រវាលបានសន្យាថា ស្ថាប័ននឹងវាយតម្លៃលើគោលការណ៍ និងនីតិវិធីរបស់ខ្លួនសារជាថ្មី ដើម្បីកំណត់ និងជៀសវាងបញ្ហាស្រដៀងគ្នានេះអាចកើតមានឡើងនាពេលអនាគត។ តាមហេតុការណ៍ខាងលើ ស្ថាប័នថា កម្មវិធីនឹងមិនតម្រូវឱ្យមានការវាស់វែងវិមាត្រដងខ្លួនទៀតនោះទេ៕

Share

Image
Image
Image