en     km
en     km

គ.ជ.ប បង្ហាញចំណុចខ្វះខាតចំនួន៥ ដែលត្រូវកែប្រែក្នុងការបោះឆ្នោតលើកក្រោយ

Share

ទោះការបោះឆ្នោតទទួលបានជោគជ័យ តែ គ.ជ.ប បញ្ជាក់ថា នៅមានចំណុចខ្វះខាតមួយចំនួនដែលត្រូវចូលរួមកែប្រែសម្រាប់ការបោះឆ្នោតលើកក្រោយ និងដោះស្រាយឱ្យបានល្អនូវចំណុចទាំងនោះ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានលើកពីបញ្ហាចំនួន៥ ដែលជាចំណុចខ្វះខាតក្នុងការបោះឆ្នោត និងត្រូវចូលរួមធ្វើការពិភាក្សាគ្នា ក្នុងការដោះស្រាយឲ្យបានល្អនូវចំណុចទាំងនោះ ដើម្បីឲ្យការបោះឆ្នោតលើកក្រោយកាន់តែទទួលបាននូវលទ្ធល្អជាងនេះទៀត។

លោក នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានលើកពីចំណុចទាំង៥នេះ ក្នុងសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ នាខេត្តបាត់ដំបង។  ចំណុចខ្វះខាតធំៗចំនួន៥ ដែលត្រូវដោះស្រាយនោះរួមមាន ទី១-ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ។ ទី២-ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះ និងនីតិវិធីនៃការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង។

រីឯទី៣-ការឃោសនាបោះឆ្នោត និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយក្នុងដំណើរការ។ ទី៤-ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត និងទី៥-ការបណ្តុះបណ្តាល និងការអប់រំអ្នកបោះឆ្នោត ។ នេះបើតាមប្រភពពីរដ្ឋបាលខេត្តបាត់ដំបង។

យ៉ាងណាការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅគេសង្កេតឃើញគណបក្សនយោបាយទាំងអស់បានទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតរបស់ខ្លួន ដោយគ្មានការតវ៉ា។ គ.ជ.ប បានចាត់ទុកការបោះឆ្នោតនីតិកាលថ្មីនេះ ថាជាការជោគជ័យមួយ ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការបោះឆ្នោត ប្រតិទិន និងផែនការមេ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធមួយចំនួនទៀត។

តែបែបនេះក្ដីក៏មានការវាយតម្លៃពីបរទេសដែរ ដោយខ្លះបានទទួលស្គាល់ពីការបោះឆ្នោតឆ្នោតនៅកម្ពុជាថា ស្របតាមលទ្ធិប្រជាធិបតេយ្យ និងប្រទេសខ្លះថា ការបោះឆ្នោតនៅនីតិកាលទី៧នេះ មិនមានប្រជាធិបតេយ្យពេញលេញនោះទេ ដោយខ្វះការចូលរួមពីគណបក្សដ៏មានប្រជាប្រិយភាពចូលរួម គឺបក្សភ្លើងទៀន។ ស្របពេលជាមួយគ្នា គណបក្សនេះ បានព្យាយាមសារជាថ្មី ចរចារជាមួយក្រសួងមហាផ្ទៃ ក្រោយការបោះឆ្នោត ដើម្បីចូលរួមក្នុងកាតបោះឆ្នោតស្រុក ខណ្ឌនៅឆ្នាំ២០២៤៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង